ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែស្វាយ​ចន្ទី​ដែល​ជា​ទូទៅ​កសិករ​ទុក​ឲ្យ​ទុំ​ជ្រុះ​ចោល​ក្រោយ​ប្រមូល​ផល​យក​គ្រាប់​នោះ ត្រូវ​បាន​គេ​ដឹង​ថា អាច​យក​ទៅ​ច្នៃ​គា​.​បយក​ទឹក​រម្ងាស់​ធ្វើ​ជា​ស្ករ សម្រាប់​ទទួលទាន​បាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់…

ផ្លែស្វាយ​ចន្ទី​ដែល​ជា​ទូទៅ​កសិករ​ទុក​ឲ្យ​ទុំ​ជ្រុះ​ចោល​ក្រោយ​ប្រមូល​ផល​យក​គ្រាប់​នោះ ត្រូវ​បាន​គេ​ដឹង​ថា អាច​យក​ទៅ​ច្នៃ​គា​.​បយក​ទឹក​រម្ងាស់​ធ្វើ​ជា​ស្ករ សម្រាប់​ទទួលទាន​បាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ជា​ទូទៅ​សម្រាប់​ដំណាំ​ស្វាយចន្ទី ក្រៅពី​ប្រមូល​ផល​យក​គ្រាប់​ថ្លឹង​គីឡូ​លក់​អស់ហើយ កសិករ​កម្ពុជា​ភាគច្រើន​បាន​បោះបង់​ចោល​ផ្លែ​របស់​វា​ឡើង​គរ​ពេញ​ក្រោម​ដើម ។ នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​សំណល់​ផ្លែស្វាយ​ចន្ទី​រាប់​តោន​ត្រូវ​បោះចោល​ដោយ​គ្មាន​ការ​កៃ​ច្នៃ ហើយ​បើ​មាន គឺ​តិចតួច​ប៉ុណ្ណោះ ។

តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​គ្រាប់​កម្ពុជា​កាលពី​ឆ្នាំ​២០២៤ អាច​ទទួល​បាន​ចំណូល​លើ​ការ​នាំ​ចេញ​មាន​តម្លៃ​ដល់​ទៅ​ជិត​៥០៤ លាន​ដុល្លារ​ឯណោះ ហើយ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២៣​ឃើញ​ថា ចំណូល​នេះ​កើនឡើង​ជាង​៣១​ភាគរយ ។

ដំណាំ​នេះ​មាន​សក្តានុពល​ធំធេង​ខាង​គ្រាប់ រីឯ​សាច់​ផ្លែ​របស់​វា​ដែល​មាន​រសជាតិ​ផ្អែម​ចត់​ៗ ហើយ​មាន​សារធាតុរ​មាស់ក គឺ​ក្រៅពី​អ្នកស្រុក​អ្នក​ភូមិ​យក​មក​ទទួលទាន​លេង​ៗ​ដូច​ជា ជ្រលក់​អំបិល​បុក​ម្ទិះ ក៏​ដូច​ជា​ទឹកត្រី​ស្ករ ។ កន្លង​មក មានការ​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​ស្រា​ខ្លះ​ដែរ ប៉ុន្តែ​មិន​ច្រើន​ទេ ហើយ​នៅ​ពេល​ដែល មានការ​បង្ហើប​រឿង​អាច​ច្នៃ​ធ្វើ​ស្ករ​បាន វា គឺជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​កសិករ​ចាប់អារម្មណ៍ ។

លោក សាញ់ រតនៈ ជា​ពលរដ្ឋ​វ័យ​៥៦​ឆ្នាំ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ធ្លាប់​ឭ​តែ​កសិករ​យើង​យក​ទឹកត្នោត និង​អំពៅ​ទេ​យក​ទៅ​ធ្វើ​ស្ករ ហើយ​ការ​យក​ស្វាយចន្ទី​ទៅ​ធ្វើ​ស្ករ​កន្លង​មក គឺ​ឃើញ​តាមតែ​ហ្វេ​ស​បុក​នៅ​ស្រុក​ឥណ្ឌា ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា លោក​គ្រាន់តែ​ឭ​តាម​ហ្វេ​ស​បុក​មិនសូវ​ជឿ តែ​ដល់​ឭ​ខាង​កសិកម្ម​បាន​និយាយ គឺ​ជឿ​តែ​ម្តង ហើយ​លើក​ឡើង​ថា សង្ឃឹមថា​ក្រសួង​នឹង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ហើយ​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ ដើម្បី​ឲ្យ​កសិករ​អាច​ទាញ​ផល​ពី​ដំណាំ​នេះ​បាន​បន្ថែម ដើម្បី​បង្កើន​ប្រាក់​ចំណូល ។

លោក​បាន​ឲ្យ​ដឹង​ថា ស្វាយចន្ទី​មួយ​ដើម​ៗ​ក្រោយ​ប្រមូល​គ្រាប់​យក​លក់​គេ​បោះចោល​សាច់​វា​រាប់​គីឡូ ដូច្នេះ​បើ​អាច​ច្នៃ​គៀប​យក​ទៅ​រង្វាស់​ធ្វើ​ជា​ស្ករ​បាន​ប្រសើរ​មែនទែន ។ កសិករ​អាច​រក​ចំណូល​បន្ថែម​មួយ ផ្នែក​បន្ថែម​ពីលើ​គ្រាប់ ។

ពាក់ព័ន្ធ​នឹង​ការ​យក​ស្វាយចន្ទី​ទៅ​ច្នៃ​ចេញ​ជា​ស្ករ​នេះ​លោក ឃឹម ហ្វី​ណ​ង់ បាន​ឲ្យ​ដឹង​ថា អ្នកជំនាញ​កម្ពុជា​ម្នាក់ គឺ​លោក​បណ្ឌិត ចាយ ជី​ម ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម គឺជា​អ្នក​ដែល​បាន​សាកល្បង ។

លោក​បាន​បន្ត​ថា លោក​បណ្ឌិត​បាន​យក​ផ្លែស្វាយ​ចន្ទី​២.៣១៣ ក្រាម ហើយ​គៀប​យក​ទឹកបាន​ប្រមាណ​ជា​១.៧៦៣ មី​លី​លី​ត្រ ក្រោយ​ពេល​យក​ទៅ​រម្ងាស់​ហើយ​កូ ក្នុង​រង្វង់​១​ម៉ោង​កន្លះ គឺ​ផលិត​បាន​ស្កស្វាយ​ចន្ទី​បាន​ប្រមាណ​ជា​១៦០ ក្រាម​ដែរ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា រាល់​ថ្ងៃនេះ​ក្រៅពី​គ្រាប់ស្វាយចន្ទី ផ្លែ​របស់​វា​មិន​ទាន់​ត្រូវ​បាន​គេ​យក​មក​ប្រើ​ឱ្យ​មាន​ប្រយោជន៍​នៅឡើយ ហើយ​មាន​បរិមាណ​ច្រើន​ណាស់​ដែល​ជា​សក្តានុពល​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ ។ បញ្ហា​ប្រឈម​ធំ​មួយ គឺ​ត្រូវ​ធានា​ឱ្យ​បាន​ថា ផ្លែ​ទាំងនោះ​មិន​មាន​លាយឡំ​ជាមួយនឹង​ថ្នាំ​កសិកម្ម​បាញ់​បំប៉ន​ឡើយ បើ​មិន​ដូច្នេះ​ទេ​ស្ករ​ដែល​ផលិត​បាន​ក៏​មាន​សារធាតុ​ទាំងនោះ​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​ច្នៃ​ស្ករ​ចេញពី​ផ្លែ​សា្វ​យ​ចន្ទី​នេះ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ នី ដា​នី​ន បាន​ចេញ​មក​បញ្ចេញយោបល់​ថា ផល​ស្ករ​ពី​ការ​រម្ងាស់ គឺ​មាន​រសជាតិ​ឆ្ងាញ់​តែ​បង្កប់​ភាព​ចត់​ៗ​នៅ​ក្នុង​ស្ករ​បន្តិច ។

ដោយឡែក ប្រជាពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​ចង់​សាក​ស្ករ​ស្វាយចន្ទីរ​នេះ​ដែរ ដោយ​លើក​ឡើង​ថា ហូប​ស្ករ​ពី​ស្វាយចន្ទី គឺ​យ៉ាង​ហោច​ណាស់​ក៏​ល្អ​ជាង​ហូប​ស្ករ ដែល​គេ​ចម្រាញ់​ពី​ប្រេងឆា​គេ​ចាក់ចោល​ជាមួយនឹង​ម្សៅ​មី​លាយ​ស្ករស​យក​មក​លក់​អោយ​យើង​ទទួលទាន​ដែរ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២៤ មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​សរុប​ជាង​៥៨​ម៉ឺន​ហិច​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ