ការសិក្សាថ្មីមួយបានរកឃើញថា ការដាក់តាំងរុក្ខជាតិឬផ្កាដែលដាំក្នុងផើងនៅក្នុងការិយាល័យធ្វើការផ្តល់ផលល្អដល់សុខភាពរបស់អ្នក ។ ការស្រាវជ្រាវបានរកឃើញថា វត្តមានរុក្ខជាតិដាំក្នុងផើងនៅតាមការិយាល័យធ្វើការអាចជួយកាត់បន្ថយការអស់កម្លាំង ភាពតានតឹងក្នុងអារម្មណ៍ (Stress) ការស្ងួត.ក ឈឺក្បាល ក្អក ព្រមទាំងការពារស្បែកបុគ្គលិកមិនឱ្យស្ងួតទៀតផង ។
នៅក្នុងការពិសោធលើបុគ្គលិកការិយាល័យ៣៨៥នាក់ បណ្តាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រជីវិតប្រទេសន័រវែស និងសាកលវិទ្យាល័យ Uppsala University ប្រទេសស៊ុយអែតបានពិនិត្យអត្រាធូរស្បើយពីជំងឺនិងចំនួននៃរុក្ខជាតិដែលបុគ្គលិកម្នាក់ៗបានមើលឃើញអំឡុងពេលបំពេញការងាររបស់ពួកគេ ។ ជាលទ្ធផលបានបង្ហាញថា បុគ្គលិកដែលឃើញរុក្ខជាតិទាំងនោះកាន់តែច្រើនដង អត្រាប្រឈមនឹងជំងឺរបស់ពួកគេកាន់តែតិចទៅៗ ។
មូលហេតុខាងលើនេះ តាមការពន្យល់មួយបានបញ្ជាក់ថា គឺដោយសារតែរុក្ខជាតិ និងអតិសុខុមប្រាណនៃដីក្នុងផើងអាចស្រូបយកបានយ៉ាងល្អនូវសារធាតុហើរក្នុងខ្យល់ដែលជាសមាសធាតុបង្កការប៉ះពាល់ដល់សុខភាព ។ លោកស្រីវេជ្ជបណ្ឌិត ប្រ៊ីងស្ល៊ី ម៉ាក បានថ្លែងថា ៖ «ការពន្យល់តាមបែបចិត្តសាស្ត្រមួយទៀតគឺថា នៅក្នុងជំនឿមនុស្សយើង រុក្ខជាតិគឺជាអ្វីដែលធ្វើឱ្យពួកគេមានសុខភាព» ។
ចំណែករបាយការណ៍មួយពីសាកលវិទ្យាល័យ Washington State បានបញ្ជាក់ថា ផ្កាឬរុក្ខជាតិដែលដាំក្នុងផើងផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់បណ្តាអ្នកធ្វើការក្នុងការិយាល័យទាំងឡាយដែលគ្មានបង្អួច ។ ក្រុមអ្នកសិក្សានៅអាមេរិករកឃើញថា វត្តមានរបស់រុក្ខជាតិដាំក្នុងផើងតម្កល់ទុកក្នុងការិយាល័យបិទជិតទាំងនេះបានជួយកាត់បន្ថយភាពតានតឹង ក៏ដូចជាសម្ពាធឈាមឱ្យស្ថិតនៅកម្រិតទាបបំផុត ។
លោកស្រីវេជ្ជបណ្ឌិត Virginia Lohr អ្នកដឹកនាំការស្រាវជ្រាវនិយាយថា វត្តមានរុក្ខជាតិដាំក្នុងផើងជួយកាត់បន្ថយកម្រិតធូលីនៅកន្លែងធ្វើការបានដល់ទៅជាង២០% ជាពិសេសនៅពេលដែលស្លឹករុក្ខជាតិចាប់ផ្តើមលាស់ ។ កាលណាស្លឹកកាន់តែធំ រុក្ខជាតិផលិតអុកស៊ីសែនបានកាន់តែច្រើន ហើយបន្ទាប់មកវាមានលទ្ធភាពអាចជួយបំបែកសារជាតិពុលនៅក្នុងខ្យល់អាកាស ៕
ចែករំលែកព័តមាននេះ