រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃពីក្មេងស្រីម្នាក់ដល់ក្នុងផ្ទះបានសម្រេច បន្ទាប់មកបានគេចខ្លួនបាត់ ប៉ុន្តែ២ថ្ងៃក្រោយមកក៏ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4f4fccd03730adfcb7e3a2d419d6e2d3-6.jpg)
ជនសង្ស័យខាងលើឈ្មោះ ឈុំ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ១១C សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងត្រូវនគរបាលឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៦និង៤១នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះរបស់ខ្លួនខាងលើនោះតែម្ដង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/5d7b58555048f8427a37d1f132f1c866-3.jpg)
នគរបាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីព្រឹក ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃពីក្មេងម្នាក់កំពុងចុចនៅក្នុងផ្ទះលេខ B១៥ ផ្លូវលេខ០១ ភូមិត្រពាំងរំចេក ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ហើយក្រោយពេលឆ.ក់បានសម្រេចបានគេចខ្លួនបាត់ស្រមោល ។
នគរបាលបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤១នាទីល្ងាច លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/07baf426d6f26ee1ad7450d3483ad5c8-1.jpg)
ដោយមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះបាន ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះកម្លាំងនគរបាលដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KA-2635 ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។ បន្ទាប់មកបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a8432a5f31d8815dd6142b454035f722-5.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/ef25e9318215181213306280ef9c7b29.jpg)
ចែករំលែកព័តមាននេះ