ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទប៉ុនប៉ងប្រព្រឹត្តអំពើមនុស្សឃាតនៅ៣កន្លែងផ្សេងគ្នា កាលពីយប់ថ្ងៃទី២៩ កញ្ញា នៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ។
ជនសង្ស័យទាំង៤នាក់នេះមាន១-ឈ្មោះ លី ឈិនឡុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត (ជាអ្នកកាន់ដាវសាមូរ៉ៃ) ២-ឈ្មោះ ឌី វិចែម ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត (កាន់កាំបិតប៉័ងតោ) ៣-ឈ្មោះ ហេង ស៊ីនួន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ជាអ្នកដឹកជនសង្ស័យទាំង២នាក់ និង៤-ឈ្មោះ ឡាយ លាភ ភេទប្រុស អាយុប្រមាណជា២២ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល (យកដាវសាមូរ៉ៃដេញកាប់ជនរងគ្រោះ) ។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យដឹងថា ហេតុការណ៍ប៉ុនប៉ងប្រព្រឹត្តអំពើមនុស្សឃាតខាងលើ កើតមានឡើងនៅ៣កន្លែងផ្សេងគ្នា ។ លើកទី១ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ នៅចំណុចផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត គឺជនសង្ស័យ៣នាក់ ១-ឈ្មោះ លី ឈិនឡុង ២-ឈ្មោះ ឌី វិចែម និង៣-ឈ្មោះ ហេង សុីនួន បាននាំគ្នាដេញកាប់ជនរងគ្រោះឈ្មោះ សឹង បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ តែមិនបានសម្រេច ព្រោះរត់ចូលផ្ទះទាន់ ដោយសារជម្លោះពីរឿងជិះម៉ូតូប៉ះគ្នាកាលពី៣ខែមុន ។
លើកទី២ កើតឡើងនៅវេលាម៉ោង៨យប់ នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ។ ជនសង្ស័យឈ្មោះ ឡាយ លាភ បានយកដាវសាមូរ៉ៃ ដេញកាប់ជនរងគ្រោះ ឈ្មោះ គង់ ណាត ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ ប៉ុន្តែមិនរងរបួសទេ ព្រោះរត់ឱ្យគេជួយទាន់ ដែលករណីនេះកើតឡើងព្រោះជម្លោះពាក្យសម្តី ។
លើកទី៣ កើតឡើងនៅវេលាម៉ោង៨យប់ដែរ នៅផ្សាររ៉ាថ្មី ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ។ ជនសង្ស័យម្នាក់ ឈ្មោះ ធឿន ភេទប្រុស អាយុប្រមាណ២០ឆ្នាំ ជាកម្មករជ្រែទំនិញពីប្រទេសថៃ ស្នាក់នៅក្នុងភូមិក្បាលស្ពាន១ បានយកកាំបិតប៉័ងតោកាប់ជនរងគ្រោះឈ្មោះ រី វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ និងជាកម្មករជ្រែទំនិញដូចគ្នា កាប់ចំក្បាលមួយប៉័ងតោ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទាំងយប់ ។
ចែករំលែកព័តមាននេះ