ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ៖ ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទ Gumball 3000

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​បញ្ចប់​ការ​ជជែក​តតាំង​គ្នា ពាក់ព័ន្ធ​នឹង​ប្រធានបទ Gumball 3000 ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​បញ្ចប់​ការ​ជជែក​តតាំង​គ្នា ពាក់ព័ន្ធ​នឹង​ប្រធានបទ Gumball 3000 ។ ការ​ស្នើ​របស់​សម្តេច​ធិ​បតី បន្ទាប់​ពី​មានការ​ជជែក​គ្នា​របស់​សាធារណៈជន​មួយ ពិសេស​នោះ​ប្អូនស្រី កន្និដ្ឋា (The Kanitha Show) ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​បានឃើញ​ហើយ​នូវ​វី​ឌី​អូ​របស់​ប្អូន និង​សូម​អរគុណ ។ ខ្ញុំ​មិន​បាន​ប្រកាន់​ខឹង​នឹង​ប្អូនស្រី​នោះ​ទេ ព្រោះ​ការ​បញ្ចេញមតិ​របស់​ប្អូនស្រី​ពាក់ព័ន្ធ​នឹង​កម្មវិធី Gumball 3000 គឺ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែល​កម្មវិធី​នេះ​អាច​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​របស់​ខ្មែរ​យើង និង​ប៉ះពាល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ប្អូនស្រី​ថា ការ​រៀបចំ​ទទួល​ក្រុម​ប្រតិភូ Gumball 3000 គឺជា​ការ​ផ្ដួចផ្ដើម​គំនិត​របស់​វិស័យ​ឯកជន​កម្ពុជា ដែល​ចង់​ទាញ​យក​ឱកាស​ដែល​កម្មវិធី Gumball 3000 ឆ្លងកាត់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បង្ហាញ​បន្ថែម​ឲ្យ​ពិភពលោក​បានឃើញ​អំពី​សុខ​សន្តិភាព ស្ថិរភាព ភាព​ស្រស់​ស្អាត របស់​ប្រទេស​កម្ពុជា ភាពរួស​រាយ រាក់ទាក់ ទន់ភ្លន់​របស់​ប្រជាជន​ខ្មែរ​យើង​ក៏​ដូច​ជា ស្គាល់​វប្បធម៌ សិល្បៈ និង​សម្បត្តិ​បេតិកភណ្ឌ​ដែល​ដូនតា​របស់​យើង​បាន​កសាង ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​នោះ​ក៏​មាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​តាម​រយៈ​ការ​កៀរគរ​ថវិកា ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​ផ្ដល់​ផលប្រយោជន៍​ផ្ទាល់​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​យើង​ក្នុង​ការ​ថែទាំ និង​ព្យាបាល​សុខភាព ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ការ​រៀបចំ​កម្មវិធី​នេះ​ដោយ​គិតគូរ​ទាំង​ជ្រុង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា និង​ការ​ការពារ​តម្លៃ​នៃ​វប្បធម៌​របស់​យើង ជា​ពិសេស​ការ​គោរព​នៅ​ក្នុង​តំបន់​ប្រាសាទអង្គរវត្ត ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖« ជា​ការ​ពិត​ណាស់​មានការ​យល់​ឃើញ និង​បញ្ចេញ​ទស្សនៈ​ខុស​គ្នា​ចំពោះ​ការ​រៀបចំ​កម្មវិធី​នេះ ហើយ​វា​មិនមែន​ជា​បញ្ហា​ទេ ចំពោះ​ការ​បញ្ចេញ​ទស្សនៈ​ខុស​គ្នា​នោះ ។ អ្វី​ដែល​ខ្ញុំ​សោកស្តាយ គឺថា ការ​បញ្ចេញ​ទស្សនៈ​ខុស​គ្នា​ចំពោះ​កម្មវិធី​នេះ​បាន​ក្លាយទៅជា​ប្រធានបទ​ដែល​នាំ​ឱ្យ​បងប្អូន​ខ្មែរ​យើង​ជជែក​តតាំង​គ្នា រហូត​ឡើង​កំ​ដៅ​ខ្លាំង​លើស​ពី​ការ​ចាំបាច់​» ។

សម្តេច​ថា ៖ Gumball 3000 បាន​ឆ្លង​ចេញពី​ប្រទេស​កម្ពុជា​ច្រើន​ថ្ងៃ​ទៅ​ហើយ នៅឡើយ​ការ​ជជែក​តតាំង​គ្នា​យក​ចាញ់​ឈ្នះ​មិន​ទាន់​ចប់​ពាក់ព័ន្ធ​ប្រធានបទ​នេះ ។ ខ្ញុំ​គិត​ថា ល្មម​ដល់​ពេល​បញ្ចប់​ការ​ជជែក​តតាំង​គ្នា​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ​ហើយ ហើយ​យើង​នាំ​គ្នា​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ក្នុង​សម័យ​សន្តិភាព ។ ខ្ញុំ​សូម​អរគុណ​ប្អូនស្រី​ដែល​បាន​យល់​អំពី​គោលបំណង​នៃ​ការ​រៀបចំ​ទទួល​កម្មវិធី Gumball 3000 នៅ​កម្ពុជា ទោះជា​ការ​រៀបចំ​មាន​ទិដ្ឋភាព​ខ្លះ​មិន​ស្រប​ជាមួយនឹង​គំនិត​របស់​ប្អូន​ក៏​ដោយ ។ សូម​ជូនពរ​ប្អូន និង​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ