រាជធានីភ្នំពេញ ៖ ក្រោយទទួលបាន៣ពិន្ទុពេញជាលើកដំបូង តាមរយៈការវាយបកយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ២០២៤ វគ្គជម្រុះពូលA កាលពីព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (គោព្រៃកម្ពុជា) រក្សាបានឱកាសស្ដួចស្ដើងរបស់ខ្លួនក្នុងការឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ខាងលើ ។
ការប្រកួតទី៣ ក្នុងពូលលើទឹកដីរបស់ខ្លួននេះ ក្រុមគោព្រៃកម្ពុជា ត្រូវក្រុមភ្ញៀវទីម័រខាងកើត បើកការនាំមុខ ១គ្រាប់មុន នៅនាទីទី២២ ដែលធ្វើបានសម្រេចដោយកីឡាករ Joao Pedro ។ បន្ទាប់មកគោព្រៃកម្ពុជា ក៏បានព្យាយាមដាក់សម្ពាធ រហូតរកបានគ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ ស រតនា នៅនាទីទី៤២ មុនសមាជិកក្រុមវិសាខាដដែល បញ្ជូនបាល់ឲ្យកីឡាករ ហាវ សុខនេត្រ បញ្ចប់ទីគ្រាប់ទី២ នៅនាទីទី៧៩ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។
ជ័យជម្នះលើកដំបូងនេះ នាំឲ្យគោព្រៃកម្ពុជា រក្សាបានឱកាសស្ដួចស្ដើងរបស់ខ្លួន ដើម្បីអ៊ុតកៅអីវគ្គបន្ដ ដ្បិតនៅសល់១ប្រកួតទៀតត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ស្អែកនេះ ។
បច្ចុប្បន្នគោព្រៃកម្ពុជា រកបាន ៤ពិន្ទុស្មើក្រុមម៉ាឡេស៊ី តាមពីក្រោយក្រុមថៃដែលមាន៩ពិន្ទុ និងសិង្ហបុរី មាន៦ពិន្ទុ បន្ទាប់ពីក្រុមថៃបានយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី២-៤ នៅរាត្រីថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ