រាជធានីភ្នំពេញ ៖ ខ្សែប្រយុទ្ធក្លិបបឹងកេត ចាន់ វឌ្ឍនាកា កំពុងស្ថិតនៅក្នុងភាពមន្ទិលជាថ្មីក្នុងការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីកីឡាកររូបនេះឈឺចុកចាប់នៅជង្គង់ខាងឆ្វេង ហើយត្រូវបានប្តូរចេញអំឡុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៥ ។
សម្រាប់ការប្រកួតនាពេលនោះ អ្នកគាំទ្របង្ហាញក្ដីបារម្ភនៅពេលឃើញខ្សែប្រយុទ្ធពាក់ស្លាកប្រធានក្រុមបឹងកេតរូបនេះព្យាយាមអូសបាល់គេចចេញពីកីឡាករក្រុមខេត្តកំពង់ចាមក៏ដួលតែម្នាក់ឯងដោយបង្ហាញអាការៈឈឺចាប់យ៉ាងខ្លាំងនៅផ្នែកជង្គង់ខាងឆ្វេងនោះ ។ ក្រោយការត្រួតពិនិត្យ គ្រូពេទ្យប្រចាំក្លិបបឹងកេត បានសម្រេចប្តូរចាន់ វឌ្ឍនាកា ចេញនៅនាទីទី៤០។
មកដល់ពេលនេះក្លិបបឹងកេតក៏បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ មករា ជុំវិញលទ្ធផលពិនិត្យបញ្ហារបួសរបស់កីឡាករចាន់ វឌ្ឍនាកា ផងដែរ ។ ក្លិបបឹងកេតបង្ហាញការសោកស្ដាយបន្ទាប់ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់ខាងឆ្វេងរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅថ្ងៃនេះ(១៦ មករា) ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់ វឌ្ឍនាកា បានដាច់ ហេីយទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក បន្ទាប់ពីបានរងរបួសអំឡុងការប្រកួតទល់នឹងក្រុមខេត្តកំពង់ចាម ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥។ ក្លិបសូមជូនពរ វឌ្ឍនាកា ឆាប់បានជាសះស្បេីយ។
ជុំវិញក្តីបារម្ភនេះ ចាន់ វឌ្ឍនាកា បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនថា៖«អរគុណ ពុកម៉ែ បងប្អូន អ៊ំ ពូ មីង យាយតា នូវការបារម្ភ និងជូនពរមកកាន់រូបខ្ញុំ ក្រោយមានការដួលនៅក្នុងទីលានប្រកួតល្ងាចម៉ិញ ។
ជម្រាប ពុកម៉ែ អ៊ំពូមីង យាយតា បងប្អូនទាំងអស់គ្នា គ្រប់យ៉ាងគឺត្រូវតែទទួលយកទោះជាលទ្ធផលបែបណាក៏ដោយ ខ្ញុំត្រូវទទួលបាននូវលទ្ធផលដ៏អាក្រក់មួយគឺរងការដាច់សរសៃពួរជង្គង់ខាងឆ្វេង (ACL) និង ការដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus) ។ សូមបញ្ជាក់ផងដែរថា របួសនេះមិនមែនជារបួសចាស់ដែលកើតឡើងកាលពីឆ្នាំ២០២២នោះទេ គឺវាបានកើតឡើងនៅជើងខាងឆ្វេងវិញម្ដង អរគុណគ្រប់គ្នានៅការបារម្ភ និងជូនពរមកកាន់ខ្ញុំ គ្រប់យ៉ាងគឺរង់ចាំការប្រជុំដើម្បីសម្រេចធ្វើតាមក្រុមគ្រូពេទ្យជំនាញ។»
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា ធ្លាប់រងរបួសដាច់សរសៃជង្គង់ខាង
ស្តាំ ក្នុងជំនួបជាមួយក្រុមវិសាខា ក្នុងការប្រកួតពានរង្វាន់ Prince Beer Pre-season Cup នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ តែរូបគេវះកាត់ទទួលបានជោគជ័យ ហើយបានវិលត្រឡប់មកកាន់ទីលានប្រកួតជាផ្លូវការវិញ ក្នុងពេលក្រុមបឹងកេត បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ៤-៣ នៃការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។
របួសដាច់សរសៃជង្គង់ខាងស្ដាំលើកមុនចាន់ វឌ្ឍនាកា បានចំណាយពេលជាង១ឆ្នាំដើម្បីព្យាបាលឱ្យជាសះស្បើយ១០០ភាគរយវិញ ។ ពេលនេះ កីឡាករឆ្នើមដ៏មានប្រជាប្រិយរូបនេះ មានបញ្ហារបួសជង្គង់ឆ្វេងវិញម្តង ដែលគេមិនដឹងថាត្រូវចំណាយពេលព្យាបាលប៉ុន្មានទើបជាសះស្បើយដូចដើមវិញទេ ៕
ចែករំលែកព័តមាននេះ