រាជធានីភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម រហ័សនាម«ធីមផ្ទះយាយ» ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ ធ្វើការឃាត់ខ្លួនបានចំនួន ៧នាក់ ក្រោយក្រុមនេះធ្វើសកម្មភាពដេញកាប់យុវជនម្នាក់មិនបាន ក៏កាប់ម៉ូតូ១គ្រឿង បណ្ដាលឲ្យរងការខូចខាត និងប្រុងយកស្លាកលេខថែមទៀត។ ក្រោយពីការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើបានហើយ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកអធិការ បានដឹកនាំមន្ត្រីក្រោមឱវាទធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមនេះជាសាធារណៈ ដែលប្រព្រឹត្តទៅនៅក្នុងអធិការដ្ឋានខណ្ឌកំបូល មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
ក្មេងទំនើង ដែលត្រូវនគរបាលឃាត់ខ្លួននោះ គឺប្រុសទាំងអស់ រួមមាន ៖
១. ឈ្មោះ តែម ហាក់ហួរ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល (គ្មានសារធាតុញៀន ជាអ្នកកាប់) ។
២. ឈ្មោះ លន់ អូននិ ហៅ លិ អាយុ១៨ឆ្នាំ (មានសារធាតុញៀន)
៣. ឈ្មោះ ហូយ លីហួរ អាយុ១៩ឆ្នាំ មុខរបរសិស្ស (គ្មានសារធាតុញៀន)
៤. ឈ្មោះ ហូយ លីហ័ង អាយុ១៨ឆ្នាំ មុខរបរសិស្ស (គ្មានសារធាតុញៀនជាអ្នកគប់ដុំថ្ម)
៥. ឈ្មោះ ប៊ុនរី បូរី អាយុ១៨ឆ្នាំ មុខរបរសិស្ស (គ្មានសារធាតុញៀនជាអ្នកកាប់) ។ ទាំង៤នាក់នេះ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។
៦. ឈ្មោះ ភាព សោភ័ណ្ឌ អាយុ១៨ឆ្នាំ (គ្មានសារធាតុញៀន) ស្នាក់នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
៧. ឈ្មោះ អោម សុវណ្ណបញ្ញា អាយុ ១៨ឆ្នាំ (គ្មានសារធាតុញៀន) ស្នាក់នៅភូមិផ្សារអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
និងទី៨. ឈ្មោះ ធី អាយុ១៨ឆ្នាំ មុខរបរសិស្ស កំពុងគេចខ្លួន ។
មន្ត្រីនគរបាលដកហូត បានដាវកែច្នៃ ចំនួន ០២ដើម ។
ដោយឡែកយុវជនរងគ្រោះ ឈ្មោះ ទូច ពិសិដ្ឋ អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ខូចខាតម៉ូតូ ០១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខៀវលាយស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ1KX-3743 ដោយក្រុមក្មេងទំនើងកាប់ខ្ទេចកុងទ័រ ខោអាវម៉ូតូ និងកន្ទុយក្រោយ ។
ក្នុងពេលបង្ហាញមុខក្រុមធីមផ្ទះយាយនោះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១៩និង១០ នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ខណៈជនរងគ្រោះកំពុងស្ថិតនៅជាមួយមិត្តភក្ដិ នៅក្នុងហាងកាហ្វេយីហោ 520 នៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស្រាប់តែក្រុមក្មេងទំនើង រហ័សនាម«ធីមផ្ទះយាយ»នេះបានជិះម៉ូតូទៅធ្វើសកម្មភាពកាប់ដោយចោទប្រកាន់ទាំងស្រពិចស្រពិលទៅលើជនរងគ្រោះថា ជាបក្ខពួករបស់ក្រុមម្ខាងទៀត ដែលមានបានវាយពួកខ្លួន ។ ប៉ុន្តែពេលនោះ ជនរងគ្រោះរត់រួច កាប់មិនបាន ក្រុមនេះ ក៏បានកាប់បំផ្លាញម៉ូតូជនរងគ្រោះ ១គ្រឿង បណ្ដាលឲ្យខូចខាត ក្នុងបំណងយកផ្លាកលេខម៉ូតូថែមទៀត ហើយក្រោយកាប់រួច ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ បន្ទាប់មក ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ឲ្យជួយធ្វើការស្រាវជ្រាវ ។
លោកអធិការ បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយទទួលបានបណ្ដឹងនោះហើយ លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗ ហើយរយៈពេល១២ម៉ោងប៉ុណ្ណោះ គឺនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក៏បានឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ បានជាបន្តបន្ទាប់ ចំនួន៧នាក់ ដោយរត់រួចតែម្នាក់ប៉ុណ្ណោះ និងកំពុងបន្តស្វែងរកចាប់ខ្លួនបន្ថែមទៀតហើយ ។
បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកក៏បានដឹកនាំមន្ត្រីក្រោមឱវាទធ្វើសន្និសីទបង្ហាញមុខក្រុមក្មេងទំនើងខាងលើជាសាធារណៈ តែម្ដង មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
លោក ហុង ពិសិដ្ឋ បានថ្លែងទៀតថា ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដែលមានស្រាប់ ជាពិសេសដោយអនុវត្តន៍នៅបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញមកក្នុងពេលថ្មីៗនេះ នគរបាលខណ្ឌកំបូលត្រូវតែអនុវត្តន៍ឲ្យបាន ហើយបង្ក្រាបមិនលើកលែងឬយោគយល់អ្វីឡើយ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត គ្មានការភ័យខ្លាច។ ដូច្នេះលោកក៏សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវតែអប់រំកូនចៅឲ្យបានល្អ ចំណែកក្រុមយុវជន ដែលមានបំណងប្រមូលផ្ដុំបង្កើតជាក្រុម ជាបក្សពួកក្នុងអំពើទុច្ចរិត ឬក៏បង្កើតរួចហើយនោះត្រូវតែដកថយ បោះបង់រំសាយចោលវិញភ្លាម ហើយខិតខំរៀនសូត្រ កែខ្លួនឲ្យក្លាយជាមនុស្សល្អ ព្រោះកម្លាំងលោកក្ដាប់បានអស់ហើយ បើហ៊ានប្រព្រឹត្តមិនរួចខ្លួនឡើយ ដូចជាករណីខាងលើត្រឹម១២ម៉ោង កម្លាំងលោកបង្ក្រាបបាន៧នាក់ រត់រួចតែម្នាក់ប៉ុណ្ណោះ ។
លោកអធិការ បានបញ្ជាក់បន្ថែមផងដែរថា មិនថា តែក្មេងទំនើងប៉ុណ្ណោះទេ ទោះចាស់ទំនើង ក៏បង្ក្រាបទាំងអស់ដែរ ឲ្យតែអុកនៅក្នុងសង្គមប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងភាពសុខសាន្តប្រជាពលរដ្ឋ គឺបង្ក្រាបទាំងអស់ ។
ដោយឡែកចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបង្ក្រាបក្រុមក្មេងទំនើង បានចំនួន ០៨ករណី ឃាត់ខ្លួនមនុស្សចំនួន៤៦នាក់(ស្រី ០៤នាក់) ។ ក្នុងនោះមានសារធាតុញៀនចំនួន០៩នាក់ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១)ចំនួន១៩នាក់ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែរាជធានី ភ្នំពេញ(PJ)ចំនួន១៤នាក់, មណ្ឌលយុវនីតិសម្បទា ចំនួន ០២នាក់(ស្រី ចំនួន ០១នាក់) ។ និងដោះលែងចំនួន ០៤នាក់ ( ស្រី ចំនួន ០៣នាក់ និងអាយុ១៣ឆ្នាំ០១នាក់) និងសេសសល់ ចំនួន ២៦នាក់(ស្រី ០០នាក់) ក្នុងនោះ រួមមាន៖ (០៧នាក់ សេសសល់ ០១នាក់) កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ៕
ចែករំលែកព័តមាននេះ