ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់របស់ស្ថាប័នជំនាញពាក់ព័ន្ធឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយសហការីជាច្រើននាក់នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យ ការសាងសង់បាវខ្សាច់យក្សតម្រាបតាមច្រាំងដងទន្លេប្រមាណ២០០ម៉ែត្រ ដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ។
ជាមួយនឹងសមិទ្ធផលជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្តក៏ដូចជាក្រសួងធនធានទឹកបានធ្វើឲ្យព្រះចៅអធិការវត្តរួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយនាំគ្នាត្រេកអរដោយមិនធ្វើឲ្យច្រាំងបាក់បន្តទៀត។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ប្រយោជន៍ការពារវត្តអារាម ដែលជាកន្លែងគោរពសក្ការៈបូជារបស់ពុទ្ធសាសនិកទាំងនៅទីជិតទីឆ្ងាយ។
ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។
ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកធ្វើការងារនេះដោយផ្ទាល់តែម្ដង ចាប់តាំងពីចុង ខែធ្នូ ឆ្នាំ២០២៤ ដោយសហការជាមួយ អាជ្ញាធរខេត្តកំពង់ចាម បន្ទាប់ពីមានការស្នើសុំនិងសំណូមពរ ឲ្យមានកិច្ចអន្តរាគមន៍ ពីខេត្ត ទៅលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ទើបឈានឲ្យមានការសាងសង់នោះ ។
សូមបញ្ជាក់ថា ការទប់ច្រាំងទន្លេមិនឲ្យបាក់ មិនមែនមានតែនៅទីនេះទេ គឺមាននៅស្រុកកងមាស កោះសូទិន កំពង់សៀមនិងស្រុកស្ទឹងត្រង់ នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តក៏ដូចជាស្ថាប័នជំនាញក្រសួងធនធានទឹក ។
ចែករំលែកព័តមាននេះ