ខេត្តស្វាយរៀង ៖ មានករណីអំពើឃាតកម្មដ៏សាហាវ បង្កឡើងដោយជនសង្ស័យម្នាក់ បានយកកាំបិតចាក់ដាវចាក់ប្រហារជនរងគ្រោះជាច្រើនកាំបិត ចំពោះ០១ដាវបណ្តាលឲ្យធ្លាយពោះចេញពោះវៀនមកក្រៅ០១កាំបិតចំឆ្ឆ្អឹងជំនីរខាងឆ្វេង ធ្លាយដល់សួត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវ បានស្លាប់ ខណៈសមត្ថកិច្ចដាក់ការសង្ស័យថា «ជារឿងគំនុំ»។
ករណីដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ បើតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ឃាតកម្មនេះបង្កដោយជនសង្ស័យឈ្មោះ រ័ត្ន ណាគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយក៏កាន់កាំបិតស្នៀត និងដាវ ដើរទៅចាក់ជនរងគ្រោះឈ្មោះរស់ សាវី អាយុ៤៤ឆ្នាំ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន២កាំបិត មួយកាំបិតត្រូវចំពោះ ធ្លាយពោះវៀនចេញមកក្រៅនិងមួយកាំបិតទៀតត្រូវចំឆ្អឹង ជំនីរខាងឆ្វេងធ្លាយរបាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
បន្ទាប់មក ត្រូវបងប្អូនអ្នកស្រុកស្រែកឆោឡោមកជួយ រួចបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសង្គ្រោះក៏ប៉ុន្តែ ពេលដឹកដល់កណ្តាលផ្លូវជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់។ លោកបានបន្តថា ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ព្រមទាំងលោក ហែម សារិទ្ធ អភិបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវទើបដឹងថា ជនសង្ស័យពេលប្រព្រឹត្តបទល្មើសរួចហើយបានរត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន បន្ទាប់មក សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ខ្លួន ប៉ុន្តែពេលនោះជនសង្ស័យ មានវត្ថុតាងកាន់ជាប់ និងដៃ ហើយក៏បានវាយផ្ទះបងប្អូនរបស់ខ្លួនបែកកញ្ចក់បង្អួច ទ្វារផ្ទះ និងសម្ភារប្រើប្រាស់ខូចខាតអស់មួយចំនួនទៀត។
ពេលសមត្ថកិច្ចព័ទ្ធចាប់ខ្លួននោះ ជនសង្ស័យបានកាន់វត្ថុតាងកាំបិត ដាវ និងពូថៅតបត រហូតដល់ម៉ោង១១និង០០នាទីយប់ ទើបសមត្ថកិច្ចចូលអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន ភ្លាមនោះមានបងប្អូនជនរងគ្រោះ និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលមកវាយត្រូវជនសង្ស័យបណ្តាលឲ្យមានរបួសស្នាម។
លោកបញ្ជាក់ថា មូលហេតុជនសង្ស័យធ្លាប់មានរឿងឈ្លោះគ្នាជាច្រើនលើកជាមួយជនរងគ្រោះ។ លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ បានបន្តថា នៅពេលឃាត់ខ្លួនសង្ស័យបានហើយ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ