ទីក្រុងតូក្យូ៖ ថ្ងៃនេះ ប្រទេសជប៉ុនរំលឹកខួបទី៣០ឆ្នាំនៃព្រឹត្តិការណ៍រញ្ជួយដីដ៏ធំនៅទីក្រុងកូបេ (Kobe) កាលពីឆ្នាំ១៩៩៥ដែលធ្វើឱ្យទីក្រុងនេះទាំងមូលក្រឡាប់ចាក់ បាក់បែកអគារជាច្រើនខ្នង និងស្លាប់មនុស្សជាង៦៤០០នាក់។ គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រនោះកើតមានកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ហើយធ្វើឱ្យអាជ្ញាធរចាប់ផ្ដើមរៀបយុទ្ធសាស្ត្រឡើងវិញនៅក្នុងការការពារសុវត្ថិភាពពីការរញ្ជួយដី។
ក្រុមអ្នកចូលរួមពិធីរំលឹកខួបនោះបានរក្សាភាពស្ងៀមស្ងាត់មួយសន្ទុះនៅម៉ោង៥:៤៦ព្រឹកចំពេលដែលគ្រោះរញ្ជួយដីនោះកើតឡើង។ គេចាត់ទុកថានេះជាគ្រោះរញ្ជួយដីដែលសម្លាប់មនុស្សច្រើនលំដាប់ទី២នៅជប៉ុនចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២។ ហេតុការណ៍នោះបានកប់មនុស្សទាំងរស់អស់ជាច្រើនពាន់នាក់ ខណៈដែលអគារជាច្រើនខ្នងបាក់គ្រឹបៗចូលទៅក្នុងដីអស់រលីង។ ផ្លូវហាយវេ, ស្ពានអាកាស និងផ្លូវរថភ្លើងត្រូវរបើករបាញខ្ទេចខ្ទីអស់ដោយសារកម្លាំងរញ្ជួយ។
ផ្ទះដែលបាក់រលំត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ទិដ្ឋភាពបែបនេះមើលទៅគួរឱ្យរន្ធត់ញាប់ញ័រ និងសង្វេគជាពន់ពេក។ ទំហំនៃការខូចខាតដ៏ធំធេងនៃទីក្រុងកំពង់ផែកូបេធ្វើឱ្យវិស័យសេដ្ឋកិច្ចទីក្រុងនេះរងគ្រោះយ៉ាងដំណំ និងជំរុញឱ្យប្រជាជនត្រូវតែបង្ខំចិត្តធ្វើចំណាកស្រុកទៅរស់នៅទីកន្លែងដទៃទៀត។ ក្នុងមួយឆ្នាំៗ ប្រទេសជប៉ុនកើតមានគ្រោះរញ្ជួយដីមិនក្រោមមួយពាន់ករណីនោះទេដោយសារប្រទេសនេះស្ថិតនៅលើស្រទាប់ផែនដីដែលស្ដើង។
វិស្វករជប៉ុនរកឃើញបច្ចេកវិទ្យាដាក់រ៉ូស័រពីក្រោមបាតគ្រឹះនៃអគារ ដូច្នេះការរញ្ជួយដីល្មមៗមិនបង្កបញ្ហាអ្វីទេ លើកលែងតែរញ្ជួយដីខ្នាតធំដែលអាចឆក់យកជីវិតមនុស្សម្ដងម្កាល។ នៅសប្ដាហ៍នេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលជប៉ុនយល់ថាលទ្ធភាពនៃការរញ្ជួយដីខ្នាតធំបាតសមុទ្រអាចនឹងកើនឡើងចាប់ពី៧៥-៨២%នារយៈពេល៣០ឆ្នាំខាងមុខនេះ។ គ្រោះរញ្ជួយដីដែលកើតឡើងជាអតិបរមាអាចនឹងមានកម្រិតចាប់ពី៨-៩រ៉ិចទ័រ ហើយនឹងបង្កជារលកយក្សស៊ូណាមីខ្នាតធំ។
អត្រាស្លាប់ដោយសារគ្រោះធម្មជាតិប្រភេទនេះអាចនឹងហក់ឡើងដល់រាប់សែននាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមការព្យាកររបស់អ្នកជំនាញ។ នារយៈពេល១៤០០ឆ្នាំចុងក្រោយនេះនៅសមុទ្រណាន់កៃ (Nakai) មានគ្រោះរញ្ជួយដីកម្រិតធំកើតឡើងជាហូរហែរចន្លោះពី១០០-២០០ឆ្នាំកើតឡើងម្ដង។ គ្រោះរញ្ជួយដីលើកចុងក្រោយកើតឡើងកាលពីឆ្នាំ១៩៤៦៕
ចែករំលែកព័តមាននេះ