ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថានដាក់ឧបករណ៍តាមដានគុណភាពខ្យល់១ថ្ងៃ២៤ ម៉ោង នៅ៦០កន្លែងទូទាំងរាជធានីខេត្ត និងភ្នំពេញ១០កន្លែង

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​បរិ​ស្ថាបាន​ដាក់​ឧបករណ៍​តាមដាន​បរិមាណ​ខ្យល់​១​ថ្ងៃ​២៤​ម៉ោង ចំនួន​៦០​កន្លែង នៅ​ទូ​ទាំង​រាជធានី​ខេត្ត និង​១០​កន្លែង​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទិន្នន័យ​ឃើញ​ថា ខ្យល់​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ពោល​គឺ​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រហម​ដែល​មិន​អាច​ចាត់​ទុក​កើតជា​បញ្ហា​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​បរិ​ស្ថាបាន​ដាក់​ឧបករណ៍​តាមដាន​បរិមាណ​ខ្យល់​១​ថ្ងៃ​២៤​ម៉ោង ចំនួន​៦០​កន្លែង នៅ​ទូ​ទាំង​រាជធានី​ខេត្ត និង​១០​កន្លែង​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទិន្នន័យ​ឃើញ​ថា ខ្យល់​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ពោល​គឺ​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រហម​ដែល​មិន​អាច​ចាត់​ទុក​កើតជា​បញ្ហា​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។

ការ​ដាក់​ឧបករណ៍​នេះ ខណៈ​ប្រជាមតិ​មួយ​ចំនួន​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ខ្យល់ ដោយ​មាន​អ័ព្ទ​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ ថា ការ​ចុះ​អ័ព្ទ​នៅ​កម្ពុជា​មិន​មានការ​ជាប់​ពាក់ព័ន្ធ និង​ធ្វើ​ឲ្យ​មានការ​កើនឡើង​បរិមាណ​ខ្យល់ពុល​នោះ​ទេ ។ លោក​បន្ត​ថា សារធាតុបំពុល​ខ្យល់​បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ដល់​បន្ទាត់​ក្រហម ដែល​ចាំបាច់​ចេញ​វិធានការ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យកចិត្តទុកដាក់​មិន​ឲ្យ​ចេញពីផ្ទះ ឬ​ពាក់​មាស់​នៅ​ទី​សាធារណៈ​នោះ​ទេ ។

ពីព្រោះ​ថា កម្រិត​ដែល​ស្តង់ដា​កំណត់​នោះ​មាន​៥០​ម៉ៃ​ក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប ។ អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ៖«​បញ្ហា​បរិមាណ​ខ្យល់​នៅ​កម្ពុជា​កើនឡើង​ត្រឹមតែ​៣៥​ម៉ៃ​ក្រូ​ក្រាម កាលពី​ថ្ងៃ​ម្សិលមិញ អី​ញ្ចឹ​ង​មិន​ទាន់​ដល់​ស្តង់ដា​កំណត់​នោះ​ទេ ។ នៅ​ថ្ងៃ​ទី​២៣ មក​រា​នេះ រថយន្ត​ចល័ត​តាមដាន​បរិមាណ​ខ្យល់ ៣​គ្រឿង​របស់​ក្រសួង​បាន​បញ្ចេញ ។ ហើយ​សូម​បញ្ជាក់​ឧបករណ៍ និង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​យើង​ដាក់​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៦០​កន្លែង ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​១០​កន្លែង ហើយ​ដាក់​រថយន្ត​ចល័ត​២​គ្រឿង​បន្ថែម​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​ជិត​១​ខែមករា​នេះ គុណភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ភាពល្អ ទោះបី​មាន​កំណើន​កំហាប់​លើស​ពី​ធម្មតា​ដែល​មាន​ពី​១០ ទៅ​២០​ម៉ៃ​ក្រូ​ក្រាម ហើយ​បាន​ឡើង​ជាង​៣០​ម៉ៃ​ក្រូ​ក្រាម​នេះ ដោយសារ​មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ដូច​ជា ការ​ដុត​សំរាម , ស្ថានភាព​នៅ​ប្រទេស​ជុំវិញ​បាន​កំពុង​តែ​ជួប​បញ្ហា​ខ្យល់ និង​កត្តា​ផ្សេង​ៗ​ទៀត ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា គុណភាព​ខ្យល់​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​នោះ​ទេ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ព្រួយបារម្ភ ចំពោះ​ការ​ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម​ឱ្យ​សោះ ខណៈ​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងបរិស្ថាន​បាន​តាមដាន​ជាប់​ជា​ប្រចាំ ។

អ្នកនាំពាក្យ​ក៏​បាន​គូសបញ្ជាក់​ថា មក​ដល់​ថ្ងៃនេះ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ផ្សែង​ពុល​ណាមួយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​នោះ​ទេ បន្ថែម​ពី​នេះ ក្រសួងបរិស្ថាន បាន​បំពាក់​ឧបករណ៍​តាមដាន​គុណភាព​ខ្យល់​នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត ព្រមទាំង​មាន​រថយន្ត​សម្រាប់​វាស់​គុណភាព​ខ្យល់ ចល័ត ប្រសិនបើ​មាន​ករណី​សង្ស័យ​ថា តំបន់​ណាមួយ​មានការ​សង្ស័យ ។

លោក​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​បន្ទាប់​ពី​ក្រុមការងារ​បច្ចេកទេស​បាន​ប្រើ​រថយន្ត​ក៏​ដូច​ជា ឧ​បរ​ណ៍​សម្រាប់​តាមដាន​កម្រិត​គុណភាព​ខ្យល់​ដែល​ត្រូវ​បាន​តំឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា រថយន្ត​ចល័ត​ចេញ​ធ្វើការ​វិភាគ​ទៅ​លើ​គុណភាព​ខ្យល់​បាន​បង្ហាញ​ថា គុណភាព​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​មាន​ផល​អាក្រក់​ដល់​សុខភាព​នោះ​ទេ គឺ​នៅ​ក្នុង​កម្រិត​ល្អជា​ប្រក្រតី​» ។

អ្នកនាំពាក្យ​ក៏​បាន​អំពាវនាវ​សូម​ឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយបារម្ភ​ឱ្យ​សោះ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងបរិស្ថាន តាមដាន​ជាប់​ជា​ប្រចាំ ។ ប្រជាពលរដ្ឋ ដែល​មាន​បំណង​តាមដាន​គុណភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​តាមដាន​របស់ App របស់​ក្រសួងបរិស្ថាន ដែល​មាន​ភាព​សុក្រឹត​ច្បាស់លាស់​ជាង​ការ​ប្រើប្រាស់ App ដទៃ ដែល​មិន​មាន​វិសាលភាព​នៃ​គ្របដណ្តប់​ទូលំទូលាយ និង​ច្បាស់លាស់​ដូច App របស់​ក្រសួង​ស្ថាន ។

កន្លង​មក ក្រសួងបរិស្ថាន បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី ខេត្ត​ទាំង​២៥ ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​រាន​ព្រៃ វាលស្មៅ ដុត​ប្លា​ស្ទិ​ក សំណល់​កសិកម្ម គល់​ជញ្ជ្រាំង សំរាម សំណល់​រឹង ប្លា​ស្ទិ​ក និង​ការ​ដុត​សំណល់​ផ្សេង​ៗ​ទៀត​នៅ​ទី​ចំហ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មានការ​កើនឡើង​ការ​បំពុលបរិយាកាស ។

ក្រសួងបរិស្ថាន បាន​នែ​នាំ​ឱ្យ​ពង្រឹង​ការ​ទប់ស្កាត់​ការ​ដុត​រាន​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​គល់​ជញ្ជ្រាំង ការ​ដុត​សំណល់​កសិកម្ម សំរាម ការ​បោះចោល និង​ដុត​សំណល់​ប្លា​ស្ទិ​ក និង​ការ​ឆេះ​ទីលាន​ចាក់សំរាម និង​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​នៅ​ការដ្ឋាន​សំណង់ និង​ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ