គុណភាពខ្យល់បានក្លាយជាបញ្ហាមួយដែលកម្ពុជាមិនអាចប្រហែសបានទេ បើសិនជាប្រទេសយើងមិន់ចង់ជួបប្រទះបញ្ហាធ្ងន់ធ្ងរដូចនៅថៃ។
សារព័ត៌មាន BBC បានរាយការណ៍ថា នៅដើមឆ្នាំ២០២៤ ពលរដ្ឋដែលមានបញ្ហាសុខភាពហើយតម្រូវឲ្យទៅរកសេវាកម្មសង្រ្គោះនៅមន្ទីរពេទ្យមានរហូតដល់ទៅ ១,៦ លាននាក់។ ពួកគេទាំងនោះគឺភាគច្រើនជាអ្នកមានបញ្ហាផ្លូវដង្ហើម ហឺត រលាសួត បេះដូង មហារីកសួត ។ល។
នៅថ្មីនេះ កាសែតបាកកប៉ុស្តិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៥ បានរាយការណ៍ថា នៅក្នុងចំណោមខេត្តសរុប ៧៧ គឺមានខេត្ត៥៨ ហើយដែលគេជូនដំណឹងឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងបញ្ហាបំពុលខ្យល់ ។ ការព្រមានកម្រិតពណ៌ទឹកក្រូចគឺមាន៣៨ ខេត្ត និងពណ៌ក្រហមតែម្តងគឺំមានរហូតដល់២០ខេត្ត។
តាមកម្រិតធ្ងន់នៃបញ្ហាខ្យល់នៅប្រទេសថៃនេះ កម្ពុជាត្រូវមានវិធានការជាមុនដើម្បីកុំអោយកើតមាននៅប្រទេសកម្ពុជា បើទោះបីជាពេលនេះ កម្ពុជាមិនទាន់ប្រឈមនឹងបញ្ហាគុណភាពខ្យល់ក៏ដោយ។
គុណភាពខ្យល់នៅកម្ពុជាថ្វីត្បិតតែមិនអី ប៉ុន្តែយើងក៏មិនអាចព្រងើយកន្តើយបានដែរនៅក្នុងអំឡុងពេលនេះ ដោយសារតែខ្យល់វាស្ងួតហើយខ្លាំង ខុសប្លែកពីធម្មតា ខណៈដែលនៅប្រទេសថៃមានសេចក្តីរាយការណ៍អំពីបញ្ហានេះគួរសមដែរ ។
តាមទីភ្នាក់ងារតាមដានគុណភាពខ្យល់ Air Quality Index បានឲ្យដឹងថា កំហាប់ភាគល្អិតនៅក្នុងខ្យល់ ដែលភាសារបច្ចេកទេសគេនិយមហៅថា PM2.5 កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺនៅក្នុងកម្រិតត្រឹមតែ រង្វង់ពី ១២ ទៅ ២៣ មីក្រូក្រាមនៅក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ ។
កំហាប់PM2.5 ដែលបានកត់ត្រានៅក្នុងអំឡុងរយៈពេល២៤ ម៉ោងនេះ គឺនៅក្នុងស្ថានភាព ដែល ស្ថាប័នអះអាងថា កំហាប់ភាគល្អិតធូលីនៅក្នុងខ្យល់គឺមានតិចបំផុត មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេ។
ដោយឡែកលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១០ ខែ មករា ថា កំហាប់ធូលីនៅក្នុងខ្យល់គឺនៅក្នុងរង្វង់ ជាមធ្យមគឺ ២៥,៤៩ មីក្រូក្រាមនៅក្នុងមួយម៉ែត្រគូប ប៉ុណ្ណោះ ។
លោកបានបន្តបញ្ជាក់ថា ស្ថានភាពនេះស្ថិតនៅក្រោមស្តង់ដាដែលកំណត់ដោយ អង្គការសុខភាពពិភពលោក ។ លោកបានបន្តថា កម្រិតកំហាប់ភាគលិ្អតនៃធុលីនៅក្នុងខ្យល់ដែលស្តង់ដាសុវត្ថិភាពព្រមានគឺ ចាប់ពី ៥០ មីក្រូក្រាមនៅក្នុង១ម៉ែត្រគូបខ្យល់ឡើងទៅ ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកវិភាគមួយរូបបានលើកឡើងថា គុណភាពខ្យល់នៅកម្ពុជាពិតជានៅក្រោមស្តង់ដានៃការព្រមានមែន។ ប៉ុន្តែយន្តការនៃការតាមដានគឺត្រូវតែបន្តធ្វើជាពិសេសគឺ នៅក្នុងរង្វង់ចុងខែធ្នូ ដល់ខែ ដើមឧសភា ។ កំហិតភាគល្អិតនៃធុលីនៅក្នុងខ្យល់នេះ ឡើងចុះតាមសកម្មភាព របស់មនុស្ស ហើយសកម្មភាពដែលនាំឲ្យគុណភាពខ្យល់ធ្លាក់ចុះគឺវាមានតាំងពីវិស័យសំណង់ សកម្មភាពនិងចលនានៃយានយន្តតាមរយៈការបំភាយផ្សែង ភ្លើងឆេះព្រៃ ហើយវាក៏ប្រែប្រួលតាមទីកន្លែងតាមតំបន់ថែមទៀតផង ។
លោកបានលើកឡើងថា យន្តការនៃការតាមដានគួរធ្វើជាប្រចាំហើយកុំខ្លាចនឹងជូនដំណឹងដល់ពលរដ្ឋពីព្រោះ នេះគឺជារឿងដែលពលរដ្ឋមានសិទ្ធិគួរដឹង។ វាក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយដែរ ។ លោកបានបន្តថា សូមប្រុងប្រយ័ត្នកុំអោយវាគ្រោះថ្នាក់ដូចជានៅថៃ ពីព្រោះថៃវាក្លាយជាបាតុភូតប្រចាំរដូវហើយ។ បញ្ហាបំពុលខ្យល់គឺត្រូវបានថៃរាយការណ៍ជាបន្តបន្ទាប់នៅក្នុងរង្វង់៥ឆ្នាំចុងក្រោយនេះ ដោយពេលនេះអាជ្ញាធរថៃកំពុងតែជំរុញឲ្យពលរដ្ឋប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ