ខេត្តស្ទឹងត្រែង ៖ ចុងសប្តាហ៍ទី៣ ក្នុងខែមករា ដើមឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនសំណុំរឿងករណីប្រព្រឹត្តល្បែងស៊ីសង ទៅកាន់តុលាការ ក្រោយបញ្ចប់នីតិវិធី នៃការបង្ក្រាបបន្តបន្ទាប់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនធំ ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបករណីឆបោក និងករណីលេងល្បែងស៊ីសងខុសច្បាប់បន្តបន្ទាប់ ។
ករណីទី១ ៖ ដោយទទួលបានបណ្ដឹងពីជនរងគ្រោះឈ្មោះ ហែម ផាន់ណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ត្រី ទីលំនៅបច្ចុប្បន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង អំពីករណីឆបោកកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ក្រោយការស៊ើបអង្កេតដឹកពីជម្រកលាក់ខ្លួនជនសង្ស័យ និងមានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងលោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការពន្លាតសម្ថកិច្ចដែនដី សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានកំណត់មុខសញ្ញាឆបោក រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គ្រួច សឹង ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិតារហ៊េល(ខ) ឃុំចារធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ក្រោយការឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ សេរីឆ្នាំ២០១៣ គ្មានស្លាកលេខ០១គ្រឿង ។ ទូរសព្ទដៃ ម៉ាក NOKIA ពណ៌ខ្មៅចំនួន ០១គ្រឿង ។ បញ្ជូនមកការិយាល័យជំនាញកងរាជអាវុធខេត្តស្ទឹងត្រែង ចាត់ការបន្តតាមនីតិវិធី ។
ករណីទី២ ៖ នាថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ និងអាប៉ោង ចំនួន២ទីតាំងផ្សេងគ្នា ។ ទីតាំងទី១. ប្រព្រឹត្តនៅចំណុចអូរដក់ពរញើន ភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសាន និងទីតាំងទី២. នៅចំណុចអូរយឿន ភូមិអូរយឿន ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ។
ដោយបានរឹបអូសវត្ថុតាងបានមួយចំនួន សរុបរួមមាន ៖
-ម៉ូតូវ៉េវ គ្មានស្លាកលេខចំនួន ០៩គ្រឿង
-កង់ ០១គ្រឿង
-មាន់ជល់ ចំនួន ០២ក្បាល
-កន្ត្រក ០២
-ស៊ុំមាន់ ចំនួន០៤
-ចានអាប៉ោង គំរប ០១ឆុត
-ស្កុតរុំខ្នាយមាន់ មួយចំនួន
និងទូរសព្ទដៃម៉ាក oppo ពណ៌ខ្មៅ ចំនួន ០១គ្រឿង ។
ដោយឡែកជនសង្ស័យក្នុងសកម្មភាពបានរត់គេចខ្លួន ចំណែកម៉ូតូ និងវត្ថុតាងខាងលើ លោកអភិបាលស្រុកសេសាន បានប្រគល់ឲ្យការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីរក្សាទុក និងធ្វើការស៊ើបអង្កេតបន្តទៀត ៕
ចែករំលែកព័តមាននេះ