ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់ម្ដាយថាទៅរកព្រះសង្ឃស្រោចទឹកឱ្យ​ ក៏​បា.ត់​​ខ្លួន លុះ៣ថ្ងៃក្រោយប្រទះឃើញអណ្ដែតទឹកស្រះក្នុងវត្ត

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាសិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានជម្ងឺសសៃប្រសាទ៤ឆ្នាំមកហើយ ក្រោយពេលចេញពីសាលារៀន ក៏បានប្រាប់ម្ដាយថា ទៅរកព្រះសង្ឃនៅវត្តជម្ពូវ័នស្រោចទឹកឲ្យ ។ ក្រោយមកក៏បាត់ខ្លួនរហូត…

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាសិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានជម្ងឺសសៃប្រសាទ៤ឆ្នាំមកហើយ ក្រោយពេលចេញពីសាលារៀន ក៏បានប្រាប់ម្ដាយថា ទៅរកព្រះសង្ឃនៅវត្តជម្ពូវ័នស្រោចទឹកឲ្យ ។ ក្រោយមកក៏បាត់ខ្លួនរហូត ពេលនោះម្ដាយបានតាមរកដែរ ប៉ុន្តែរកពុំឃើញសោះ ឃើញតែម៉ូតូដែលកូនប្រុសទុកចោលនៅក្នុងវត្ត ហើយត្រូវនគរបាលនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ លុះរយៈពេល៣ថ្ងៃក្រោយមក ស្រាប់តែព្រះឃើញប្រទះឃើញកូនប្រុសគាត់ស្លាប់អណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ននោះទៅវិញ ។

ហេតុការណ៍ខាងលើបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងស្រះទឹកវត្តជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនខាងលើឈ្មោះបិន ជីងប៉ាវ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២H1វិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ព្រះសង្ឃក្នុងវត្តខាងលើបានមានសង្ឃដិកាថា កាលពី៣ថ្ងៃមុនយុវជនរូបនោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៅរកព្រះសង្ឃដែលចេះមន្តអាគមន៍គាថាដើម្បីស្រោចទឹកឲ្យ ។ លុះក្រោយពេលស្រោចទឹករួចរាល់ យុវជននេះក៏បានស្លៀកតែខោ និងយកកន្សែងទទូរក្បាលរួចដើរចេញទៅបាត់ ដោយទុកម៉ូតូនៅមុខកុដិព្រះសង្ឃ ហើយខណៈនោះពុំដឹងថាទៅណានោះទេ ។

ព្រះសង្ឃដដែលបានមានសង្ឃដិកាបន្តទៀតថា ដោយចាំបាត់ៗមិនឃើញយុវជនខាងលើត្រលប់ទៅយកម៉ូតូវិញ ព្រះសង្ឃក៏បានផ្ដល់ដំណឹងនេះទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឲ្យទៅនាំយកម៉ូតូនោះទៅរក្សាទុកតែម្ដង ។ ព្រោះពេលនោះពុំបានដឹងថាតើមានមូលហេតុអ្វី ទើបយុវជនខាងលើទុកម៉ូតូចោលហើយចាកចេញទៅបាត់នោះឡើយ លុះដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញស្លាប់អណ្ដែតទឹកស្រះបែបនេះទៅវិញ ។

អ្នកស្រីញឹម សុជាតិ ត្រូវជាម្ដាយយុវជនរូបនោះបាននិយាយថា កូនប្រុសគាត់ខាងលើមានជំងឺសសៃប្រសាទរយៈពេល៤ឆ្នាំកន្លងមកហើយ ដោយនៅឆ្នាំដំបូងគាត់ក៏បានទៅបើកថ្នាំសសៃប្រសាទនោះឲ្យកូននៅមន្ទីពេទ្យព្រះកុសុមៈ ។ លុះដល់ឆ្នាំបន្ទាប់រហូតដល់ជីវិតចុងក្រោយរបស់កូននេះ គាត់បានទៅបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយមុនពេលស្លាប់ប៉ុន្មានថ្ងៃ ជំងឺបានធ្វើទុក្ខខ្លាំង ។ រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោយពេលចេញពីរៀនកូនប្រុសគាត់បានប្រាប់ថា ទៅរកព្រះសង្ឃវត្តជម្ពូវ័នស្រោចទឹកឲ្យ រួចក៏ស្រាប់តែបាត់រហូតតែម្ដង ។

អ្នកស្រីបានរៀបរាប់ប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកគាត់បានដើររកកូនគ្រប់ទីកន្លែងដែលកូនប្រុសធ្លាប់ទៅ ប៉ុន្តែរកមិនឃើញសោះ ហើយក្រោយមកបានទទួលដំណឹងថា កូនប្រុសគាត់ទុកម៉ូតូចោលនៅក្នុងវត្តជម្ពូវ័ន និងត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ នាំយកទៅរក្សាទុក ។ ពេលនោះគាត់ក៏បានទៅមើលឃើញថា ពិតជាម៉ូតូកូនប្រុសគាត់មែន ប៉ុន្តែនៅតែគ្មានដំណឹងពីកូនគាត់ដដែល ហើយគាត់នៅតែតាមរកបន្តទៀតព្រមទាំងបង្ហោះរូបថតកូននៅតាមគ្រុបប្រព័ន្ធតេឡេក្រាមដើម្បីស្វែងរកកូនទៀតផង ក៏នៅតែរកមិនឃើញទៀត ។

គាត់បានបញ្ជាក់ប្រាប់ថា លុះមកដល់វេលាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងតែរង់ចាំកូនត្រលប់ទៅផ្ទះវិញយ៉ាងអន្ទះសារ និងស្វែងរកទាំងការព្រួយបារម្ភបំផុតនោះ ស្រាប់តែទទួលដំណឹងថា ព្រះសង្ឃប្រទះឃើញសាកសពអណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ន ។ ខណៈនោះគាត់ក៏បានប្រញាប់ប្រញាល់ទៅមើល ក៏បានស្គាល់ថាអ្នកស្លាប់អណ្ដែតទឹកនោះ គឺជាកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួន៣ថ្ងៃមកហើយនោះ ពិតជាបានធ្វើឲ្យគាត់តក់ស្លុតខ្លាំងណាស់ ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ រួមនិងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យ និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋនគរបាលរាជធានីភ្នំពេញ ។ ដើម្បីឲ្យចុះទៅពិនិត្យកោសល្យវិច័យ ហើយលទ្ធផលបញ្ជាក់ថា យុវជនខាងលើស្លាប់ដោយលង់ទឹក ប៉ុន្តែពុំដឹងថា ជាការធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ឬ ចុះងូតទឹកសម្អាតខ្លួនក្រោយពីព្រះសង្ឃស្រោចទឹករួច ហើយក៏លង់ស្លាប់នោះទេ ប៉ុន្តែមិនជាប់ពាក់ព័ន្ធទៅនិងអំពើឃាតកម្មនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ