ទីក្រុងវ៉ាស៊ីនតោន៖ សេដ្ឋីអាមេរិកម្នាក់ប្រកាសថាខ្លួនត្រៀមផ្ដល់ថវិកាផ្ទាល់ខ្លួនរាប់លានដុល្លារដើម្បីចូលរួមនៅក្នុងមូលនិធិនៃកិច្ចព្រមព្រៀងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកត្រាំសម្រេចចិត្តដកប្រទេសអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុដែលលោកគិតថាខ្ជះខ្ជាយថវិកាជាតិ។
សេដ្ឋីអាមេរិក លោកម៉ៃឃើល ប្ល៊ូមបឺក ដែលជានាយកទូរទស្សន៍ប្ល៊ូមបឺកផងដែរនោះ ចង់ធ្វើយ៉ាងណាឱ្យស្ថាប័នដ៏សំខាន់មួយនេះនៅតែមានថវិកាប្រើប្រាស់គ្រប់គ្រាន់ដើម្បីបំពេញបេសកកម្មជួយសង្គ្រោះភពផែនដីរបស់យើងពីការវិនាសអន្តរាយដោយសារការឡើងកម្ដៅ។ ជាទូទៅរដ្ឋាភិបាលអាមេរិកចូលលុយ២២%នៃថវិកាសរុបរបស់ស្ថាប័ន UNFCCC។
សម្រាប់ឆ្នាំ២០២៤-២០២៥ ស្ថាប័ននេះត្រូវការថវិកា៩៦,៥លានដុល្លារ។ បេសកកម្មសំខាន់ៗរបស់ស្ថាប័ននេះគឺគាំទ្រការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុជាសាកល និងរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងអាកាសធាតុ។ កិច្ចប្រជុំលើកក្រោយនឹងរៀបចំនៅប្រទេសប្រេស៊ីលនាខែវិច្ឆិកា។ នេះជាលើកទី២ដែលលោកប្ល៊ូមបឺកក្នុងនាមជាអតីតចៅហ្វាយក្រុងញូយ៉កបានស្ម័គ្រចិត្តចូលខ្លួនមកជួយឈឺឆ្អាលបញ្ហាខ្វះខាតថវិកានៅក្នុងស្ថាប័នខាងលើ។
កាលពីឆ្នាំ២០១៧ បន្ទាប់ពីលោកត្រាំប្រកាសដកខ្លួនថយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកប្ល៊ូមបឺកបានចេញលុយហោប៉ៅខ្លួនឯងចំនួន១៥លានដុល្លារដើម្បីទ្រទ្រង់ស្ថាប័ន UNFCCC។ លោកប្ល៊ូមបឺកបានបញ្ជាក់ជំហរឡើងវិញថាលោកនៅតែប្ដេជ្ញាចិត្តចូលលុយទៅក្នុងមូលនិធិនេះប្រៀបដូចជាអ្នកតំណាងឱ្យភាគីប្រទេសអាមេរិកនៅក្នុងការចូលរួមបរិច្ចាគថវិកា។
ប្រធានទទួលបន្ទុកខាងអាកាសធាតុរបស់ UN ថ្លែងថាសប្បុរសជនដែលចូលលុយច្រើនៗដូចជាលោកប្ល៊ូមបឺកជាតួអង្គសំខាន់នៅក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងការប្ដេជ្ញាចិត្តអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង។ ដូច្នេះ គាត់បានចូលរួមចំណែកកាត់បន្ថយការបញ្ចេញជាតិពុលទៅក្នុងបរិយាកាស, ជួយជំរុញភាពធន់ និងបរិស្ថានល្អសម្រាប់មនុស្សទាំងអស់។
កាលពីថ្ងៃចន្ទ លោកត្រាំប្រកាសច្បាស់ៗថាអាមេរិកនឹងដកខ្លួនពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ នៅក្នុងបទបញ្ជានីតិប្រតិបត្តិរបស់លោកក៏មាននិយាយអំពីដកខ្លួនពីអង្គការសុខភាពពិភពលោកផងដែរ។ ក្រៅពីនេះ លោកត្រាំសម្រេចចិត្តកាត់បន្ថយការផ្ដល់ជំនួយទៅឱ្យប្រទេសនានាទូទាំងពិភពលោក និងណែនាំឱ្យពិនិត្យមើលឡើងវិញទាំងអស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងឡាយណាដែលធ្វើឱ្យប្រទេសអាមេរិកខាតបង់ផលប្រយោជន៍ជាតិ។
លោកត្រាំជាអ្នកជំនួញដូចលោកប្ល៊ូមបឺកដែរ។ ប៉ុន្តែអ្នកទាំង២មានជំហរផ្សេងគ្នាពាក់ព័ន្ធនឹងបញ្ហាលុយកាក់។ លោកប្ល៊ូមបឺកជាមនុស្សដៃទូលាយ ហើយហ៊ានចំណាយលុយច្រើនៗដោយឥតស្ដាយស្រណោះព្រោះគាត់គិតថាលុយជារបស់ក្រៅខ្លួន។ កាលពីអំឡុងបោះឆ្នោតប្រធានាធិបតីចុងឆ្នាំ២០២០ លោកប្ល៊ូមបឺកបានចំណាយថវិកាផ្ទាល់ខ្លួនជាង៥រយលានដុល្លារដើម្បីឃោសនាបោះឆ្នោត។ យោងតាមទស្សនាវដ្ដីហ្វប (Forbes) លោកប៊្លូមបឺកមានទ្រព្យសម្បត្តិសរុបជាង១០០ពាន់លានដុល្លារប្រហាក់ប្រហែលនឹងលោកប៊ីលហ្គេត៕
ចែករំលែកព័តមាននេះ