ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រត់ព្រះនង្គ័ល​នៅ​វៀតណាម​ប្រើក្របី​ ខុស​ពី​ខ្មែរ​និង​ថៃ ​បួងសួង​សុំ​​អាកាសធាតុ​អំណោយផល

9 ម៉ោង មុន

បរទេស ៖ រាប់រយ​ឆ្នាំ​មក​ហើយ កម្ពុជា​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​រៀងរាល់ថ្ងៃ​៤​រោច ខែ​ពិសាខ ដែល​ឆ្នាំ​នេះ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែឧសភា ឆ្នាំ​២០២៥…

បរទេស ៖ រាប់រយ​ឆ្នាំ​មក​ហើយ កម្ពុជា​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​រៀងរាល់ថ្ងៃ​៤​រោច ខែ​ពិសាខ ដែល​ឆ្នាំ​នេះ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​ប្រទេស​ថៃ ក៏​បាន​ចាប់ផ្តើម​ធ្វើ​ពិធី​នេះ​ដូច​គ្នា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រាន់តែ​រៀបចំ​មុន​កម្ពុជា​ជាង​កន្លះ​ខែ ប៉ុន្តែ​បើ​យើងក្រឡេក​ទៅ​មើល​ប្រទេស​ជិតខាង​កម្ពុជា​មួយទៀត ពោល​គឺ​ប្រទេស​វៀតណាម ក៏​តែងតែ​ប្រារព្ធ​ពិធីស្រ​ដៀង​គ្នា​និង​កម្ពុជា​ថៃ​ដែរ ដោយ​ពិធី​មួយ​នេះ​មានឈ្មោះ​ជា​ភាសា​វៀតណាម​ថា បុណ្យ Tich Dien ឬ «​ស្តេច​ច្រត់ព្រះនង្គ័ល​»​ដែល​ធ្វើ​ឡើង​រៀង​រាល់​ដើមឆ្នាំ​ថ្មី ពោល​គឺ​ចំ​ថ្ងៃ​ទី​៧​នៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម ដើម្បី​បួងសួង​សុំ​អោយ​អាកាសធាតុ​អំណោយផល និង​ផលដំណាំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។

សារព័ត៌មាន VN Express បាន​ផ្សាយ​ថា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​វាលស្រែ​ភូមិ Doi Tin ឃុំ Tien Son គណៈកម្មាធិការ​ប្រជាជន​ខេត្ត Ha Nam និង​ទីក្រុង Duy Tien បាន​រៀបចំ​ពិធីបុណ្យ Tich Dien ឆ្នាំ​២០២៥ ប្រកបដោយ​ភាព​ទាក់ទាញ និង​មានការ​ចូលរួម​ពី​ប្រជាជន និង​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ទិស​ទី​ទូ​ទាំង​ប្រទេស ។ ពិធីបុណ្យ Tich Dien គឺជា​អត្ត​សញ្ញា​វប្បធម៌​ដ៏​ពិសេស​របស់​អ្នក​ភូមិ​Doi Son និង​ខេត្ត Ha Nam ទាំងមូល ហើយ​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ប្រារព្ធ​ឡើង​វិញ​តាំងពី​ឆ្នាំ​២០០៩ រហូត​ដល់​បច្ចុប្បន្ន​។

ឆ្នាំ​នេះ លោកតា ង្វៀ​ន ង៉ុ​ក​អាន អាយុ ៧៥​ឆ្នាំ ដែល​ជា​ចាស់ព្រឹទ្ធាចារ្យ​ប្រចាំ​នៅ​ភូមិ​Linh Trung បាន​ដើរតួរ​ជា​ស្តេច Le Dai Hanh ដោយ​ពាក់​របាំងមុខ និង​អាវ​ផាយ​។ នេះ​ជា​លើក​ទី​៦ ដែល​លោកតា​រូប​នេះ បាន​ដើរតួ​ជា​ស្តេច​សម្រាប់​ពិធីបុណ្យ Tich Dien ដើម្បី​កាន់​នង្គ័ល​ទឹម​ក្របី​ភ្ជួរ​រាស់​ដី បើក​រដូវ​ដាំ​ដុះ​ថ្មី​។ ព្រឹទ្ធាចារ្យ ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ដើរតួ​ជា​ស្តេច ដាច់ខាត​ត្រូវជា​កសិករ​វ័យ​ចំណាស់ ដែល​ជា​មនុស្ស​មានគុណ​ធម៌ សុខភាព​ល្អ មាន​និង​បទ​ពិសោធន៍​ក្នុង​ការ​ភ្ជួរស្រែ​។ ក្រោយ​​ពី​តួអង្គ​ស្តេច​ភ្ជួរស្រែ​ចំនួន​បី គេ​ឃើញ​យុវជន​ប្រុស​ស្ត្រី​បាន​នាំ​គ្នា​សាបព្រោះ​គ្រាប់ពូជ​ដំណាំ​ជា​ច្រើន​ប្រភេទ ដូច​ជា ស្រូវ ពោត សណ្តែក​ជាដើម​។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពិធីបុណ្យ Tich Dien ដែល​ពិធី​ប្រចាំឆ្នាំ​របស់​ខេត្ត Ha Nam បាន​ក្លាយទៅជា​ព្រឹ​ត្ត​ការណ៍​វប្បធម៌​ប្រពៃណី​ដ៏​ស្រស់បំព្រង និង​ទាក់ទាញ​ប្រចាំ​សហគមន៍ ដោយ​បង្ហាញ​ពី​ភាព​សម្បូរ​សម្រាប់​របស់​កសិករ លើក​ស្ទួយ​វិស័យ​កសិកម្ម សម្តែង​ការ​ដឹងគុណ​ចំពោះ​បុព្វការី​ជន និង​សាម្គីភាព​របស់​ប្រជាជន​។ តាម​រយៈ​ពិធីបុណ្យ​នេះ​ដែរ បាន​រៀបចំ​ការ​ប្រលង​គូរគំនូរ​លើ​ពោះ​ក្របី​ថ្នាក់​ជាតិ រួម​ទាំង​សកម្មភាព​ជា​ច្រើន​ទៀត​ដូច​ជា​៖ ការ​វេច​នំអន្សម​ប្រពៃណី ការ​ប្រកួត​វាយ​កូន​បាល់ ការ​ប្រកួត​ភ្ជួរស្រែ ប្រកួត​ចំបាប់ សកម្មភាព​វប្បធម៌​និង​កម្សាន្ត​ជា​ច្រើន​ទៀត ដែល​បង្កើត​បរិយា​កាស​រីករាយ និង​ស្នាមញញឹម​។

យោង​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ ពិធីបុណ្យ Tich Dien មាន​ប្រភព​ចេញពី​រជ្ជកាល​ស្តេច Le Dai Hanh ជា​ស្តេច​មួយ​អង្គ​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជារាស្ត្រ​។ តាម​ការ​ដំណាល ក្នុង​និទាឃ​រដូវ​ឆ្នាំ​៩៨៧ ស្តេច Le Dai Hanh និង​ជនជាតិ​ចិន បាន​ភ្ជួរ​រាស់ស្រែ​នៅ​ភូមិ Doi Son ហើយ​បាន​រក​ឃើញ​ផើង​មាស​មួយ​។ មួយ​ឆ្នាំ​ក្រោយមក ស្តេច​រូប​នេះ បាន​ភ្ជួរស្រែ​នៅ​ភូមិ Ban Hai ហើយ​បាន​រក​ឃើញ​ផើង​ប្រាក់ ហើយ​ចាប់តាំងពី​ពេល​នោះ​មក ពិធីបុណ្យ Tich Dien តែងតែ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ដោយ​ស្ដេច​ក្រោយ​ៗ​មក​ជា​ច្រើន​ជំនាន់​៕​​

កែសម្រួលដោយ