ខេត្តបាត់ដំបង ៖ បើគិតចំនួនអគ្គិភ័យដែលបានកើតឡើងក្នុងខេត្តបាត់ដំបង នេះជាលើកទី០៨ហើយ ចាប់ពីដើមខែមករា ឆ្នាំ២០២៥ មកដល់ត្រឹមថ្ងៃទី២០ មករា ដែលអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់ ឆេះបំផ្លាញលំនៅឋាន ចម្ការ តូបលក់ដូរ។ល។ និង ។ល។
បើតាមសេចក្ដីរាយការណ៍របស់ការិយាល័យជំនាញ គ្រោះអគ្គិភ័យបានកើតឡើងចុងក្រោយនៅរសៀលថ្ងៃទី២០ មករា នៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក អគ្គិភ័យបានឆេះលំនៅឋានមួយខ្នងអស់គ្មានសល់ ដែលផ្ដើមចេញពីភ្លើងធូបដែលម្ចាស់ដុតទុកចោល ។
របាយការណ៍បានឲ្យដឹងថា លំនៅឋានដែលត្រូវភ្លើងឆេះ មានទំហំ ៤ម៉x៥ម៉ ដែលមានម្ចាស់ផ្ទះឈ្មោះ ថោង សុថា ភេទប្រុស អាយុ៧៦ឆ្នាំ ។ ជនរងគ្រោះមិនបានដឹងពីដំបូងទេ នៅពេលមានអគ្គិភ័យកើតឡើង តែគាត់បានដឹងក្រោយពេលអ្នកភូមិផ្ដល់ដំណឹង ខណៈភ្លើងកំពុងលេបត្របាក់ផ្ទះគាត់ ។ បើតាមសមត្ថកិច្ចដែលបានស្រង់សម្ដី ជនរងគ្រោះបានប្រាប់ថា គាត់បានដុតធូបទុកចោលនៅក្នុងផ្ទះ មុនពេលគាត់ចាកចេញទៅក្រៅផ្ទះ ។
ដូច្នេះ អគ្គិភ័យអាចកើតឡើងដោយសារភ្លើងធូប ដែលគាត់ដុតទុកចោលក្នុងផ្ទះ ។ សាក្សីនៅក្បែរនោះបាននិយាយថា ពេលភ្លើងឆេះម្ចាស់ផ្ទះមិនបាននៅទេ ។ គាត់បានចេញពីផ្ទះ ហើយបិតទ្វារទុកចោល បន្តិចក្រោយមក ស្រាប់តែមានផ្សែងហុយចេញពីផ្ទះ និងបង្កជាអគ្គភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ហើយគេក៏បានផ្ដល់ដំណឹងទៅម្ចាស់ផ្ទះភ្លាមៗដែរ ។
យោងតាមរបាយការណ៍ការិយាល័យជំនាញ ក្រៅពីឆេះអស់ផ្ទះមួយខ្នង អគ្គិភ័យបានឆេះកង់អស់០៣គ្រឿង ឆេះម៉ូតូ០១គ្រឿង ឆេះប្រាក់អស់ចំនួន៧០ម៉ឺនរៀល និងអង្ករអស់ចំនួន០៣ការ៉ុង តែមន្ត្រីជំនាញ មិនទាន់បានបូកសរុបពីចំនួនទឹកប្រាក់ដែលត្រូវខាតបង់ឡើយ ។ យ៉ាងណា ពេលនេះ មន្ត្រីជំនាញ និង អាជ្ញាធរកំពុងចុះត្រូតពិនិត្យ ដើម្បីផ្ដល់អំណោយសង្គ្រោះបន្ទាន់៕
ចែករំលែកព័តមាននេះ