ទីក្រុងវ៉ាស៊ីនតោន៖ ករណីលោកត្រាំផ្ដាច់ជំនួយសម្រាប់ប្រទេសទាំងអស់នៅទូទាំងពិភពលោកកំពុងធ្វើឱ្យពិភពលោកដេកភ័យសូម្បីតែប្រទេសថៃ និងជាពិសេស អ៊ុយក្រែនដែលកំពុងតែរស់ពឹងទៅលើដង្ហើមគេដកនោះក៏ព្រួយបារម្ភមិនតិចដែរ។ នេះជាព្រឹត្តិការណ៍ដែលគួរឱ្យភ្ញាក់ផ្អើល ហើយគ្មាននរណានឹកស្មានថាលោកត្រាំហ៊ានធ្វើដល់ថ្នាក់នេះទេ។
គួរកត់សម្គាល់ថានៅក្នុងសម័យអន្តរកាលនេះ រាល់គម្រោងផ្ដល់ជំនួយ, ប្រាក់កម្ចី និងហិរញ្ញប្បទានទៅបរទេសត្រូវផ្អាកជាបណ្ដោះអាសន្ន។ លោកត្រាំបានបញ្ជាឱ្យពិនិត្យមើលឡើងវិញទាំងអស់នូវរាល់កិច្ចព្រមព្រៀង, សន្ធិសញ្ញា ឬគម្រោងអភិវឌ្ឍនានាដែលមិនចំណេញដល់ផលប្រយោជន៍ជាតិរបស់អាមេរិកត្រូវតែពិចារណាឡើងវិញថាត្រូវបន្ត ឬត្រូវកាត់ផ្ដាច់ចោលទាំងស្រុង។ នេះជានយោបាយគិតទៅដល់ផលប្រយោជន៍ជាតិអាមេរិកជារឿងសំខាន់ទីមួយ។
ប្រភពខ្លះអះអាងថាការផ្អឹបទុកជំនួយនេះគិតជាទឹកប្រាក់បីទ្រីលានដុល្លារ ឬស្មើនឹងជិត១/៣នៃផែនការចំណាយថវិកាជាតិ១០ទ្រីលានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២៤។ អង្គការ សមាគម និងស្ថាប័នក្រៅរដ្ឋាភិបាលទូទាំងពិភពលោកដែលធ្លាប់តែទទួលបានអត្ថប្រយោជន៍ពីជំនួយអាមេរិកត្រូវជាប់គាំងគ្រប់ៗគ្នា។ អ្នកធ្វើការនៅតាមអង្គការនានាបើទុកជាជំនួយអាចបើកឡើងវិញក្រោយពេលលោកត្រាំពិនិត្យសើរើចប់សព្វគ្រប់ក៏មិនសង្ឃឹមថានឹងទទួលបានហិរញ្ញប្បទានច្រើនដូចមុនដែរ។
ដូច្នេះអង្គការអាចប្រឈមនឹងការកាត់បុគ្គលិក ហើយបុគ្គលិកដែលនៅបន្តធ្វើការក៏អាចប្រឈមនឹងការកាត់បន្ថយប្រាក់ខែផងដែរ។ លោកត្រាំលេងមួយក្បាច់នេះធ្វើឱ្យផ្អើលពិភពលោក។ នៅប្រទេសថៃ មន្ទីរពេទ្យចល័តព្យាបាលជនភៀសខ្លួនរស់នៅតាមជំរំ, កម្មវិធីបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, កម្មវិធីស្ដារសម្បទាសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន, កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដែលអ្នកជំងឺរាប់លាននាក់ត្រូវការលេបថ្នាំរាល់ថ្ងៃនោះត្រូវរងផលប៉ះពាល់ទាំងអស់។
យូអែសអេអាយឌី (USAID) ដែលជាទីភ្នាក់ងារទទួលថវិកាផ្ទាល់ពីរដ្ឋាភិបាលអាមេរិកដើម្បីចែកបន្តទៅឱ្យអង្គការនានានៅក្នុងគម្រោងអភិវឌ្ឍទូទាំងពិភពលោកត្រូវលោកត្រាំចេញបញ្ជាឱ្យផ្អាកផ្ដល់លុយរយៈពេល៩០ថ្ងៃ។ មិនទាន់បានប៉ុន្មានផង អង្គការមនុស្សធម៌ និងស្ថាប័ននានាដែលជាមែកធាងរបស់ UN ថ្លែងថាការចែកចាយស្បៀងអាហារ, ទីជម្រក និងសេវាសុខាភិបាលដែលខ្លួនកំពុងធ្វើនឹងមានបញ្ហាបើលោកត្រាំពិនិត្យមើលរួចហើយ ហើយសម្រេចថាត្រូវតែផ្ដាច់ជំនួយជាអចិន្ត្រៃយ៍។
សព្វថ្ងៃនេះ អាមេរិកផ្ដល់ជំនួយមនុស្សធម៌ច្រើនជាងគេនៅលើពិភពលោកដែលគិតជាទឹកប្រាក់១៣,៩ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ មានន័យថាស្មើនឹង៤២%នៃជំនួយសរុប។ ក្រឡេកទៅមើលមណ្ឌលសុខភាពនៅជំរំជនភៀសខ្លួនប្រទេសថៃដែលទទួលជនជាតិភូមាមួយសែននាក់ឱ្យស្នាក់នៅនោះត្រូវអាជ្ញាធរថៃបញ្ជាឱ្យបិទទ្វារហើយនៅពេលនេះ។
យោងតាមលិខិតរំលឹកដែលចុះហត្ថលេខាដោយការិយាល័យគ្រប់គ្រងចំណូល-ចំណាយរបស់ជាតិ, ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថាខ្លួនអាចបន្តផ្ដល់ជំនួយនៅក្នុងសម័យអន្តរកាលនេះសម្រាប់តែវិស័យដែលសំខាន់បំផុតដូចជាស្បៀងអាហារសម្រាប់អ្នកដែលត្រូវការការសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។ ជាដំណឹងល្អ រដ្ឋាភិបាលបង់ក្លាដែសអះអាងថារដ្ឋាភិបាលអាមេរិកបន្តផ្ដល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងហ្កាជាងមួយលាននាក់នៅជំរំខក់បាហ្សា និងជំរំដទៃទៀត។
ប៉ុន្តែជំនួយមនុស្សធម៌ដទៃទៀតក្រៅពីអាហារសម្រាប់បរិភោគគឺគ្មានទេ។ ឧទាហរណ៍ ការស្នើសុំទិញសម្ភារៈសម្រាប់សាងសង់ទីជម្រក ឬជួសជុលកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនគឺមិនអាចទទួលបានទៀតទេ។ អ្នកដែលកំពុងលេបថ្នាំប្រឆាំងមេរោគអេដស៍ គ្រុនចាញ់ និងរបេងនៅទូទាំងពិភពលោកក៏លែងទទួលបានជំនួយថ្មីទៀតដែរដោយយោងទៅតាមលិខិតរំលឹកនោះ។ កាលពីថ្ងៃអង្គារ រាល់ស្ថាប័នជាប់កិច្ចសន្យា និងដៃគូនានារបស់យូអែសអេអាយឌី (USAID) បានទទួលលិខិតរំលឹកគ្រប់ៗគ្នាដើម្បីបញ្ជាក់ថាពួកគេត្រូវបញ្ឈប់ការងាររបស់ខ្លួនជាបន្ទាន់។
ប្រធានទទួលបន្ទុកខាងវិស័យសុខាភិបាលរបស់ USAID យល់ថានេះជាបញ្ហាដ៏ធំសម្រាប់ពិភពលោក។ សព្វថ្ងៃនេះ មនុស្សម្ភៃលាននាក់កំពុងប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ដែលផ្ដល់ជំនួយថវិការបស់អាមេរិក។ ក្រៅពីនេះ អង្គការដែលត្រូវរ៉ាប់រងចិញ្ចឹមកុមារកំព្រា និងកុមារមានមេរោគអេដស៍សរុប៦,៥លាននាក់នៅក្នុងប្រទេសចំនួន២៣នឹងរងផលប៉ះពាល់។
ប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសអាហ្វាហ្កានីស្ថានត្អូញត្អែរថាជំនួយរបស់អាមេរិក៤,៧ពាន់លានដុល្លារដែលខ្លួនទទួលបានកាលពីឆ្នាំ២០២៤ ខ្លួនអាចផ្គត់ផ្គង់ត្រឹមតែ៥០%នៃតម្រូវការជាក់ស្ដែង។ ដូច្នេះបើកាត់ផ្ដាច់ជំនួយថែមទៀតមានន័យថាអ្នកដែលត្រូវការជំនួយរឹតតែយំលែងចេញតែម្ដង។ មនុស្សជាង៦លាននាក់គ្មានអ្វីបរិភោគទេក្រៅពីនំប៉័ង និងទឹកតែ។
សម្រាប់កម្មវិធីកម្ចាត់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទូទាំងពិភពលោក អាមេរិកផ្ដល់ជំនួយសរុប៣១០លានដុល្លារកាលពីឆ្នាំ២០២៣។ ក្រុមប្រទេសដែលទទួលបានជំនួយនេះក៏មានមីយ៉ាន់ម៉ា (ឬភូមា), ស៊ីរី, អ៊ុយក្រែន និងអាហ្វហ្កានីស្ថានផងដែរដែលរងគ្រោះខ្លាំងជាងគេពីបញ្ហាគ្រាប់មីន។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថានៅក្នុងសករាជរបស់ត្រាំ លោកគិតជាសំខាន់ទៅលើផលប្រយោជន៍ជាតិរបស់អាមេរិកជារឿងសំខាន់ទី១។ ដូច្នេះ ខ្លួនមិនអាចជួយអ្វីឱ្យលើសពីនេះបានឡើយ៕
ចែករំលែកព័តមាននេះ