ដំបូន្មានពីអ្នកជំនាញដែលឱ្យមនុស្សទូទៅគួរចៀសវាងកម្តៅថ្ងៃបានក្លាយជាមន្ទិលសង្ស័យក្រោយពីការសិក្សាមួយបញ្ជាក់ថា សំដិលខ្លួនក្រោមពន្លឺថ្ងៃផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ។បើទោះជាមានការជាប់ពាក់ព័ន្ធគ្នាជាមួយមហារីកស្បែកក្តី តែក្រុមអ្នកស្រាវជ្រាវលើកនេះរកឃើញថា ការឱ្យខ្លួនប្រាណប៉ះនឹងពន្លឺថ្ងៃទំនងជាអាចកាត់បន្ថយហានិភ័យពីជំងឺគាំងបេះដូងនិងការស្លាប់មុនអាយុបាន ។
ក្រោយពីការវិភាគទៅលើកំណត់ត្រាសុខភាពរបស់មនុស្សវ័យ៤០ឆ្នាំឡើងទៅជាង៤លាននាក់ ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Copenhagen ប្រទេសដាណឺម៉ាករកឃើញថា អ្នកដែលត្រូវពន្លឺថ្ងៃច្រើនប្រឈមនឹងជំងឺគាំងបេះដូងតិចជាង៤ភាគរយធៀបនឹងក្រុមដែលមិនសូវត្រូវកម្តៅថ្ងៃ ខណៈអត្រាប្រឈមនឹងការស្លាប់ទាំងវ័យក្មេងមានប្រហែលជាពាក់កណ្តាលប៉ុណ្ណោះ ។ មួយវិញទៀត អ្នកដែលត្រូវពន្លឺថ្ងៃច្រើន ឆ្អឹងរបស់គេមានភាពរឹងមាំខ្លាំង ។
សរសេរនៅក្នុងរបាយការណ៍ចុះផ្សាយក្នុងព្រឹត្តិបត្រ International Journal of Epidemiology ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា៖ «ទិន្នន័យជាទូទៅបានបង្ហាញដោយត្រង់ថា ការសំដិលខ្លួនក្រោមពន្លឺថ្ងៃអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព ។ ហេតុដូច្នេះ ដំបូន្មានពីក្រុមអ្នកជំនាញដែលឱ្យមនុស្សទូទៅគួរចៀសវាងកម្តៅថ្ងៃអាចក្លាយជាការមន្ទិលសង្ស័យ»។
យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញអង់គ្លេសបានសង្កត់ធ្ងន់ថា មហារីកស្បែកបណ្តាលមកពីកាំរស្មីយូវីពិតជាមានសភាពធំធេង ។ វេជ្ជបណ្ឌិត Claire Knightមកពីមូលនិធិស្រាវជ្រាវមហារីកចក្រភពអង់គ្លេសបានថ្លែងថា៖«ការប៉ះត្រូវកាំរស្មីយូវីរបស់ព្រះអាទិត្យគឺជាមូលហេតុចម្បងរបស់មហារីកស្បែក ។ យើងទាំងអស់គ្នាពិតជាត្រូវការជាចាំបាច់នូវពន្លឺព្រះអាទិត្យដើម្បីផលិតវីតាមីន D ដែលជាតម្រូវការជីវិតជាពិសេសជួយឱ្យឆ្អឹងរឹងមាំ ។ ប៉ុន្តែ គន្លឹះសំខាន់គឺទទួលពន្លឺថ្ងៃដោយសុវិត្ថិភាពមិនបណ្តាលឱ្យស្បែករលាកជាំ» ៕
ចែករំលែកព័តមាននេះ