ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ​៖ សាធារណជន​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស សូម​មក​ប្រើ​ប្រាស់​«​បញ្ជរ​សេវា​សាធារណៈ​ចល័ត​»​​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវ​នាវ​ដល់​សាធារណជន​ដែល​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស សូម​មក​ប្រើ​ប្រាស់ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​»…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវ​នាវ​ដល់​សាធារណជន​ដែល​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស សូម​មក​ប្រើ​ប្រាស់ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​» ដែល​មានឱកាស​ខ្ពស់​ទទួល​បានការ​ងារ និង​ត្រឹមត្រូវ​តាម​ច្បាប់​។

បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្តម ហេង សួរ ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» ចំនួន​១០០ បញ្ជរ និង​ប្រគល់​ជូន​ដល់​សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថាន​បណ្តុះបណ្តាល ផ្សារ​ទំនើប ហាង​កាហ្វេ និង​ក្រុមហ៊ុន​ឯកជន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កន្លង​ទៅ​តែងតែ​មានការ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ចំណាកស្រុក ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស តែង​ជួប​ប្រទះ​ការ​ប្រថុយប្រថាន ហើយ​ទទួល​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​មូលដ្ឋាន​ច្បាស់លាស់ ពិសេស​ក្រុមហ៊ុន​ដែល​មិន​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ការងារ​ជាដើម​។

ដោយ​មើលឃើញ​ពី​បញ្ហា​កង្វល់​ទាំង​អស់នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​បញ្ជរ​សេវា​សាធារណៈ​ចល័ត គឺជា​ពិភព​ការងារ និង​ការ​បណ្ដុះបណ្ដាល ព្រមទាំង​សេវា​សាធា​រណៈ​ផ្សេង​ៗ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សា​ធា​រណជន​ទាំងអស់ ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការ​ចាញ់បោក​ក្រុម​មេខ្យល់ ឬ​ក្រុមហ៊ុន​ខុសច្បាប់​ទៀត​ទេ ព្រោះថា​គ្រប់​បណ្ដា​ក្រុមហ៊ុន​និង​ប្រទេស​ដែល​មាន​វត្តមាន នៅ​ក្នុង​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ គឺ​សុទ្ធតែ​ការ​មានការ​អនុញ្ញាត​និង​ចុះ​កិច្ចព្រមព្រៀង​ច្បាស់លាស់​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​កម្ពុជា​និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​តាម​ច្បាប់​កំណត់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សាធារណជន ជា​ពិសេស​យុវជន ដែល​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​ទាំង​ក្នុង​និង​ក្រៅប្រទេស​អាច​ប្រើប្រាស់​សេវា​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​តាម​រយៈ​បញ្ជរ​សេវា​សាធារណៈ​ចល័ត នៅ​តាម​ផ្សារ​ទំនើប ហាង​កាហ្វេ ឬ​តាម​រយៈ QR Code ពោល​គឺ​សាធារណជន​គ្រប់​គ្នា​នឹង​ទទួល​បាន​នូវ​ការ​ផ្តល់​សេវាកម្ម និង​ព័ត៌មាន​សំខាន់​ៗ​ផ្លូវការ អាច​ទុកចិត្ត​បាន និង​ទាន់​ពេលវេលា ដើម្បី​បានដឹង បាន​យល់ បាន​ជ្រាប បាន​ត្រៀមខ្លួន និង​ចាប់​យក​ឱកាស​ភ្លាម​ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូម​បញ្ជាក់​ថា បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានមុខ​ងារ​សំខាន់​ចំនួន ១០ ដែល​មាន​ដូច​ជា​៖
១- សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ (Job Seeker)
២- សេវា​ចុះ​ឈ្មោះ​ស្វែងរក​បុគ្គលិក (Job Provider)
៣- សេវា​ចុះ​ឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់​បណ្តឹង​អនាមិក (Anonymous Complaint Box)
៦- សេវា​ចុះ​ឈ្មោះ​សមាជិក ប​.​ស​.​ស​. (Social Security Registration)
៧- បណ្ណ​/​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ (Cambodian Employment Book and Worker Card)
៨- ការ​ផ្តល់​ទិដ្ឋាការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង (Work Permit For Young Worker)
៩- សេវា​តាមដាន​សេវា​សាធារណៈ​ក្រសួង​ការងារ (MLVT Public Service Tracking)
១០. សេវា​ផ្សេង​ៗ (Other Services) រួម​មាន សេវា​ពេទ្យ​ការងារ សេវា​ចុះ​បញ្ជិកា​គ្រឹះស្ថាន បណ្តុះបណ្តាល សេវា​ហត្ថពល​កម្ម​បរទេស ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ ប្រអប់​សំណូមពរ និង​កម្រង​សេវា​ស្វ័យប្រវត្តិកម្ម​ពាក់ព័ន្ធ​វិស័យ​ការងារ​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ