ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​រំពឹង​ថា​ចំណាប់​ខ្មាំង​៣​៣​នាក់​នឹង​ដោះ​លែង​នៅ​ថ្ងៃ​អាទិត្យ

14 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ​នៅ​ថ្ងៃ​អាទិត្យ​ គេ​រំពឹង​ថា​ក្រុម​ហាម៉ាស់​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​នៅ​វគ្គ​ដំបូង​ក្រោយ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រោម​ការ​សម្រប​សម្រួល​ពី​ប្រទេស​កាតា អេហ្ស៊ីប និង​អាមេរិក​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​។ បើ​សិន​កិច្ច​ព្រម​ព្រៀង​នេះ​អាច​អនុវត្ត​ដោយ​ជោគ​ជ័យ​​ មាន​ន័យ​ថា​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស់​រយៈ​ពេល​ជាង​មួយ​​ឆ្នាំ​​កន្លង​ទៅ​នេះ​នឹងស្ងប់​ស្ងាត់​ទៅ​វិញ​។…

ទី​ក្រុង​យេរូសាឡឹម៖ ​នៅ​ថ្ងៃ​អាទិត្យ​ គេ​រំពឹង​ថា​ក្រុម​ហាម៉ាស់​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​នៅ​វគ្គ​ដំបូង​ក្រោយ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រោម​ការ​សម្រប​សម្រួល​ពី​ប្រទេស​កាតា អេហ្ស៊ីប និង​អាមេរិក​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​។ បើ​សិន​កិច្ច​ព្រម​ព្រៀង​នេះ​អាច​អនុវត្ត​ដោយ​ជោគ​ជ័យ​​ មាន​ន័យ​ថា​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស់​រយៈ​ពេល​ជាង​មួយ​​ឆ្នាំ​​កន្លង​ទៅ​នេះ​នឹងស្ងប់​ស្ងាត់​ទៅ​វិញ​។

ប៉ុន្តែ​​​មុន​​នឹង​ស្ងប់​ទៅ​វិញ​ ផល​វិបាក​ជា​ច្រើន​បាន​កើត​ឡើង​។ មនុស្ស​ជាង​៤,៦​ម៉ឺន​នាក់​បាន​ស្លាប់​, ជន​ស៊ីវិល​ប៉ាឡេស្ទីន​​២,៣​លាន​នាក់​​ជម្លៀស​​ខ្លួន​ចេញ​ពី​សង្គ្រាម​ រួម​ទាំង​ផ្ទះ​សម្បែង​របស់​ប្រជា​ជន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ត្រូវ​ខ្ទេច​ដូច​បង្អួល​។ បទ​ឈប់​បាញ់​នេះ​យ៉ាង​ហោច​ណាស់​អាច​ជួយ​ផ្សះ​ផ្សា​មុខ​របួស​ និង​អរិ​ភាព​នៅ​ក្នុង​ចំណោម​ប្រទេស​នា​នា​នៅ​មជ្ឈិម​បូព៌ា​។

សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​នេះ​មិន​សាមញ្ញ​ពេក​ទេ​។ ដោយ​សារ​សង្គ្រាម​នេះ ប្រទេស​ដទៃ​ក៏​ត្រូវ​អូស​ទាញ​ឱ្យ​ធ្លាក់​ចូល​ទៅ​​ក្នុង​ជម្លោះ​នេះ​ផង​ដែរ​។ ជាក់​ស្ដែង​កូន​ចៅ​របស់​អ៊ីរ៉ង់​ដូច​ជា​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់ និង​ក្រុម​ហ៊ូទី​នៅ​ប្រទេស​យេ​ម៉េន​ក៏​ចូល​រួម​លេង​ល្បែង​នយោបាយ​នេះ​ដោយ​ប្រយោល​ផង​ដែរ​។ ពួក​គេ​វាយ​ប្រហារ​ទៅ​លើ​ផល​ប្រយោជន៍​របស់​អ៊ីស្រាអែល និង​អាមេរិក​នៅ​ក្នុង​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ជាការ​រួប​រួម​សាមគ្គី​គ្នា​ជា​មួយ​ប្រជា​ជន​ប៉ាឡេស្ទីន​​​។​

សូម្បី​តែ​ក្រុម​ប្រដាប់​អាវុធ​នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី​ក៏​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ម្ដង​ម្កាល​ជា​មួយ​អ៊ីស្រាអែល​ និង​អាមេរិក​ផង​ដែរ​។ ​យោង​តាម​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៦​អាទិត្យ​នោះ នៅ​ដំណាក់​កាល​ទី​១ ក្រុម​ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​៣៣​នាក់។ ក្នុង​នោះ មាន​ស្ត្រី​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ទាំង​អស់​ជា​​​ទាហាន​ស្រី​ខ្លះ​ និង​ជន​ស៊ីវិល​ស្រី​ខ្លះ​។​ ក្រៅ​ពី​នេះ​មាន​កុមារ​ និង​បុរស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​។

ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រាអែល​យល់​ព្រម​ដោះ​លែង​ស្ត្រី​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន​​ទាំង​អស់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នា​គារ​អ៊ីស្រាអែល។​​ ក្រៅ​ពី​នេះ​ដោះ​លែង​ទាំង​អស់កុមារ និង​អនីតិ​ជន​ក្រោម​អាយុ​១៩​ឆ្នាំ​។ បើ​ដូច្នេះ​មែន អ្នក​ទោស​ប៉ា​ឡេ​ស្ទីន​ដែល​ដោះ​លែង​លើក​នេះ​អាច​មាន​ចន្លោះ​ពី​៩៩០​-​១៦៥០​នាក់​។ ​ថ្ងៃ​នេះ​​ ក្រុម​ហាម៉ាស់​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ថា​ឧបសគ្គ​ធំ​ៗ​នៅ​ក្នុង​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ​។

ទោះ​បី​មាន​បទឈប់​បាញ់​ហើយ​ក្ដី ប៉ុន្តែ​​មិន​ទាន់​ចូល​ជា​ធរមាន​ជា​ផ្លូវ​ការ​ ជា​ពិសេស អ៊ីស្រាអែល​មិន​ទាន់​អនុម័ត​ជា​ផ្លូវ​ការ​​ ដូច​នេះ អ៊ីស្រាអែល​ឆ្លៀត​បន្ត​វាយ​ប្រហារ​ទៅ​លើ​តំបន់​ហ្កាហ្សា​ជា​បណ្ដើរ​ៗ​សិន​។ យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បាន​​ទម្លាក់​គ្រាប់​បែក​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១០១​នាក់​។​​ ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​គណៈ​រដ្ឋ​មន្ត្រី និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​អ៊ីស្រាអែល​ដែល​ដឹក​នាំ​ដោយ​លោក​ណឺតាន់​យ៉ាហ៊ូ​។

ខុទ្ទ​កាល័យ​របស់​លោ​កណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​​​លទ្ធ​ភាព​នៃ​ការ​អនុម័ត​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ភាគ​រយ​ខ្ពស់​មែន​ទែន​​​សឹង​តែ​១០០%​ទៅ​ហើយ​បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​​កោះ​ប្រជុំ​កាល​ពី​ព្រឹក​មិញ​ ហើយ​​​រង់​ចាំ​សំឡេង​អនុម័ត​នៅ​ពេល​ក្រោយ​ទៀត​។ ទោះ​បី​អ៊ីស្រាអែល​មិន​ទាន់​បញ្ជាក់​ពី​ការ​ទទួលយក​កិច្ច​​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ក្រុម​ហាម៉ាស់​ប្រកាស​ទុក​ជា​មុន​ថា​ខ្លួន​ទទួល​យក​ទាំង​ស្រុង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ