ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប និង​ដកហូត​ឧបករណ៍​រករ៉ែមាសដោយ​​ខុស​ច្បាប់​

11 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្ត​​មណ្ឌល​គិរី​ ៖ ឧបករណ៍​និង​សម្ភារៈ​ជា​ច្រើន​ប្រភេទ​ដែល​បម្រើ​ឲ្យ​ការ​រុករក​រ៉ែ​មាស​ខុសច្បាប់ ត្រូវ​បាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​សហការ​គ្នា​បង្ក្រាប កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។…

ខេត្ត​​មណ្ឌល​គិរី​ ៖ ឧបករណ៍​និង​សម្ភារៈ​ជា​ច្រើន​ប្រភេទ​ដែល​បម្រើ​ឲ្យ​ការ​រុករក​រ៉ែ​មាស​ខុសច្បាប់ ត្រូវ​បាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​សហការ​គ្នា​បង្ក្រាប កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។

យោង​តាម​របាយ​ការ​ណ៏​ក្រៅផ្លូវការ​ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មក​រា ក្រុមការងារ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក ទី សុផល ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី មន្ត្រី​បរិស្ថាន​មេ​ម៉​ង់ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាជ្ញាធរ​ឃុំ កង រាជអាវុធហត្ថ ៧៦៤ កម្លាំង​ប៉ុស្តិ៍​ចុង​ផ្លាស់ បាន​ចុះ​បង្ក្រាប​ការ​ធ្វើ​រ៉ែ​មាស​​អនាធិបតេយ្យ​នៅ​តំបន់​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​ដដែល​បន្ត​ថា ក្រុម​ការ​ងារ​ចម្រុះ​រឹបអូស​សម្ភារ​ដូច​ជា

១-​ម៉ាស៊ីន​គោ​យន្ត​ចំនួន​៦​គ្រឿង

២-​ត្បាល់កិន​រ៉ែ​ចំនួន​៦​គ្រឿង

៣-​ត្បាល់​អ៊ុ​ក​រ៉ែ​១​គ្រឿង

៤-​ត្រើយ​យោង​រ៉ែ​១​គ្រឿង

៥-​ម៉ូ​ទ័​រ​ទាញ​តុ​ញាក់​១​គ្រឿង

៦-​ម៉ាស៊ីនបូមទឹក​១​គ្រឿង

៧-​ធុង​រ៉ែ​ចំនួន​មួយ

៨-​រទេះរុញ​រ៉ែ​១​គ្រឿង

៩-​តុ​ញាក់​ចំនួន​២​គ្រឿង​បំផ្លាញ​ចោល​នៅ​កន្លែង

១០-​ថ្ម​រ៉ែ​ចំនួន​៦​បាវ

១១-​ម៉ូ​ទ័​រ​ភ្លើង​១​គ្រឿង

១២-​មនុស្ស​ចំនួន​៣​នាក់​បាន​ឃាត់ខ្លួន​យក​ទៅ​​សាកសួរ​នៅ​ស្នាក់​ការ​បរិស្ថាន​មេ​ម៉​ង់ ។ ក្រោយ​​​ការ​សាកសួរ​រួច​បាន​ដោះ​លែង​មក​វិញ ។

ទាក់ទិន​ករណី​ខាងលើ​លោក ទី សុផល ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​ចុះ​បង្ក្រាប​ការ​រុករក​រ៉ែ​អនាធិបតេយ្យ​នៅ​ឃុំ​ចុង​ផ្លាស់​មែន ហើយ​កម្លាំង​​ជំនាញ​បាន​រឹបអូស​សម្ភារៈ និង​ឃាត់​មនុស្ស​បី​នាក់​ដែល​លួច​ចូល​អណ្តូងរ៉ែ​ធ្វើ​កិច្ចសន្យា អប់រំ​រួច​ទើប​ឲ្យ​ទៅ​ផ្ទះ​វិញ ។

ទន្ទឹម​ប្រតិបត្តិការ​បង្ក្រាប​ការ​ធ្វើ​រ៉ែ​មាស​ខុស​ច្បាប់​ពី​សំណាក់​កម្លាំង​ចម្រុះ រួម​ទាំង​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​ផង​នោះ នៅ​ឃុំ​ចុង​ផ្លាស់​ដដែល​​ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ រ៉ុ​ង ឆេ​ង ធ្វើ​ប្រតិបត្តិការ​រុករក​រ៉ែ​មាស​ក្នុង​តំបន់​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុមហ៊ុន​មួយ​នេះ​សិក្សា​ស្រាវជ្រាវ​ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ​ឡើយ ដ្បិត​មិនឃើញ​មាន​បង្ហាញ​របាយការណ៍ សង្ស័យ​​នាំ​គ្នា​​លួច​មិន​តិច​ឡើយ​ ។​

ចំណែក​ក្រុមហ៊ុន​អូស្ត្រាលី​ឈ្មោះ រ៉េ​នើ​សង់ មី​នើ​រ៉​ល ដែល​ទើប​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​កំពុង​ដំណើ​រ​ការ​ផលិត​​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចុង​ផ្លាស់​ដែរ​នោះ ហើយ​តែង​បង្ហាញ​របាយការណ៍​ជា​សាធារណៈ គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ផលិត​មាស​បាន​ប្រមាណ ជាង ១២​ពាន់​គីឡូក្រាម (​ជាង ១២​តោន​) ដែល​​សមិទ្ធផល​ទាំងនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​​សក្តានុពល​ក្នុង​វិស័យ​រ៉ែ​ដ៏​សម្បូរ​បែប​ក្នុង​ខេត្ត​មណ្ឌល​គី​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ