ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​សមាជិក​មហា​អនុ​តំបន់​មេគង្គ រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ​ឆ្ពោះទៅ​ឆ្នាំ​២០៣០

21 ម៉ោង មុន

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​១៨-១៩ ខែធ្នូ ឆ្នាំ​២០២៤ លោក ម៉ែ​ន ភារ​ម្យ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ…

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​១៨-១៩ ខែធ្នូ ឆ្នាំ​២០២៤ លោក ម៉ែ​ន ភារ​ម្យ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​លោក ជុក ជំនោរ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៥៤ (54th GMS TWG Meeting) និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ការិយាល័យ​ទេសចរណ៍​មេគង្គ (MTCO Board Meeting) នៅ​ខេត្ត Krabi ប្រទេស​ថៃ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

១. ក្រុមការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៥៣ និង​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​លី​ជាំ​ង ប្រទេស​ចិន ដោយ​បាន​ពិភាក្សា​លើ​ការងារ​ប្រតិបត្តិ​របស់​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ (MTCO) និង​ជំនួប​រវាង​អ្នកជំនាញ អ្នក​អភិវឌ្ឍន៍​គោលនយោបាយ​ទេសចរណ៍ និង​វិស័យ​ឯកជន ដើម្បី​ចែករំលែក​គ្នា​ពី​វឌ្ឍនភាព និង​សភាពការណ៍​វិស័យ​ទេសចរណ៍​ក្នុង​មហា​អនុ​តំបន់​មេគង្គ ។

២. បាន​ពិនិត្យ​លើ​លទ្ធផល​ការងារ​ឆមាស​ទី​២ ដែល​អនុវត្ត​ដោយ ការិយាល័យ MTCO ផ្តោត​លើ​៖ (១)​កិច្ចសហការ​ជំរុញ​ការ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​បៃតង (Green Destinations) ការ​ពង្រឹងសមត្ថភាព​ផ្នែក​ឌី​ជី​ថ​ល​ដល់​សហគមន៍​ទេសចរណ៍ (៣)​ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ និង​(៤)​វឌ្ឍនភាព នៃ​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ ។

៣. ប្រទេស​ជា​មា​ជិ​កបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​បាន​ស្តារ​ឡើង​វិញ​ទាំងស្រុង​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ដោយ​គ្រោង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៦,៧​លាន​នាក់ និង​ការ​សម្រេច​បាន​នូវ​ការងារ​សំខាន់​ៗ​តាម​រយៈ​ការ​អនុវត្ត​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។

៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ប្រកបដោយ​បរិ​យា​ប័ន្ន​ដំណាក់កាល​ទី​១ និង​២ ( GMS Tourism Infrastructure for Inclusive Growth- TIIG) ជា​ពិសេស​វឌ្ឍនភាព​នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​កែប​រួម​មាន​៖ កំពង់​ផែ​ទេសចរណ៍​លើ​កោះទន្សាយ វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អ​ង្គោ​ល ទីលាន​ចាក់សំរាម ប្រព័ន្ធ​ចំរោះ​ទឹក​កង្វក់​ផ្សារ​ក្តាម មណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​ការ​អនុវត្ត​ស្តង់ដារ​ទេសចរណ៍​អាស៊ាន រួម​ជាមួយ​ការ​ពង្រឹងសមត្ថភាព​របស់​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ខេត្ត​កែប កំពត កោះកុង និង​ព្រះ​សីហ​នុ​។

៥. ក្រុមការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​របស់​ដៃគូរ​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តំបន់​មេគង្គ​រួម​មាន​៖ មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ ជប៉ុន និង​ចិន (AJC, AKC, ACC) DASTA, Millenium Destination និង ECPAT​។

៦. អង្គប្រជុំ​បាន​ពិនិត្យ​ចុង​ក្រោយ​នូវ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ ឆ្នាំ​២០៣០ (GMS Tourism Strategic Plan 2030) ដោយ​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៤៖ (១)​កសាង​គោលដៅ​ទេសចរណ៍​ប្រកបដោយ (Build Sustainable Destinations) (២) អភិវឌ្ឍន៍​ធនធានមនុស្ស (Develop Human Capital) (៣)​ពង្រឹង​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ (Strengthen Stakeholder Engagement) និង​(៤) ពង្រឹង​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍ (Enhance Destination Marketing)​។ ក្នុង​នោះ​សកម្មភាព​គន្លឹះ​សម្រាប់​អនុវត្ត​សរុប​ចំនួន​១៩ សកម្មភាព និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​អាទិភាព​សរុប​ចំនួន ៤១​គម្រោង ដែល​នឹង​ពិនិត្យ​លទ្ធភាព​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ដៃគូរ​អភិវឌ្ឍន៍​នានា​។

៧. អង្គប្រជុំ​បាន​ពិនិត្យ ផ្តល់​អនុសាសន៍ និង​អនុម័ត​លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៥ របស់​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ (2025 Yearly Plan Operation) ដំណើរការ​រៀបចំ​ចុះបញ្ជី​ការិយាល័យ​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ (GMSTO Office) ជា​ស្ថាប័ន​អន្តរជាតិ និង​ការ​ត្រៀម​រៀបចំ​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២៥ នៅ​ទីក្រុង​ហ្លួងព្រះបាង ប្រទេស​ឡាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ