ខេត្តព្រៃវែង ៖ ក្រុមអាជីវកររាប់សិបអ្នកដែលកំពុងលក់ដូរនៅក្នុងផ្សារអ្នកលឿង បានសំដែងនូវប្រតិកម្មមិនពេញចិត្តចំពោះក្រុមអ្នកម៉ៅការភាស៊ីដែលទើបផ្លាស់ប្ដូរថ្មី បានទាមទារដំឡើងថ្លៃភាស៊ីស្រេចតែអំពើចិត្ត និងខុសពីសៀវភៅបន្ទុកដែលច្បាប់រដ្ឋបានកំណត់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/de527b9b2300dbb4837b9eba8c41c3e5.jpg)
ក្រុមអាជីវករទាំងនោះបានរៀបរាប់ប្រាប់ថា កាលពីមុន ក្រុមអ្នកម៉ៅការភាស៊ីចាស់ ដើរប្រមូលភាស៊ីក្នុងផ្សារអ្នកលឿង ដោយស្តង់លក់ដូរមួយថ្លៃភាស៊ីអនាម័យ300រៀលក្នុងមួយថ្ងៃ ថ្លៃការពារសន្តិសុខពេលយប់1ម៉ឺនរៀលក្នុងមួយខែ ហើយម៉ូតូរបស់ក្រុមអាជីវករដាក់ផ្ញើក្នុងមួយខែតម្លៃតែ2ម៉ឺនរៀលប៉ុណ្ណោះ ។
ក្រុមអាជីវករទាំងនេះបានបញ្ជាក់ថា នៅដើមឆ្នាំ2025 ស្រាប់តែមានការផ្លាស់ប្ដូរក្រុមអ្នកប្រមូលភាស៊ីផ្សារអ្នកលឿងដោយប្តូរថ្មីទាំងអស់ ហើយអ្នកថ្មីទាំងនេះ បានពាមទារឲ្យក្រុមអាជីវករបង់ថ្លៃភាស៊ីច្រើនលើសលប់ រហូតដល់ក្រុមអាជីវករមិនអាចទទួលយកបាន ដោយថ្លៃការពារសន្តិសុខពេលយប់ពីមុនធ្លាប់មួយខែ1ម៉ឺនរៀល គេទាមទារ6ម៉ឺនរៀល ថ្លៃផ្ញើម៉ូតូធ្លាប់មួយខែ2ម៉ឺនរៀល គេទាមទារឲ្យបង់មួយថ្ងៃ 1500រៀល ស្មើនឹងមួយខែ45,000៛ និងថ្លៃភាសាអនាម័យធ្លាប់300រៀលក្នុងមួយថ្ងៃ គេទាមទារអោយបង់500រៀល។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7e3000c48d6ee19bf4ca9e9e67afe297.jpg)
ចំណែកប្រជាពលរដ្ឋដែលនាំគ្នាទៅផ្សាររកទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗក៏នាំគ្នារអ៊ូរទាំដែរថា ក្រុមអ្នកផ្ញើភាស៊ីម៉ូតូក្នុងផ្សារអ្នកលឿងដំឡើងថ្លៃផ្ញើម៉ូតូស្រេចតែអំពើចិត្ត ដោយក្រុមអ្នកប្រមូលភាស៊ីចាស់យកម៉ូតូមួយគ្រឿង1ពាន់រៀល ដល់ប្ដូរអ្នកថ្មីគេទារ1500រៀល ទាំងដែលនៅក្នុងក្រដាសផ្ញើម៉ូតូ សរសេរតម្លៃត្រឹមតែ500រៀលប៉ុណ្ណោះ។
ដោយសារតែក្រុមអ្នកប្រមូលភាស៊ីផ្សារអ្នកលឿង ទាមទារតម្លើងថ្លៃភាស៊ីស្រេចតែអំពើចិត្តបែបនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេស ក្រុមអាជីវករក្នុងផ្សារអ្នកលឿងកើតក្តៅក្រហាយ និងផ្ទុះប្រតិកម្មជាខ្លាំង ហើយបានសំណូមពរឲ្យអាជ្ញាធរស្រុកខេត្ត ជាពិសេសមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង មេត្តាជួយចុះពិនិត្យនិងដោះស្រាយជូនពួកគាត់ផង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/fdfe9d3c7d09feae1047421571383f3a.jpg)
ជុំវិញការចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មានកោះសន្តិភាពបានព្យាយាមទំនាក់ទំនងទៅលោក សោម សុខុម តំណាងក្រុមហ៊ុនម៉ៅការភាស៊ីផ្សារអ្នកលឿងជាច្រើនថ្ងៃដើម្បីសុំការបំភ្លឺ ប៉ុន្តែពុំទទួលបានលទ្ធផល ដោយពេលទៅរកនៅស្នាក់ការភាស៊ីនៅក្នុងផ្សារ មិនឃើញមានមនុស្សប្រចាំការ ចំណែកទូរសព្ទខលចូលជាច្រើនដង តែគ្មានអ្នកទទួល។
រីឯលោកភួង សារ៉េត អភិបាលរងស្រុកពាមរក៍ ដែលទទួលបន្ទុកលើកិច្ចការងារនេះបានឲ្យដឹងថា លោកមិនទាន់បានដឹងរឿងអ្នកម៉ៅការភាស៊ីផ្សារទាមទារដំឡើងថ្លៃភាស៊ីលើសសៀវភៅបន្ទុកនេះទេ លោកសុំពេលចុះពិនិត្យ និងសិក្សារឿងនេះសិន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/d8bca143f5c3d91b02d5b03e5963bf78.jpg)
ដោយឡែក លោកស្រេង វ៉ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងបានបញ្ជាក់ថា នៅក្នុងសៀវភៅបន្ទប់ដែលច្បាប់បានកំណត់ ម៉ូតូប្រជាពលរដ្ឋដែលយកទៅផ្ញើនៅតាមទីផ្សារ គឺតម្រូវឲ្យបង់ថ្លៃផ្ញើម៉ូតូមួយគ្រឿងត្រឹម500រៀលប៉ុណ្ណោះ ហើយតម្លៃការពារសន្តិសុខពេលយប់ ក៏អាស្រ័យទៅលើភាគីទាំង2ចរចាព្រមព្រៀងគ្នា មិនមែនក្រុមអ្នកម៉ៅការភាស៊ី ចេះតែទាមទារស្រេចតែអំពើចិត្តនោះទេ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ