ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំទើបតែចេញបញ្ជាឱ្យផ្អាកផ្ដល់ជំនួយ និងប្រាក់កម្ចីរបស់អាមេរិកទៅឱ្យប្រទេសទាំងអស់ទូទាំងពិភពលោកដើម្បីពិនិត្យមើលឡើងវិញទៅលើកិច្ចព្រមព្រៀងនានា និងដើម្បីចង់ដឹងថាតើវាអាចនឹងធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិដែរឬទេ។ ចំណាត់ការនេះអាចនឹងប៉ះពាល់ខ្លាំងទៅលើក្រុមប្រទេសដែលរស់ពឹងទៅលើជំនួយបរទេសដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ឬសាងសង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ថវិកាដើម្បីអនុវត្តគម្រោងដទៃទៀត។
នៅក្នុងអនុស្សារណៈដែលចុះហត្ថលេខាកាលពីយប់មិញ ការិយាល័យទទួលបន្ទុកខាងគ្រប់គ្រងចំណូល-ចំណាយរបស់ជាតិបានបញ្ជាឱ្យស្ថាប័នជាតិបញ្ឈប់ការផ្ដល់ហិរញ្ញប្បទានទៅឱ្យគ្រប់សកម្មភាពទាំងអស់។ បទបញ្ជានេះចូលជាធរមានចាប់ពីម៉ោង៥ល្ងាចថ្ងៃថ្ងៃអង្គារតទៅ។ ការផ្អាកផ្ដល់ជំនួយ ឬកម្ចីនេះគិតជាទឹកប្រាក់៣ទ្រីលានដុល្លារ។ មានន័យថាជិត១/៣នៃខ្ទង់ថវិកាជាតិ១០ទ្រីលានដុល្លារដែលរដ្ឋាភិបាលគ្រោងចំណាយនៅក្នុងឆ្នាំសារពើពន្ធ២០២៤។
យោងតាមលិខិតរំលឹកនោះ (memo) ការផ្អាកនេះដើម្បីទុកឱកាស និងលទ្ធភាពឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពិនិត្យឡើងវិញទាំងអស់ទៅលើកម្មវិធីនានាពាក់ព័ន្ធនឹងការផ្ដល់កម្ចី និងជំនួយទៅបរទេសតបតាមបទបញ្ជានីតិប្រតិបត្តិដែលលោកត្រាំទើបតែចុះហត្ថលេខាកាលពីប៉ុន្មានថ្ងៃមុន។ មុខព្រួញដែលរដ្ឋាភិបាលកំពុងពិនិត្យមើលមានដូចជាជំនួយបរទេស កម្មវិធីសង្គម គម្រោងការពារបរិស្ថាន និងជំនួយសម្រាប់អង្គការនានា។
នៅក្នុងលិខិតរំលឹកនោះលើកលែងតែជំនួយសុខាភិបាល និងសន្តិសុខសង្គមប៉ុណ្ណោះដែលនៅដំណើរការជាធម្មតា។ លិខិតនោះក៏តម្រូវឱ្យស្ថាប័ននានាពិនិត្យមើលការបំពេញការងាររបស់មន្ត្រីរដ្ឋាភិបាលវ័យចំណាស់ដើម្បីពិនិត្យមើលមន្ត្រីណាដែលបំពេញការងារក្រោមកម្រតិស្តង់ដារ។ អ្នកដែលទទួលការតែងតាំងដើម្បីទទួលបានលិខិតសរសើរ ឬគ្រឿងឥស្សរិយយសរួចហើយក៏ត្រូវលុបចោលវិញដែរទៅតាមបទបញ្ជាថ្មីនេះបើគេរកឃើញថាមន្ត្រីទាំងនោះមិនសមនឹងទទួលបាន។
ក្រោយការចេញបទបញ្ជានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េ សម្ដែងការព្រួយបារម្ភ និងស្នើសុំឱ្យលោកត្រាំបន្តផ្ដល់ហិរញ្ញប្បទាននៅក្នុងវិស័យខ្លះដូចជាមនុស្សធម៌ជាដើម។ បើមិនដូច្នេះទេ អ្នកដែលកំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះនឹងរងផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលផ្អាកហិរញ្ញប្បទានដើម្បីពិនិត្យមើលឡើងវិញនេះ៕
ចែករំលែកព័តមាននេះ