ខេត្តបាត់ដំបង ៖ គ្រាប់មីនតោនដែលជាប្រភេទគ្រាប់ធុនធ្ងន់ សម្រាប់ដាក់ប្រឆាំងរថក្រោះ ឬយានធុនធ្ងន់គ្រប់ប្រភេទបានផ្ទុះកម្ទេចរថយន្តកែច្នៃមួយគ្រឿងពេលបើកចូលក្នុងចម្ការដើម្បីដឹកដំឡូងមី បណ្ដាលឲ្យរបួសមនុស្សធ្ងន់ និងស្រាលចំនួន០២នាក់ កាលពីរសៀលថ្ងៃទី១៧ មករា ស្ថិតនៅក្នុងចម្ការមួយកន្លែងក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ។
តាមរយៈរបាយការណ៍ លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូនបានឲ្យដឹងថា គ្រាប់មីនតោននោះ បានផ្ទុះកម្ទេចរថយន្តច្នៃនៅពេលព្យាយាមបើកចូលចម្ការ ដើម្បីដឹកដំឡូងមីក្នុងចម្ការនោះ ដែលម្ចាស់ចម្ការធ្លាប់អាស្រ័យផលរាល់ឆ្នាំ ។
លោកថា ក្រៅពីកម្ទេចរថយន្តមួយគ្រឿង អ្នកបើកបរឈ្មោះ ថៃ សឿន ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀតជិះក្បែររងរបួសស្រាល ។ លោកអធិការរូបនេះ បានបញ្ជាក់ថា ដីចម្ការដំឡូងខាងលើនេះ ត្រូវម្ចាស់ប្រើត្រាក់ទ័រភ្ជួរដាំដំឡូងរាល់ឆ្នាំ តែឆ្នាំនេះបែរជាជួបគ្រោះមហន្តរាយដោយសារគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅចំណុចផ្ទុះគ្រាប់មីននោះ ជាអតីតសមរភូមិក្នុងសម័យសង្គ្រាម ហើយកាកសំណល់សង្គ្រាមនេះនៅតែសេសសល់ក្នុងដីបង្កគ្រោះថ្នាក់រហូតដល់សព្វថ្ងៃនេះ ។ ប្រភពដដែលបានបញ្ជាក់ថា រថយន្តកែច្នៃនោះ បានបើកចូលទៅដឹកដំឡូង ដែលម្ចាស់ដករួច កាប់ហាលលើដីចម្ការដូចរាល់ឆ្នាំ ។
ប៉ុន្តែម្ចាស់ចម្ការមិនធ្លាប់ជួបប្រទះកាកសំណល់សង្គ្រាមដ៏គ្រោះថ្នាក់បែបនេះទេ ទើបឆ្នាំនេះ ពេលរថយន្តបើកចូលទៅដឹកដំឡូង ក៏កិនចំគ្រាប់មីនតោនផ្ទុះ បណ្ដាលឲ្យរបួសមនុស្ស០២នាក់ខណៈរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង៕
ចែករំលែកព័តមាននេះ