រាជធានីភ្នំពេញ ៖ យុវជនជនម្នាក់ធ្លាប់ជាប់នៅមណ្ឌលកែប្រែគ្រឿងញៀ.ន២ដង ហើយចុងក្រោយនេះ ទើបតែចេញមកវិញបានរយៈពេល១ខែប៉ុណ្ណោះ ហើយអត់ដែលនៅផ្ទះទេបានចេញដើរជាមួយមិត្តភក្ដិបាត់រាល់ថ្ងៃ និងធ្លាប់ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល លួចទ្រព្យសម្បត្តិ២លើក ។
ដោយលើកទី១ បានសម្រេច លុះលើកទី២ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជិះកង់១គ្រឿងទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលមួយកន្លែង ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចូលលួចយកទ្រព្យសម្បត្តិ ។ ប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់បានរួចនាំយកទៅប្រគល់ឲ្យនគរបាល ។
យុវជនសង្ស័យដែលត្រូវចាប់ខ្លួនរូបនោះឈ្មោះទូច ស្រស់ អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកម្ចាស់បន្ទប់ឈ្មោះ មាន មុំ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរកម្មកររោងចក្រ ។
បើតាមបុរសជាឪពុកបាននិយាយថា កូនប្រុសគាត់ម្នាក់នោះ បានប្រើប្រាស់ញៀ.ន ហើយធ្លាប់បានជាប់នៅមណ្ឌលកែប្រែគ្រឿងញៀ.ន២ដងរួចមកហើយ ចំណែកចុងក្រោយនេះទើបតែចេញបានរយៈពេល១ខែប៉ុណ្ណោះ ប៉ុន្តែក្រោយពេលចេញ កាលណាមកកូនប្រុសរូបនេះ មិនដែលទៅស្នាក់នៅបន្ទប់ជួលជាមួយគាត់នោះទេ គឺបានដើរលេងជាមួយមិត្តភក្ដិបាត់រាល់ថ្ងៃ ។
ដោយឡែក នៅព្រឹកកើតហេតុគាត់មិនបានដឹងថា កូនប្រុសរូបនេះទៅប្រព្រឹត្តអំពើចោរកម្មនោះទេ ខណៈដែលគាត់កំពុងនៅផ្ទះសុខៗ ស្រាប់តែមានអ្នកស្គាល់គ្នាទៅប្រាប់ថា កូនប្រុសរបស់គាត់បានឆ្កឹះសោបន្ទប់ផ្ទះជួលមួយកន្លែង ហើយត្រូវបានអ្នកភូមិឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបាត់ទៅហើយ ទើបគាត់បានដឹង និងទៅមើលឃើញពិតជាកូនគាត់មែន ។
ចំណែកបុរសម្ចាស់បន្ទប់ជួលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពីបានចាក់សោទ្វារបន្ទប់ជួលត្រឹមត្រូវរួចរាល់ហើយ គាត់បានជិះម៉ូតូចេញទៅធ្វើការដោយពុំមានអ្នកនៅមើលបន្ទប់នោះទេ លុះពេលទៅដល់កន្លែងធ្វើការមេបានប្រាប់ថា ថ្ងៃនេះអត់ធ្វើការទេភ្លាមៗនោះរូបគាត់បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ។
ក្រោយពេលទៅដល់គាត់បានទុកម៉ូតូនៅខាងក្រោមរួចឡើងទៅកាន់បន្ទប់ជួល នៅលើជាន់ទី១ ស្រាប់តែឃើញបន្ទប់បិទទ្វារធម្មតា ប៉ុន្តែអត់ឃើញសោដែលគាត់ចាក់ពីខាងក្រៅឡើយ ។ បុរសនោះបាននិយាយបន្តទៀតថា ពេលនោះដោយមានការងឿងឆ្ងល់ គាត់ក៏បានធាក់ទ្វារចូលទៅ ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយចាប់បានភ្លាម រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ នាំទៅធ្វើការសាកសួរ ។
នគរបាលបានប្រាប់ថា ក្រោយពីសួរនាំជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលចូលលួចទ្រព្យសម្បត្តិចំនួនពីរលើកមកហើយ គឺលើកទី១លួចបានសម្រេច លុះលើកទី២នេះក៏ត្រូវបានម្ចាស់មកទាន់ ហើយឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង ។ ប៉ុន្តែក្រោយពីកម្លាំងនគរបាលនាំខ្លួនជនសង្ស័យទៅដល់ប៉ុស្តិ៍ចោមចៅទី៣ ម្ចាស់បន្ទប់ខាងលើបានប្រាប់ថា គាត់មិនប្តឹងផ្តល់អ្វីទេ គ្រាន់តែសំណូមពរឲ្យជួយធ្វើការអប់រំជនសង្ស័យរូបនោះទៅបានហើយ ៕
ចែករំលែកព័តមាននេះ