ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំនៅតែចិញ្ចឹមចិត្តដំឡើងពន្ធទៅលើប្រទេសនានាទូទាំងពិភពលោកដើម្បីអនុវត្តនយោបាយតម្កល់ផលប្រយោជន៍ជាតិអាមេរិកជារឿងសំខាន់ទី១។ ជាពិសេស ប្រទេសចំនួនបីមិនរួចខ្លួនទេគឺចិន កាណាដា និងម៉ិកស៊ីកូដែលលោកត្រាំអះអាងថាជាច្រកផ្លូវដឹកជញ្ជូនគ្រឿងញៀន និងជនអន្តោប្រវេសន៍ចូលប្រទេសអាមេរិកដូចទឹកបាក់ទំនប់។
អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូលីន លាវីត (Karoline Leavitt) បញ្ជាក់ថាប្រទេសកាណាដា និងម៉ិកស៊ីកូអត់រួចខ្លួនទេ។ អាមេរិកនឹងអនុវត្តការដំឡើងពន្ធចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ។ អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាលោកត្រាំក៏ត្រៀមដំឡើងពន្ធបន្ថែមទៀតទៅលើទំនិញរបស់ប្រទេសចិនផងដែរ។ សូមរំលឹកថាគ្រាន់តែស្បថចូលកាន់តំណែងភ្លាម លោកត្រាំប្រកាសដំឡើងពន្ធ២៥%ទៅលើទំនិញរបស់ម៉ិកស៊ីកូ និងកាណាដាដោយចាប់អនុវត្តពីថ្ងៃទី១ ខែកុម្ភៈតទៅ។
លោកថាវិធានការនេះនឹងរក្សាទុកជាធរមានរហូតដល់ប្រទេសទាំង២ចាត់វិធានការយ៉ាងក្ដៅគគុកដើម្បីទប់ស្កាត់មិនឱ្យជនអន្តោប្រវេសន៍ និងគ្រឿងញៀនប៉ង់តានីល (fentanyl) ហូរចូលប្រទេសអាមេរិកតទៅទៀត។ គ្រឿងញៀនជាបញ្ហាក្ដៅខ្លាំងណាស់រហូតដល់លោកត្រាំចេញបទបញ្ជាដាក់ពួកជួញដូរគ្រឿងញៀននៅម៉ិកស៊ីកូ (ពួកកាថែល – cartel) ជាក្រុមភេរវកម្ម។
លោកត្រាំថែមទាំងរករឿងដល់ប្រទេសចិនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកចោទប្រកាន់ថាអាជ្ញាធរចិនមិនបានចាត់វិធានការឱ្យបានដុតដៃដុតជើងដើម្បីទប់ស្កាត់ការហូរចូលនៃគ្រឿងញៀនប៉ង់តានីលទៅអាមេរិកទេ។ ហេតុនេះលោកត្រៀមដំឡើងពន្ធ១០%បន្ថែមទៅលើទំនិញរបស់ប្រទេសចិន។ ចំពោះសំណួរថាតើលោកត្រាំនិយាយលេង ឬនិយាយមែនពាក់ព័ន្ធនឹងផែនការដំឡើងពន្ធលើម៉ិកស៊ីកូ និងកាណាដានោះ លោកស្រីលាវីតតបថាលោកនឹងធ្វើរឿងនេះយ៉ាងពិតប្រាកដ។
អ្នកនាំពាក្យរូបនេះទទួលស្គាល់ថាចាប់តាំងពីលោកត្រាំគំរាមប្រើធម៌ក្ដៅ ម៉ិកស៊ីកូចាប់ផ្ដើមសហការដោះស្រាយបញ្ហាកង្វល់របស់អាមេរិក។ ប៉ុន្តែការដំឡើងពន្ធត្រូវតែធ្វើចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ លោកស្រីមិនបានបញ្ជាក់ឱ្យបានច្បាស់ទេថាតើអាមេរិកចង់ឱ្យម៉ិកស៊ីកូ កាណាដា និងចិនចាត់វិធានការបែបណាជាថ្នូរនឹងការលុបចោលការដំឡើងពន្ធ។ គេនៅចាំបានថាកាលពីចុងខែវិច្ឆិកា លោកត្រាំប្ដេជ្ញាថានឹងរក្សាទុកការដំឡើងពន្ធរហូតដល់ទប់ស្កាត់គ្រឿងញៀន និងជនអន្តោប្រវេសន៍ទាំងស្រុង។
កាលពីថ្ងៃអាទិត្យ លោកត្រាំបង្ខំឱ្យប្រទេសកូឡុំប៊ីត្រូវតែទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ដែលដឹកតាមយន្តហោះចេញពីប្រទេសអាមេរិក។ បើមិនដូច្នេះទេ លោកនឹងដំឡើងពន្ធ២៥%។ ទំហំដោះដូរពាណិជ្ជកម្មរវាងអាមេរិកជាមួយម៉ិកស៊ីកូ កាណាដា និងចិនមានចំនួនជាង២,១ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែអ្នកដែលរងគ្រោះខ្លាំងជាងគេពីការដំឡើងពន្ធគឺកូឡុំប៊ីដែលពឹងផ្អែកខ្លាំងទៅលើការនាំទំនិញទៅលក់នៅប្រទេសអាមេរិក៕
ចែករំលែកព័តមាននេះ