ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ ឃើញសត្វ​ក្រពើ​ជា​ច្រើន​ក្បាល​ងា​.​ប់​អណ្ដែត​ទឹកស្ទឹង​សង្កែ​ក្នុងស្រុក​ឯក​ភ្នំ

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សត្វ​ក្រពើ​ជា​ច្រើន​ក្បាល​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​រាយ​ប៉ាយ​ក្នុង​ទឹកស្ទឹង​សង្កែ កាលពី​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២០ មក​រា ស្ថិត​ត្រង់​ចំណុច​ម្ដុំ​ខាង​មុខ​វត្ត​ក្ដាំងងារ ក្នុង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ដែល​គេ​សង្ស័យ​មាន​គេ​យក​ទៅ​បោះចោល មិនមែន​ជា​សត្វ​ក្រពើ​ដែល​រស់​ក្នុង​ស្ទឹង​ទេ…

ខេត្តបាត់ដំបង ៖ សត្វ​ក្រពើ​ជា​ច្រើន​ក្បាល​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​រាយ​ប៉ាយ​ក្នុង​ទឹកស្ទឹង​សង្កែ កាលពី​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២០ មក​រា ស្ថិត​ត្រង់​ចំណុច​ម្ដុំ​ខាង​មុខ​វត្ត​ក្ដាំងងារ ក្នុង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ដែល​គេ​សង្ស័យ​មាន​គេ​យក​ទៅ​បោះចោល មិនមែន​ជា​សត្វ​ក្រពើ​ដែល​រស់​ក្នុង​ស្ទឹង​ទេ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សត្វ​ក្រពើ​ដែល​ងាប់​ទាំងនោះ ភាគច្រើន​មួយ​ក្បាល​ៗ​មាន​ទម្ងន់​ប្រហែល​ក្រោម​១០​គីឡូក្រាម និង​ប្រហែល​ជិត​១០​ក្បាល​ដែល​គេ​រក​ឃើញ​ងាប់​អណ្តែត​ទឹក​នៅ​ក្បែរ​ៗ​គ្នា​នោះ ។ អ្នក​ភូមិ​ជា​អ្នក​ប្រទះ​ឃើញ​ហ្វូង​ខ្មោច​ក្រពើ​ទាំងនេះ ហើយ​ក៏​បាន​រាយ​ការ​ប្រាប់​អាជ្ញាធរ​ដែនដី ដើម្បី​ចុះ​ត្រូ​ត​ពិនិត្យ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ខ្មោច​ក្រពើ​ទាំងនោះ ទំនង​អាច​ជា​សត្វ​ក្រពើ​ចិញ្ចឹម​ក្នុង​កា​សិ​ដ្ឋា​ន​ណាមួយ នៅ​ក្នុងស្រុក​ឯក​ភ្នំ ដែល​បាន​ងាប់ ហើយ​ត្រូវ​ម្ចាស់​ដឹក​យក​ទៅ​បោះចោល​ក្នុង​ទឹកស្ទឹង ។ អ្នក​ភូមិ ក៏​ដូច​អាជ្ញាធរ ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​ប្រទះ​ឃើញ​ខ្មោច​ក្រពើ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា បើ​ផ្អែក​លើ​ស្ថា​ភាព​ទឹកស្ទឹង​ក្នុង​រដូវ​នេះ ដែល​ស្រក​ស្ទើរ​ដល់​បាតដី​បែប​នេះ គ្មាន​សត្វ​ក្រពើ​រស់នៅ​តាម​ដងស្ទឹង​ទេ ។

ដូច្នេះ សាកសព​ក្រពើ​ទាំងនេះ​ប្រាកដ​ណាស់​ថា «​អាច​មាន​គេ​ដឹក​ចេញពី​អាង​ចិញ្ចឹម​ក្រពើ​ក្នុង​កសិដ្ឋាន​ណាមួយ​យក​ទៅ​បោះចោល​ក្នុង​ទឹកស្ទឹង​តែ​ម្ដង ។ វា​មិនមែន​ជា​សត្វ​ក្រពើ​ដែល​រស់នៅ​តាម​ដងស្ទឹង​នេះ​ទេ​» ។ ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា កាលពី​រដូវវស្សា​ឆ្នាំទៅ​មិ​ញ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​មួយ​ក្បាល​យ៉ាង​ធំ​បណ្ដែត​ខ្លួន​តាម​ដងស្ទឹង​សង្កែ នៅ​ម្ដុំ​ខាងលើ​នេះ ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ដដែល​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​អាជ្ញាធរ ទាំង​ប្រជាពលរដ្ឋ ។

ពេល​នោះ កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កាណូត និង​ឧបករណ៍​នេសាទ​តាម​ស្វែងរក​ចាប់​សត្វ​ក្រពើ​មួយ​ក្បាល​នោះ​ទម្រាំ​បាន ក្រុម​អ្នក​តាម​ប្រមាញ់​សត្វ​ក្រពើ​នោះ ត្រូវ​ចំណាយពេល​ជាង​៦​ម៉ោង ទើប​ចាប់​អូស​ក្រពើ​មួយ​ក្បាល​នោះ​ចេញពី​ក្នុង​ទឹកស្ទឹង​បាន ។ ហើយ​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​នោះ ត្រូវ​គេ​អះអាង​ថា ជា​ក្រពើ​ដែល​បាន​រួច​ចេញពី​ក្នុង​អាច​ចិញ្ចឹម​របស់​អ្នក​ភូមិ ក្នុងស្រុក​ឯក​ភ្នំ ។ ព្រោះ​ស្រុក​គ្របដណ្ដប់​លើ​ដងស្ទឹង​សង្កែ រហូត​ដល់​បឹង​ទន្លេសាប​មួយ​នេះ មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ច្រើន​ជាងគេ ។

ដោយឡែក ខ្មោចសត្វ​ក្រពើ​ជិត​១០​ក្បាល ដែល​គេ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ពេញ​ដងស្ទឹង​ខាងលើ​នេះ អា​ជ្ញ​ធរ និង​សមត្ថកិច្ច​កំពុង​ត្រូ​ត​ពិនិត្យ ដើម្បី​ស្រង់​ចេញពី​ក្នុង​ស្ទឹង ចៀសវាង​ស្អុយរលួយ​នៅ​ក្នុង​ទឹក នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ