រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ បានបាត់អត់ឃើញទៅធ្វើការរយៈពេល៣ថ្ងៃមកហើយ ដោយគ្មាននរណាបានដឹងថា នាងទៅណាឡើយ ហើយឃើញតែបន្ទប់ ដែលនាងស្នាក់នៅនោះ បិទទ្វារជិត និងចាក់សោទ្វារពីខាងក្រៅថែមទៀតផង ប៉ុន្តែអ្វីដែលចម្លែក និងធ្វើឲ្យអ្នកស្នាក់នៅបន្ទប់ក្បែរគ្នានោះ មានការសង្ស័យ គឺមានធុំក្លិនស្អុយភាយយ៉ាងខ្លាំង ចេញពីក្នុងបន្ទប់របស់នាង បន្ទាប់មកអ្នកជិតខាងក៏បានខលសួរទៅអ្នកដែលធ្វើការនៅក្នុងក្រុមជាមួយគ្នាថា ឃើញនាងទៅធ្វើការ ឬអត់ ? ពេលនោះចម្លើយគឺថា អត់ទេ ទើបខលប្រាប់អ្នកគ្រប់គ្រងផ្ទះជួលឲ្យទៅជួយមើលបន្ទប់នោះ ស្រាប់តែប្រទះឃើញនាងដេកស្លា.ប់បាត់ទៅហើយ ដែលតាមលទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ច គឺជនរងគ្រោះត្រូវឃា.តកររឹត.កសម្លា.ប់ ប៉ុន្តែពុំដឹងថា ជាអំពើប្លន់ ឬគំនុំ ឬអ្វីផ្សេងទៀតនោះទេ ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ក្រុមហ៊ុន ប៊ឺរី អឹភែរឹល ( ខេមបូឌា) ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ និងមានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
បើតាមស្ត្រីម្នាក់ ដែលជាមេក្រុមរបស់នាង បាននិយាយថា នារីរងគ្រោះ គឺជាកូនក្រុមរបស់គាត់ ហើយនាងធ្លាប់មានគូដណ្ដឹងម្ដងរួចមកហើយ ប៉ុន្តែបានបែកបាក់គ្នាទៅវិញ រយៈពេល២ឆ្នាំកន្លងមកហើយ។ ចំណែកឯមូលហេតុ ដែលបែកបាក់គ្នានោះ គឺដោយសារតែជិតដល់ថ្ងៃចូលរោងការ ជាមួយគ្នាទៅហើយ ស្រាប់តែបុរសជាគូដណ្ដឹងរូបនោះ បានក្បត់ចិត្តនាងទៅលួចមានស្រីថ្មីទៀត ។
មេក្រុមរូបនោះ បាននិយាយបន្តទៀតថា ដោយឡែកកាលពី៤ថ្ងៃមុន គឺនៅថ្ងៃសុក្រទី១៧ ខែមករា ឆ្នាំ២០២៥ ត្រូវធ្វើការថែមម៉ោងដល់វេលាម៉ោង៦ល្ងាចទើបចេញ ប៉ុន្តែនាងអត់បាននៅថែមម៉ោងនោះទេ គឺបានចេញទៅផ្ទះជួលនៅវេលាម៉ោង៤ល្ងាចថ្ងៃដដែលនោះ។ ដោយខណៈនោះ នាងរងគ្រោះ ពុំបានប្រាប់ឲ្យគាត់ ដែលជាមេក្រុមបានដឹង ឬសុំច្បាប់មេឡើយ ហើយថ្ងៃនោះ គាត់បានឮថា អតីតគូដណ្ដឹងរបស់ជនរងគ្រោះទៅរកនាងដល់បន្ទប់ផងដែរ ។
ស្ត្រីខាងលើ បានប្រាប់បន្ថែមថា លុះដល់ថ្ងៃសៅរ៍ទី១៨ ខែមករា ក៏អត់បានឃើញនាងរងគ្រោះទៅធ្វើការដែរ ហើយរូបគាត់ និងមិត្តភក្ដិរួមការងារផ្សេងទៀត បាននាំគ្នាខលរក និងហៅឲ្យទៅធ្វើការ ប៉ុន្តែខលចូលច្រើនដងអត់លើកសោះ។ រហូតមកដល់ថ្ងៃចន្ទ ទី២០ ខែមករានេះ ដែលជាថ្ងៃកើតហេតុ ក៏នៅតែពុំឃើញជនរងគ្រោះទៅធ្វើការដដែល ទើបនាំគ្នាខលរកជាថ្មីទៀត តែខលលែងចូល លុះដល់វេលារសៀល មានអ្នកស្នាក់នៅបន្ទប់ជិតនោះ មានការសង្ស័យ ព្រោះឃើញបន្ទប់នាងរងគ្រោះចាក់សោទ្វារពីខាងក្រៅ តែធុំក្លិនស្អុយប្លែកចេញមកក្រៅ ។
គាត់បានបញ្ជាក់ប្រាប់ទៀតផងដែរ បន្ទាប់មកអ្នកជិតខាងនោះ ក៏បានខលទៅសួរអ្នកធ្វើការក្នុងជាមួយជនរងគ្រោះ កូនក្រុមគាត់ផ្សេងទៀត)ថា បានឃើញនាងរងគ្រោះទៅធ្វើការទេ ? ពេលនោះកូនក្រុមគាត់ប្រាប់ថាអត់ឃើញទេ ។ ទើបអ្នកជិតខាងខលទៅប្រាប់អ្នកគ្រប់គ្រងផ្ទះជួលឲ្យទៅជួយមើលបន្ទប់ ដែលនាងរងគ្រោះស្នាក់នៅនោះ ហើយក៏ប្រទះឃើញនាងដេកស្លា.ប់ធុំក្លិនស្អុយបាត់ទៅហើយ ។
ដោយឡែក សមត្ថកិច្ចខណ្ឌពោធិ៍៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ រួចបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋនគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅពិនិត្យកោសល្យវិច័យ ។ ជាលទ្ធផល មន្ត្រីជំនាញពិនិត្យឃើញថា ជនរងគ្រោះស្លា.ប់ ដោយអំពើឃា.តកម្មដែលឃា.តករ ប្រើខ្សែរឹត.ក សម្លា.ប់រួចយកភួយ និងតុក្កតាគ្របពីលើ ហើយក្រោយពីសម្លា.ប់ជនរងគ្រោះរួច មុនពេលចាកចេញទៅ ឃា.តករបានយកសោចាក់ទ្វារពីខាងក្រៅ ប៉ុន្តែពុំទាន់ដឹងថា អំពើឃា.តកម្មនេះ គឺជាស្នាដៃអតីតគូដណ្ដឹងនាងរងគ្រោះ ឬក៏នរណាផ្សេងនោះឡើយ ហើយសង្ឃឹមថា សមត្ថកិច្ចនិងវែកមុខ ឃា.តករ ឃើញមិនខានឡើយ ៕
ចែករំលែកព័តមាននេះ