ខេត្តបន្ទាយមានជ័យ ៖ «អាងកន្សែង» ក្រោយពេលរាជរដ្ឋាភិបាលកសាងឡើងវិញ គឺសម្រាប់ផ្គត់ផ្គង់ទឹកបង្កបង្កើនផលប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា អាងកន្សែងមានទំហំផ្ទៃដីជាង៨០០ហិកតា នៅរដូវវស្សាផ្ទុកទឹកបានជាង១៥លានម៉ែត្រគីប នៅ
រដូវប្រាំងរហូតពេលនេះ នៅសល់ទឹកប្រមាណជា៤០% សល់ពីប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងសម្រាប់ទុកទឹកប្រើប្រាស់។
លោកបានបញ្ជាក់ថា តាមដឹងអាងកន្សែងត្រូវបានកសាងឡើងនៅសម័យ៣ឆ្នាំរបបប៉ុលពត ដែលត្រូវប្រើប្រាស់ដោយកម្លាំងមនុស្សជីកសាងជាទំនប់ ។ រហូតដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបាន
កសាងឡើងវិញ ដោយស្តារនិងធ្វើខ្នងទំនប់ទប់ទឹកនិងសំណង់ទ្វារទឹកដែលបែងចែកតាមប្រឡាយមេ សម្រាប់បើកអោយប្រជាកសិករបង្កបង្កើនផល ហើយអាងនេះបានកសាងប្រឡាយមេតភ្ជាប់ពីឃុំសិង្ហ ស្រុកអូរជ្រៅ ដល់ក្រុងសិរីសោភ័ណ ។
លោក ឡាយ សុធី បានបញ្ជាក់ថា អាងកន្សែងបានប្រភពទឹកហូរធ្លាក់ពីអូរព្រំដែនអូរបីជាន់ និងទឹកធ្លាក់ពីផ្នែកខាងលើ ត្រូវស្តុកទឹកទុកសម្រាប់ប្រជាកសិករបង្កបង្កើនផលសម្រាប់ប្រើប្រាស់នៅរដូវវស្សា ហើយអាងមួយសម្រាប់បង្ហូរទឹកចូលកាត់បន្ថយទឹកជំនន់កើតមាននៅផ្នែកខាងលើដូចជាក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ។
ចែករំលែកព័តមាននេះ