ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ WTO ហើយ​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​របស់​ត្រាំ

9 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេ​ស​ចិន​ចាប់​ផ្ដើម​ចាត់​វិធាន​ការ​វាយ​បក​វិញ​ហើយ​ចំពោះ​នយោបាយ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ​បន្ទាប់​ពី​​ដំឡើង​ពន្ធ​១៥%​ទៅ​លើ​ហ្គាស និងធ្យូង​ថ្ម និង​១០%​ទៅ​លើ​ទំនិញ​ដទៃ​ទៀត​របស់​អាមេរិក​រួច​ហើយ​ ប្រទេស​ចិន​បាន​បន្ត​​​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក​ (WTO) ថែម​ទៀត​ដើម្បី​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​លោក​ត្រាំ និង​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​ជួយ​ឈឺ​ឆ្អាល និង​​​​ដោះ​ស្រាយ​វិវាទ​ពាណិជ្ជ​កម្ម​ដែល​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ក្ដៅ​គគុក​។…

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេ​ស​ចិន​ចាប់​ផ្ដើម​ចាត់​វិធាន​ការ​វាយ​បក​វិញ​ហើយ​ចំពោះ​នយោបាយ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ​បន្ទាប់​ពី​​ដំឡើង​ពន្ធ​១៥%​ទៅ​លើ​ហ្គាស និងធ្យូង​ថ្ម និង​១០%​ទៅ​លើ​ទំនិញ​ដទៃ​ទៀត​របស់​អាមេរិក​រួច​ហើយ​ ប្រទេស​ចិន​បាន​បន្ត​​​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក​ (WTO) ថែម​ទៀត​ដើម្បី​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​លោក​ត្រាំ និង​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​ជួយ​ឈឺ​ឆ្អាល និង​​​​ដោះ​ស្រាយ​វិវាទ​ពាណិជ្ជ​កម្ម​ដែល​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ក្ដៅ​គគុក​។

នេះ​​​មិន​មែន​ជា​ជម្លោះ​ពាណិជ្ជ​កម្ម​តូច​តាច​នោះ​ទេ​ ប៉ុន្តែ​ជា​ជម្លោះ​ពាក់​ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​ដែល​មាន​តម្លៃ​រាប់​រយ​ប៊ីលាន​ដុល្លារ​​ដែល​ល្មម​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ពិភព​លោក​រង្គោះ​រង្គើ​។ គេ​មិន​ទាន់​ដឹង​ថា​​រវាង​មហា​អំណាច​សេដ្ឋ​កិច្ច​ទាំង​​២​នេះ​​តើ​នរណា​ខ្លាំង​ជាង​នរណា ឬ​នរណា​នឹង​មាន​ជ័យ​ជម្នះ​នៅ​ទី​បញ្ចប់​? ពិភព​លោក​កំពុង​​​រង់​ចាំ​អ៊ុត​លទ្ធ​ផល​នេះ​ដោយ​ឥត​ប៉​ប្រិច​ភ្នែក​។

គេ​គិត​ថា​នៅ​ក្នុង​សង្គ្រាម​ មិន​ថា​សង្គ្រាម​ប្រដាប់​អាវុធ ឬ​​សង្គ្រាម​ពាណិជ្ជ​កម្ម​ទេ​​សុទ្ធ​តែ​គ្មាន​ផល​ចំណេញ​សម្រាប់​ភាគី​ណា​មួយ​ឡើយ​។ ​​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ លោក​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​​កាណាដា និង​ម៉ិក​ស៊ីកូ និង​ដំឡើង​១០%​ទៅ​លើ​ទំនិញ​របស់​​​ចិន​។​ ​

ក្រោយ​មក ម៉ិកស៊ីកូ និង​កាណាដា​ខិត​ខំ​​ចរ​ចា​គ្នា​ទាំង​ប្រញាប់​ប្រញាល់​ និង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ជា​ថ្នូរ​នឹង​ការ​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​​រយៈ​ពេល​៣០​ថ្ងៃ​។ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ប្រទេស​ទាំង​២​យល់​ព្រម​ចាត់​វិធាន​ការ​ក្ដៅ​ដើម្បី​ទប់​ស្កាត់​គ្រឿង​ញៀន និង​ជន​អន្តោ​ប្រវេសន៍​។ ម៉ិកស៊ីកូ​ត្រៀម​ប្រើ​ប្រាស់​ទាហាន​រហូត​ដល់​មួយ​ម៉ឺន​នាក់​ដើម្បី​ចាត់​ការ​រឿង​នេះ​។​

ដោយ​ឡែក ប្រទេស​ចិន​​មិន​ចង់​ទោរ​ទន់​ទៅ​តាម​ការ​ទាម​ទារ​ និង​​ការ​ដាក់​សម្ពាធ​របស់​លោក​ត្រាំ​ទេ​។ ចិន​ទំនង​ជា​បាន​ត្រៀម​ទុក​ជា​មុន​រួច​ហើយ​ថា​​នឹង​មាន​សេណា​រីយោ​នេះ​កើត​ឡើង​នៅ​ពេល​លោក​ត្រាំ​ឡើង​កាន់​អំណាច​​​។ ដូច្នេះ ជា​ជំហាន​ដំបូង​ ចិន​ចាត់​វិធាន​ការ​ដំឡើង​ពន្ធ​វិញ​ដើម្បី​ជា​ការ​វាយ​បក​ ហើយ​ចិន​ក៏​ដាក់​ពាក្យ​ប្ដឹង​ទៅ​​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ថែម​ទៀត​។

ប៉ុន្តែ​សន្លឹក​បៀរ​នយោបាយ​នេះ​នៅ​មាន​ច្រើន​ទៀត​សម្រាប់​លេង​។ លោក​ត្រាំ​​មាន​សន្លឹក​បៀរ​ទីក​តុក​មួយ​ទៀត​សម្រាប់​លេង​​​។ លោក​​ពន្យារ​ពេល​៧៥​ថ្ងៃ​ឱ្យ​ទីក​តុក​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​អាមេរិក​បើ​ចង់​ដំណើរ​ការ​ដូច​ធម្ម​តា​។ ឥឡូវ​នេះ អស់​ពេល​១៨​ថ្ងៃ​ទៅហើយ​។ ចំណែក​ប្រទេស​ចិន​ក៏​កំពុង​ត្រៀម​ចាត់​ការ​ទៅ​លើ​ក្រុ​មហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​របស់​អាមេរិក​ផង​ដែរ​ដូច​ជា​អឹន​វីឌា និង​ ហ្គូហ្កល​ជា​ដើម​ (Nvidia, Google)។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​​​នៅ​ថ្ងៃ​នេះ WTO បាន​ដក​ស្រង់​ប្រយោគ​សំខាន់​​ៗ​របស់​ពាក្យ​បណ្ដឹង​នោះ​មក​រៀប​រាប់​ថា​​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ទៅ​លើ​ទំនិញ​ចិន​ហាក់​ដូច​ជា​មិន​ស៊ី​សង្វាក់​គ្នា​នឹង​ការ​បំពេញ​កាតព្វ​កិច្ច​ដូច​អ្វី​ដែល​អាមេរិក​ធ្លាប់​បាន​សន្យា​នៅ​ពេល​បង្កើត​ WTO នោះ​ទេ​។ នៅ​ក្នុង​ចំណុច​មួយ​ទៀត​ ប្រទេស​​ចិន​ថ្លែង​ថា​ខ្លួន​សូម​រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​​ចាត់​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដំឡើង​ពន្ធ​នេះ​។​ គ្រាន់​តែ​ថា​ប្រទេស​ចិន​មិន​បញ្ជាក់​​ឱ្យ​បាន​ច្បាស់​ថា​តើ​វិធាន​ការ​នោះ​មាន​អ្វី​ខ្លះ​ទេ​។​

ងាក​ទៅ​មើល​ភារកិច្ច និង​តួ​នាទី​របស់​ WTO វិញ​ម្ដង​ បើ​សង្គ្រាម​ពាណិជ្ជ​កម្ម​ធំ​ដល់​ម្លឹង​ៗ​ តើ​ WTO អាច​ដោះ​ស្រាយ​ចេញ​ទេ​? សូម​រំលឹក​ថា​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ពាណិជ្ជ​កម្ម​​របស់​ WTO ត្រូវ​​ជាប់​គាំង​ដោយ​សារ​គណៈ​កម្ម​ការ​វិនិច្ឆ័យ​របស់​ស្ថាប័ន​នេះ​ខ្វះ​កូរ៉ុម​​។​ ដូច្នេះ មិន​អាច​មាន​សិទ្ធិ​ក្នុង​ការ​ដោះ​ស្រាយ​បាន​ឡើយ​។ រាល់​ពាក្យ​បណ្ដឹង​ផ្សេង​ៗ​ត្រូវ​ជាប់​គាំង​ទាំង​អស់​។ រដ្ឋាភិបាល​លោក​ត្រាំ​កាល​ពី​អាណត្តិ​ទី​១​ ហើយ​​ត​មក​ជំនាន់​លោក​បៃដិន​​ទៀត​បាន​បិទ​ខ្ទប់​​ WTO ​មិន​ឱ្យ​តែង​តាំង​គណៈ​វិនិច្ឆ័យ​ឱ្យ​បាន​គ្រប់​គ្រាន់​ទេ​។ បើ​​ WTO មាន​ចៅ​ក្រម​តិច​ជាង​បី​រូប​មាន​ន័យ​ថា​មិន​​អាច​កាត់​សេចក្ដី​បាន​ឡើយ​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ