រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានណែនាំឲ្យបុគ្គលិកអប់រំទាំងអស់ ធ្វើការតាមដានគុណភាពខ្យល់នៅក្នុងករណីមិនមានភាពល្អត្រូវពាក់ម៉ាស់នៅពេលខាងក្រៅ។
យោងតាមសេចក្តីណែនាំស្តីពីការបង្ការហានិភ័យសុខភាពពេលមានខ្យល់ពុលក្នុងស្រទាប់បរិយាកាស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជនរបស់ក្រសួងអប់រំនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៥ បានលើកឡើងថា ដើម្បីចូលរួមបង្ការហានិភ័យសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំពេលមានខ្យល់ពុលក្នុងស្រទាប់ បរិយាកាស ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជននៅទូទាំងប្រទេសត្រូវចូលរួមតាមដានព័ត៌មានការវិវត្ត នៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងស្រទាប់បរិយាកាស ដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមប្រតិបត្តិតាមការណែនាំ នានាពាក់ព័ន្ធនឹងការថែទាំ និងការបង្ការហានិភ័យសុខភាពពេលស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ ឈានដល់កម្រិតពុល ដូចតារាងពណ៌នា«សន្ទស្សន៍គុណភាពខ្យល់»។
ក្រសួងបានបន្តថា ត្រូវក្រើនរំលឹក និងលើកទឹកចិត្តដល់អ្នកសិក្សា និងបុគ្គលិកអប់រំឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវពេលចេញ ក្រៅផ្ទះ ឬ ធ្វើសកម្មភាពនានាក្រៅបន្ទប់រៀន ដើម្បីចៀសវាងការស្រូបបឺតខ្យល់ពុល ឬ ធូលីមិនស្អាត ដោយផ្ទាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេស កុមារតូចៗ ត្រូវក្រើនរំឭកដល់អ្នកសិក្សា និងបុគ្គលិកអប់រំអំពីការអនុវត្តនូវវិធានការអនាម័យជាប់ជាប្រចាំតាម អភិក្រម «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ដើម្បីសុខភាពល្អ។
ជាមួយគ្នានោះដែរ ក្រសួងបានលើកឡើងទៀតថា ប្រសិនបើអ្នកណាម្នាក់មានរោគសញ្ញាផ្លូវ
ដង្ហើម ដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមណែនាំប្រញាប់ ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះ។
ក្រសួងអប់រំបានលើកឡើងថា នៅពេលទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ