ខេត្តព្រះសីហនុ ៖ ជនក្លែងបន្លំស្លៀកសំលៀកបំពាក់ឯកសណ្ឋានធ្វើជាសមត្ថកិច្ចដើរចាប់ជម្រិតទារប្រាក់ចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការបង្ក្រាបដោយមិនទុកឲ្យជនក្លែងបន្លំនៅប្រព្រឹត្តបទល្មើសតទៅទៀតបានឡើយ ។
កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសេចក្តីប្រកាសព័ត៌មាន ទាក់ទិនការបង្ក្រាបករណីជនក្លែងបន្លំស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចដើរជម្រិតទារប្រាក់នោះឲ្យដឹងថា ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអា វុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំ ពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌ មានគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជ អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម ៖
១.ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ ឆ្នាំ ។
២.ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ ឆ្នាំ ។
៣.ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ ឆ្នាំ ។
៤.ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ ឆ្នាំ ។
៥.ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ ឆ្នាំ ។
អំពីដំណើររឿង ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ ទៅ៥នាក់ បានចាប់ឆែកឆេររថយន្តនិងបានចោទថា ជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន ៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
កន្លងមក ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរយកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារអាមេរិក ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ