ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីននាដើមសប្តាហ៍នេះ ដូច្នេះយើងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះជាការបើកផ្លូវជំរុញវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ ប្រទេសហ្វីលីពិនមានទីផ្សារធំមួយនៅក្នុងតំបន់ដោយមានប្រជាពលរដ្ឋច្រើនមិនចាញ់វៀតណាម…

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីននាដើមសប្តាហ៍នេះ ដូច្នេះយើងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះជាការបើកផ្លូវជំរុញវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។

ប្រទេសហ្វីលីពិនមានទីផ្សារធំមួយនៅក្នុងតំបន់ដោយមានប្រជាពលរដ្ឋច្រើនមិនចាញ់វៀតណាម ឫ ថៃឡើយ។ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសនេះ កម្ពុជាហាក់នៅមានតិចតួចនៅឡើយមកដល់ពេលនេះ ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថា សម្តចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅរយ:ពេលពីរថ្ងៃចាប់ពី ថ្ងៃទី១០ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះ ក៏ជាដំណើរលើកដំបូងរបស់សម្តេចធិបតី ទៅបរទេសនៅដើមឆ្នាំ២០២៥ ទៅកាន់ប្រជាជាតិដែលដែលមាន ពលរដ្ឋជាង១១០លាននាក់ និង ជាប្រទេសដែលផ្តួចផ្ដើមនិងត្រួសត្រាយផ្លូវនៅក្នុងការបង្កើតអាស៊ានដែលជាអង្គការចាត់តាំងនយោបាយតំបន់ដ៏សំខាន់នៅលើពិភពលោក ខណៈដែលអាស៊ាននៅតែជាស្នូលនៃនយោបាយការបរទេសរបស់កម្ពុជា។

នៅក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិហ្វីលីពិននិងកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នាជាបន្តបន្ទាប់ ដោយឡែកទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ប្រទេសទាំងពីរក៏ប្រសើរ ដោយនៅក្នុងនោះ កម្ពុជាក៏មានសហគមន៍ជនជាតិហ្វីលីពីននៅកម្ពុជា ប្រមាណជាជិត១ម៉ឺននាក់រួចមកហើយ។

ពួកគេទាំងនោះបានកំពុងកសាងនូវមូលដ្ឋាននិងតួនាទីដ៏មានតម្លៃនៅក្នុងសង្គមដោយសារ ពួកគេអាចជាអ្នកជំនាញខាងផ្នែកទីផ្សារ វិស្វកម្ម សេវាកម្ម ហើយជាពិសេស គឺគ្រូបង្រៀនភាសាអង់គ្លេសនៅតាមសាលារៀនអន្តរជាតិនានា នៅរាជធានី និងទីប្រជុំជនមួយចំនួន។ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ លើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ រវាងប្រទេសទាំងពីគឺនៅមានកម្រិតនៅឡើយ។

របាយការណ៍ពាណិជ្ជបានបង្ហាញថា កាលពីឆ្នាំ២០២៤កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងហ្វីលីពីន គឺជា មានទំហំមិនសូវធំដូចជាវៀតណាម ថៃ ម៉ាឡេស៊ី ឡើយ។

ដូចដែលបានលើកឡើងខាងលើ ហ្វីលីពិនមានទីផ្សារធំ តែទំហំពាណិជ្ជរវាងប្រទេសទាំងពីរមាន តែតម្លៃត្រឹម ជាង៨៧ លានដុល្លារ ប៉ុណ្ណោះនៅក្នុងនោះកម្ពុជាអាច នាំចេញបានត្រឹមតែ ជិត៤៨លានដុល្លារប៉ុណ្ណោះ ហើយនាំចូលវិញគឺត្រឹមតែ ៣៩ជាង លានដុល្លារ ប៉ុណ្ណោះ។

ដោយឡែកវិនិយោគទុនវិញគឺសឹងមិនមាន ខុសពី ថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ជាដើម។ ទំនាក់ទំនងលើវិស័យទេសចរណ៍ក៏នៅមានកម្រិត ដោយ កាលពីឆ្នាំ២០២៤ កម្ពុជាអាចទាក់ទាញទេសចរហ្វីលីពីនត្រឹមតែជិត ៧ម៉ីននាក់ប៉ុណ្ណោះ ពោលគឺតិចជាងថៃ ដែលមានជាង ២ លាននាក់ វៀតណាម ជាង ១ លាននាក់ និងឡាវជាង ៨០ ម៉ឺននាក់ ។

ផ្អែកតាមមូលដ្ឋានទិន្នន័យខាងលើនេះ នៅពេល សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមដំណើរដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ហើយនិងថ្នាក់ដឹកនាំវិស័យឯកជននៃ សភាពាណិជ្ជកម្មកម្ពុជាបោះជំហានដល់ទីក្រុងម៉ានីលនាថ្ងៃច័ន្ទ អ្វីៗនឹងមានការរីកចម្រើនបន្ថែមទៀត ។

យើងសង្ឃឹមថា នៅពេលជួបទ្វេភាគីជាមួយ លោក ហ្វេឌីណង់ ម៉ាកូស (Ferdinand R. Marcos Jr.) ភាគីកម្ពុជានឹងជំរុញកិច្ចការនេះដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរ ហើយក៏សង្ឃឹមផងដែរថា មេដឹកនាំកម្ពុជានិងហ្វីលីពិន នឹងបង្កើនអ្វីដែលនៅខ្សោយអោយមានភាពរឹងមាំ។

ម្យ៉ាងវិញទៀតនៅក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចនេះក៏នឹងមានវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដែលសម្តេចធិបតីនឹងចូលរួម ហើយ ក្រៅពីនោះសម្តេចក៏នឹងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពិនមួយចំនួន ដែលសុទ្ធសឹងតែជាឱកាសដ៏វិជ្ជមានដើម្បីកម្ពុជាអាចបើកភ្នែកធុរជននៅប្រជាជាតិនេះ ឲ្យមើលឃើញពីសក្តានុពលនៃកម្ពុជា ។

សរុបទៅដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពិននាសប្តាហ៍នេះ យើងសង្ឃឹមថាវានឹងក្លាយជាព្រឹត្តិការណ៍ថ្មីមួយដែលនឹង រុញច្រានក៏ដូចជាបើកឱកាសមួយបង្កើតនិងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់ រវាងប្រទេសទាំងពីរ ហើយសំឡឹងទៅរកអ្វីដែលថ្មីបន្ថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ