ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​អ្នក​លឿង​ផ្ទុះ​ប្រតិ​កម្ម ក្រោយ​អ្នកម៉ៅការ​ភាស៊ី​ថ្មី​ទារ​ដំឡើង​ថ្លៃ​​

7 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​រាប់​សិប​អ្នក​ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង បាន​សំដែង​នូវ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ​ក្រុម​អ្នកម៉ៅការ​ភាស៊ី​ដែល​ទើប​ផ្លាស់​ប្ដូរ​ថ្មី បាន​ទាមទារ​ដំឡើង​ថ្លៃ​ភាស៊ី​ស្រេច​តែ​អំពើ​ចិត្ត និង​ខុស​ពី​សៀវភៅ​បន្ទុក​ដែល​ច្បាប់​រដ្ឋ​បាន​កំណត់​។ ក្រុម​អាជីវករ​ទាំងនោះ​បាន​រៀបរាប់​ប្រាប់​ថា កាលពីមុន ក្រុម​អ្នកម៉ៅការ​ភាស៊ី​ចាស់ ដើរ​ប្រមូល​ភាស៊ី​ក្នុង​ផ្សារ​អ្នក​លឿង…

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​រាប់​សិប​អ្នក​ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង បាន​សំដែង​នូវ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ​ក្រុម​អ្នកម៉ៅការ​ភាស៊ី​ដែល​ទើប​ផ្លាស់​ប្ដូរ​ថ្មី បាន​ទាមទារ​ដំឡើង​ថ្លៃ​ភាស៊ី​ស្រេច​តែ​អំពើ​ចិត្ត និង​ខុស​ពី​សៀវភៅ​បន្ទុក​ដែល​ច្បាប់​រដ្ឋ​បាន​កំណត់​។

ក្រុម​អាជីវករ​ទាំងនោះ​បាន​រៀបរាប់​ប្រាប់​ថា កាលពីមុន ក្រុម​អ្នកម៉ៅការ​ភាស៊ី​ចាស់ ដើរ​ប្រមូល​ភាស៊ី​ក្នុង​ផ្សារ​អ្នក​លឿង ដោយ​ស្តង់​លក់ដូរ​មួយ​ថ្លៃ​ភាស៊ី​អនាម័យ​300​រៀល​ក្នុង​មួយ​ថ្ងៃ ថ្លៃ​ការពារ​សន្តិសុខ​ពេល​យប់​1​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​ម៉ូតូ​របស់​ក្រុម​អាជីវក​រដាក់​ផ្ញើ​ក្នុង​មួយ​ខែ​តម្លៃ​តែ​2​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ក្រុម​អាជីវករ​ទាំងនេះ​បាន​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​2025 ស្រាប់តែ​មានការ​ផ្លាស់​ប្ដូរ​ក្រុម​អ្នក​ប្រមូល​ភាស៊ី​ផ្សារ​អ្នក​លឿង​ដោយ​ប្តូរ​ថ្មី​ទាំងអស់ ហើយ​អ្នក​ថ្មី​ទាំងនេះ បាន​ពាម​ទារ​ឲ្យ​ក្រុម​អាជីវករ​បង់ថ្លៃ​ភាស៊ី​ច្រើន​លើសលប់ រហូត​ដល់​ក្រុម​អាជីវករ​មិន​អាច​ទទួលយក​បាន ដោយ​ថ្លៃ​ការពារ​សន្តិសុខ​ពេល​យប់​ពី​មុន​ធ្លាប់​មួយ​ខែ​1​ម៉ឺន​រៀល គេ​ទាមទារ​6​ម៉ឺន​រៀល ថ្លៃ​ផ្ញើ​ម៉ូតូ​ធ្លាប់​មួយ​ខែ​2​ម៉ឺន​រៀល គេ​ទាមទារ​ឲ្យ​បង់​មួយ​ថ្ងៃ 1500​រៀល ស្មើនឹង​មួយ​ខែ​45,000៛ និង​ថ្លៃ​ភាសា​អនាម័យ​ធ្លាប់​300​រៀល​ក្នុង​មួយ​ថ្ងៃ គេ​ទាមទារអោយ​បង់​500​រៀល​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​ផ្សារ​រក​ទិញ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ​ក៏​នាំ​គ្នា​រអ៊ូរទាំ​ដែរ​ថា ក្រុម​អ្នក​ផ្ញើ​ភាស៊ី​ម៉ូតូ​ក្នុង​ផ្សារ​អ្នក​លឿង​ដំឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​ស្រេច​តែ​អំពើ​ចិត្ត ដោយ​ក្រុម​អ្នក​ប្រមូល​ភាស៊ី​ចាស់​យក​ម៉ូតូ​មួយ​គ្រឿង​1​ពាន់​រៀល ដល់​ប្ដូរ​អ្នក​ថ្មី​គេ​ទារ​1500​រៀល ទាំង​ដែល​នៅ​ក្នុង​ក្រដាស​ផ្ញើ​ម៉ូតូ សរសេរ​តម្លៃ​ត្រឹមតែ​500​រៀល​ប៉ុណ្ណោះ​។

ដោយសារ​តែ​ក្រុម​អ្នក​ប្រមូល​ភាស៊ី​ផ្សារ​អ្នក​លឿង ទាមទារ​តម្លើង​ថ្លៃ​ភាស៊ី​ស្រេច​តែ​អំពើ​ចិត្ត​បែប​នេះ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស ក្រុម​អាជីវករ​ក្នុង​ផ្សារ​អ្នក​លឿង​កើត​ក្តៅក្រហាយ និង​ផ្ទុះ​ប្រតិកម្ម​ជា​ខ្លាំង ហើយ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត ជា​ពិសេស​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង មេត្តា​ជួយ​ចុះ​ពិនិត្យ​និង​ដោះស្រាយ​ជូន​ពួក​គាត់​ផង ។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក សោម សុខុម តំណាង​ក្រុមហ៊ុន​ម៉ៅ​ការ​ភាស៊ី​ផ្សារ​អ្នក​លឿង​ជា​ច្រើន​ថ្ងៃ​ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល ដោយពេល​ទៅ​រក​នៅ​ស្នាក់​ការ​ភាស៊ី​នៅ​ក្នុង​ផ្សារ មិនឃើញ​មាន​មនុស្ស​ប្រចាំការ ចំណែក​ទូរ​សព្ទ​ខ​ល​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​។

រីឯ​លោក​ភួង សា​រ៉េ​ត អភិបាលរង​ស្រុក​ពាម​រក៍ ដែល​ទទួល​បន្ទុក​លើ​កិច្ច​ការងារ​នេះ​បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បានដឹង​រឿង​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ទាមទារ​ដំឡើង​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក​នេះ​ទេ លោក​សុំ​ពេល​ចុះ​ពិនិត្យ និង​សិក្សា​រឿង​នេះ​សិន​។

ដោយឡែក លោក​ស្រេង វ៉​ន អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា នៅ​ក្នុង​សៀវភៅ​បន្ទប់​ដែល​ច្បាប់​បាន​កំណត់ ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​យក​ទៅ​ផ្ញើ​នៅ​តាម​ទីផ្សារ គឺ​តម្រូវ​ឲ្យ​បង់ថ្លៃ​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង​ត្រឹម​500​រៀល​ប៉ុណ្ណោះ ហើយ​តម្លៃ​ការពារ​សន្តិសុខ​ពេល​យប់ ក៏​អាស្រ័យ​ទៅ​លើ​ភាគី​ទាំង​2​ចរចា​ព្រមព្រៀង​គ្នា មិនមែន​ក្រុម​អ្នកម៉ៅការ​ភាស៊ី ចេះ​តែ​ទាមទារ​ស្រេច​តែ​អំពើ​ចិត្ត​នោះ​ទេ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ