ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន នឹងធានាប្រាប់ក្រុមអ្នកទេសចរចិនថាប្រទេសថៃមានសន្តិសុខល្អបរិបូរសម្រាប់ពួកគេធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសថៃ។ ចំណាត់ការនេះធ្វើឡើងមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាចុងខែមករា ហើយក៏ធ្វើឡើងនៅពេលជនជាតិចិនដែលមានគម្រោងធ្វើដំណើរទៅប្រទេសថៃចាប់ផ្ដើមខ្លាចរអាក្រោយការបាត់ខ្លួនតារាចិន និងនារីចិនសរុបបីនាក់កាលពីពេលថ្មីៗនេះនៅពេលពួកគេធ្វើដំណើរទៅប្រទេសថៃ។
ប៉ុន្តែក្រោយមក តារាសម្ដែងឈ្មោះវ៉ាងស៊ីង និងនារីវ័យក្មេងឈ្មោះអ៊ូជាជីត្រូវសមត្ថកិច្ចថៃរកឃើញវិញ ហើយពួកគេបានវិលត្រឡប់ទៅមាតុភូមិដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក្ដី សំណុំរឿងបាត់ខ្លួន គួបផ្សំនឹងការល្បីតគ្នាថានៅព្រំដែនថៃ-ភូមាជាសម្បុកក្រុមឆបោកតាមអនឡាញនោះកំពុងផ្ទុះការចាប់អារម្មណ៍នៅក្នុងចំណោមអ្នកលេងបណ្ដាញសង្គមចិន។
ដូចនេះ អាជ្ញាធរថៃមិនអាចនៅស្ងៀមបានឡើយ។ ពួកគេចាប់ផ្ដើមពង្រឹងសន្តិសុខដើស្ដារមុខមាត់ជាតិឡើងវិញ និងដើម្បីកសាងទំនុកចិត្តនៅក្នុងចំណោមអ្នកទេសចរជនជាតិចិន។ ខាងលើនេះជាអ្វីដែលលោកស្រីផែថងថានបានលើកឡើងនៅក្នុងកិច្ចប្រជុំ។ ទេសចរណ៍ជាវិស័យសំខាន់របស់ថៃដែលអាចរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារនៅក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០២៤ ថៃអាចទាក់ទាញអ្នកទេសចរជាង៣៥លាននាក់។
លោកស្រីថ្លែងថាវិស័យទេសចរណ៍ជាមុខព្រួញសំខាន់នៃប្រាក់ចំណូលរបស់យើង។ ដូច្នេះលោកស្រីមិនចង់ឃើញវិស័យនេះរងផលប៉ះពាល់នោះទេ។ លោកស្រីបានណែនាំទៅស្ថាប័នដែលទទួលរ៉ាប់រងផ្នែកសន្តិសុខសូមពង្រឹងវិស័យនេះឱ្យបានខ្លាំងបន្ថែមទៀតដើម្បីការពារអ្នកទេសចរទាំងអស់។ លោកស្រីនឹងផ្ញើពាក្យពេចន៍ផ្ដាំផ្ញើទៅជនជាតិចិនដើម្បីធានាថាថៃនៅតែមានសុវត្ថិភាព និងសន្តិសុខល្អ។
កាលពីឆ្នាំ២០២៤ អ្នកទេសចរចិន៦,៧លាននាក់ធ្វើដំណើរកម្សាន្តនៅប្រទេសថៃ។ នេះបើយោងតាមតួលេខដែលកត់ត្រាដោយអាជ្ញាទេសចរណ៍ថៃ។ ប៉ុន្តែចំណោទសួរពាក់ព័ន្ធនឹងសន្តិសុខ និងសុវត្ថិភាពចាប់ផ្ដើមផ្ទុះឡើងនៅពេលលោកវ៉ាងស៊ីងបាត់ខ្លួនកាលពីដើមខែមករានៅតំបន់ព្រំដែនថៃ-ភូមា។ អាជ្ញាធរថៃសង្ស័យថាគាត់ជាជនរងគ្រោះនៃការរត់ពន្ធមនុស្ស។
លោកស្រីផែថងថានទទួលស្គាល់ថាចាប់តាំងពីផ្ទុះរឿងបាត់ខ្លួននេះមក អ្នកទេសចរជនជាតិចិនដែលបានកក់សំបុត្រយន្តហោះរួចហើយដើម្បីធ្វើដំណើរទៅប្រទេសថៃបានសម្រេចចិត្តលុបចោលគម្រោងនេះវិញ។ ប៉ុន្តែលោកស្រីអះអាងថាចំនួននេះមិនច្រើនពេកទេ។ ជាក់ស្ដែង បរិមាណភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅប្រទេសថៃនៅតែមិនថយចុះនោះឡើយ៕
ចែករំលែកព័តមាននេះ