ទីក្រុងម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស បញ្ជាក់ថាទោះបីទទួលរងទណ្ឌកម្មយ៉ាងណាក្ដីក៏សេដ្ឋកិច្ចជាតិរបស់ប្រទេសរុស្ស៊ីនៅតែមានលំនឹងល្អ គ្មានរងការរំខានអ្វីគួរឱ្យកត់សម្គាល់នោះទេ។ អ្នកនាំពាក្យរូបនេះក៏សូមបញ្ចេញប្រតិកម្មតបទៅនឹងការគំរាមដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីដើម្បីបង្ខំឱ្យលោកពូទីនចូលតុចរចា និងបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។
លោកប៉េស្កូសយល់ថាភាសាគំរាមធ្ងន់ៗរបស់លោកត្រាំនោះគ្មានអ្វីប្លែកទេ។ នេះជាស្នៀតដដែលៗដែលលោកធ្លាប់បំផ្លោងវោហារសាស្ត្រតែបែបហ្នឹងឯងតាំងពីយូរមកហើយ។ នៅថ្ងៃនេះទៀត លោកត្រាំព្រមានថារុស្ស៊ីរងគ្រោះដូចសព្វថ្ងៃនេះនៅល្មមទេ។ លោកយល់ឃើញថានៅមានឱកាសច្រើនទៀតដែលអាមេរិកអាចដាក់ទណ្ឌកម្មរុស្ស៊ី។ លោកនឹងដំឡើងពន្ធខ្ពស់បំផុតទៅលើទំនិញរបស់រុស្ស៊ីដែលនាំចូលអាមេរិក។ ទំនិញរបស់រុស្ស៊ីដែលអាមេរិកទិញភាគច្រើនជាជីកសិកម្ម និងលោហធាតុ។
លោកត្រាំថ្លែងថាបើគ្មានកិច្ចព្រមព្រៀងសន្តិភាពទេ លោកគ្មានជម្រើសណាផ្សេងក្រៅពីដំឡើងពន្ធ និងដាក់ទណ្ឌកម្មលើវិស័យនាំចូលទាំងអស់របស់រុស្ស៊ី។ ប្រទេសដែលចូលដៃជាមួយរុស្ស៊ីនៅក្នុងសង្គ្រាមនេះក៏ទទួលរងទណ្ឌកម្មដូចគ្នា។ លោកសន្យាថានឹងផ្ដល់ផលប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ទៅលោកពូទីន និងប្រទេសរុស្ស៊ីបើសង្គ្រាមអ៊ុយក្រែនអាចបិទបញ្ចប់។
តបទៅនឹងបទអត្ថាធិប្បាយដូចខាងលើនេះ លោកប៉េស្កូសថ្លែងថាលោកត្រាំធ្លាប់បានដាក់ទណ្ឌកម្មរុស្ស៊ីកាលពីអាណត្តិមុនរួចហើយ។ ហើយឥឡូវនេះទៀត ទីក្រុងម៉ូស្គូកំពុងតាមដានរាល់ការថ្លែងសារនយោបាយរបស់លោកត្រាំ។ ប៉ុន្តែរុស្ស៊ីយល់ថាលោកត្រាំហាក់ដូចជាគ្មានអ្វីថ្មីទេ និងប្លែកនោះទេ។ ស្នៀតរបស់គាត់នៅតែដដែលៗដូចកាលពីអាណត្តិមុនដូច្នោះដែរ។
យើងកត់ត្រាទុកដោយយកចិត្តទុកដាក់នូវរាល់ពាក្យពេចន៍របស់លោកត្រាំ។ យើងត្រៀមខ្លួនរួចហើយដើម្បីសន្ទនាគ្នា។ លោកពូទីនក៏ធ្លាប់បានលើកឡើងជាញឹកញាប់ផងដែរអំពីការសន្ទនាគ្នាដោយស្មើភាព និងគោរពគ្នាទៅវិញទៅមក។ លោកត្រាំថ្លែងថាលោកត្រៀមនិយាយគ្នាជាមួយលោកពូទីននៅក្នុងពេលឆាប់ៗនេះ។ ចំណែកលោកប៉េស្កូសថ្លែងថាទីក្រុងម៉ូស្គូកំពុងរង់ចាំមើលការទាក់ទងពីក្រុមលោកត្រាំ។
ចំពោះសំណួរថាតើនៅពេលទទួលរងទណ្ឌកម្មបែបនេះ ប្រទេសរុស្ស៊ីមានសុខទុក្ខយ៉ាងណាដែរ? លោកប៉េស្កូសតបថាស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅតែដំណើរការល្អជាធម្មតា មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងអភិវឌ្ឍខ្លួនបានល្អគួរសម។ ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានដែលថាលោកពូទីនកំពុងដេកភ័យដោយសារសេដ្ឋកិច្ចរុស្ស៊ីចុះដុនដាប និងអស់លុយធ្វើសង្គ្រាមនោះមិនមែនជាការពិតទេ៕
ចែករំលែកព័តមាននេះ