រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០២៤កន្លងមកនេះ នៅរាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៩៧លើក/៩៥៧លើក ថយចុះ៦០លើក បើប្រៀបធៀបឆ្នាំកន្លងទៅ ស្មើនឹង ៦.២៦% (ស្លាប់ ២៧៨នាក់/២៩៦នាក់, របួស ១២១៥នាក់/១.២២២នាក់) បណ្តាលឱ្យខូចខាតរថយន្ត ៤៩៩គ្រឿង, ម៉ូតូ ៩៨៤គ្រឿង, កង់បី ៤៥គ្រឿង, រ៉ឺម៉ក ៣៤គ្រឿង, កង់ ១៨គ្រឿង និងផ្សេងៗ ២គ្រឿង ។
របាយការណ៏បន្តថា ការងារផ្សព្វផ្សាយអប់រំ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៖ សរុបចំនួន ៦.៥៣៤នាក់ (នគរបាល ៣៥នាក់ យោធា និងកងរាជអាវុធហត្ថ ៦នាក់ គ្រឹះស្ថានសិក្សាចំនួន ៥.៦៤០នាក់ មន្ត្រីរាជការ ស៊ីវិល ២២នាក់ អ្នកបើកបរគ្រប់ប្រភេទ ៧៥នាក់ និងប្រជាពលរដ្ឋទូទៅ ៧៥៦នាក់) ដោយបានធ្វើការផ្សព្វផ្សាយតាមអប់រំតាមគ្រឹះស្ថានសិក្សា ក្រុមហ៊ុន ប្រជាពលរដ្ឋ (អ្នកធ្វើដំណើរតាមផ្លូវ) និងបានធ្វើបទបង្ហាញស្តីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក” ចំនួន ៤.៧៨០នាក់។ បានធ្វើការត្រួតពិនិត្យយានយន្តល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការផាកពិន័យ ចំនួន ៥១.៦០៩គ្រឿង (រថយន្ត ១២.៩៤៤គ្រឿង និងម៉ូតូ ៣៨.៦៦៥គ្រឿង) ក្នុងនោះ អនុវត្តនីតិវិធីបញ្ជូនទៅតុលាការចំនួន ៥៥៤ករណី មនុស្ស ២៤៣នាក់ (ឃុំខ្លួន ១៣៩នាក់, ដោះលែង ១០៤នាក់) មានវត្ថុតាងសរុបចំនួន ៧៣៤គ្រឿង (រថយន្ត ២៨៨គ្រឿង, ម៉ូតូ ៤១៦ គ្រឿង, រ៉ឺម៉ក់ ១១គ្រឿង, កង់បី ១៩គ្រឿង) សម្រួលចប់នៅការិយាល័យចំនួន ៣៣៨ករណី និងកំពុងអនុវត្ត អង្កេតបន្តចំនួន ៥ករណី។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណៈ ការនិងដឹកជញ្ជូន ចុះធ្វើការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សរុបចំនួន ១.៧៥៦គ្រឿង និង សហការជាមួយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធាណៈ ដឹកនាំក្រុមល្បាតចល័តចុះ ត្រួតពិនិត្យផ្លាកលេខយានយន្ត សរុបចំនួន ១.៣៥៧គ្រឿង ក្នុងនោះ រថយន្តបំពាក់ស្លាកលេខនគរបាល ចំនួន ២១៤គ្រឿង (ដកហូតស្លាកលេខចំនួន ៥០គ្រឿង អប់រំធ្វើកិច្ចសន្យាចំនួន ១៣៩គ្រឿង និងពិន័យ ចំនួន ២៥គ្រឿង), ស្លាកលេខម៉ូតូនគរបាលចំនួន ៨គ្រឿង (ដកហូត ស្លាក លេខចំនួន ៨គ្រឿង) និងស្លាក លេខរថយន្តស៊ីវិលចំនួន ១.១៣៥គ្រឿង (ដកហូតស្លាកលេខចំនួន ៧១គ្រឿង អប់រំធ្វើកិច្ចសន្យាចំនួន ៨៦១គ្រឿង និងពិន័យចំនួន ២០៣គ្រឿង)។
របាយការណ៏ដដែល បានឱ្យដឹងទៀតថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ៖ បានត្រួតពិនិត្យ និងអប់រំយានយន្តល្មើសចរាចរណ៍ (បើកបរ បញ្ច្រាសទិស និងការឈប់-ចត គ្មានសណ្តាប់ធ្នាប់) សរុបចំនួន ១៣.០៤៨គ្រឿង (រថយន្ត ៣.៨៣១គ្រឿង ម៉ូតូ ៥.៤៣៩គ្រឿង, រ៉ឺម៉កម៉ូតូ-កង់បី ៣.៧៧៨គ្រឿង) ក្នុងនោះ បានអប់រំណែនាំចំនួន ១២.៣១៤គ្រឿង (រថយន្ត ៣.៥០៩គ្រឿង ម៉ូតូ ៥.០២៧គ្រឿង និងម៉ូតូកង់បី-រ៉ឺម៉ក ៣.៧៧៨គ្រឿង) និងផាកពិន័យចំនួន ៧៣៤គ្រឿង (រថយន្ត ៣២២គ្រឿង ម៉ូតូ ៤១២គ្រឿង)។ ទន្ទឹមនេះ បានរៀបចំសណ្តាប់ធ្នាប់ និងអប់រំ ណែនាំអ្នកលក់ដូរចំនួន ៨.១៤១កន្លែង (ចល័ត ៤.៥៥២កន្លែង និងនៅនឹងកន្លែង ៣.៥៨៩កន្លែង) ។
សូមបញ្ជាក់ថា របាយការណ៏នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនសមាជិកសមាជិការដែលបានចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៤និងលើកទិសដៅបន្តឆ្នាំ២០២៥មានរយៈពេលពីរថ្ងៃ គីថ្ងៃទី២១ និងថ្ងៃទី២២ខែមករាឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធីបើកស្ថិតក្នុងអធបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ចំណែកពិធីបិទសន្និបាត ស្ថិតក្នុងអធបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ