ខេត្តស្វាយរៀង ៖ ក្មេងស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលសុំឪពុកម្តាយជិះកន្ត្រកវិលលេង ស្រាប់តែដាច់កន្ត្រកចុះមកដី បង្កការភ្ញាក់ផ្អើលនិងរត់មកជួយហៅរថយន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីដាច់កន្ត្រកវិលនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមលោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីដាច់កន្ត្រកវិល នៅភូមិត្រោកធំ ឃុំស្វាយធំ រួចហើយកម្លាំងជំនាញស្រុកសហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានសួរប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ ។
ស្ត្រីម្នាក់បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៩០០នាទីយប់ពួកគាត់ទៅមើលកន្លែងគេដាក់តាំងកន្ត្រកវិល និង ម៉ូតូហោះ គប់ប៉េងប៉ោង កូនឡាន សម្រាប់ជួលឲ្យក្មេងៗជិះលេង ពេលក្មេងកំពុងជិះក្នុងកន្ត្រកវិលចុះឡើងនោះ ស្រាប់តែដាច់ខ្ចៅដែកដាក់កន្ត្រក០១ធ្លាក់ពីលើមកដល់ដីបណ្តាលឲ្យមានមនុស្សជិះក្នុងកន្ត្រករងរបួសធ្ងន់ស្រាល០៣នាក់តែម្តង។
ប្រភពបានបន្តទៀតថា ក្រោយពីបានស្តាប់ការបំភ្លឺរួចហើយ សមត្ថកិច្ចបានហៅឈ្មោះ ប៉ុល សា
វឿន ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះហាំ ស្រីដើង អាយុ៣៩ឆ្នាំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ប៉ុល សាវឿន និងឈ្មោះហាំ ស្រីដើង ដែលជាម្ចាស់កន្ត្រកវិលបានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥:០០នាទី ខ្លួន និងប្រពន្ធដឹងថានៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានកម្មវិធីបុណ្យ ហើយមានល្ខោនលេងខ្លួនមិនបានសុំអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេ បានដឹកសម្ភារមានដូចជា កន្ត្រកវិល ម៉ូតូហោះ កូនឡានរត់តាមខ្សែភ្លើង និងគប់ប៉េងប៉ោង មកដាក់តាំង និងសម្រាប់ជួលឲ្យក្មេងៗជិះលេង ចាប់តាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានក្មេងស្រីចំនួន០៣នាក់ ឪពុកម្តាយបានជូនកូនមកដើរលេង និងមកមើលកន្លែងទីតាំងខ្លួន ក៏ជួលកន្ត្រកវិលឲ្យកូនស្រីខ្លួនជិះទាំង០៣នាក់ក្នុង១នាក់៣.០០០រៀល ពេលកន្ត្រកកំពុងវិលចុះឡើង ស្រាប់តែដាច់ខ្ចៅកន្ត្រកធ្លាក់ពីលើមកដល់ដីបណ្តាលឲ្យមានរងរបួសក្មេងស្រីទាំង៣នាក់នោះពិតមែន។
ចំណែកក្មេងរងគ្រោះ ឈ្មោះ ខន រស្មី ភេទស្រី អាយុ១៥ឆ្នាំ កំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំពោះឈ្មោះ ស៊ុត មករា ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ ឌុច ស្រីមុំ ភេទស្រី អាយុ១៤ឆ្នាំ កំពុងដេកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំ។ទាក់ទិនករណីនេះដែរសមត្ថកិច្ចបានសម្របសម្រួលដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ