ហាងឆេងមាសនៅលើទីផ្សាអន្តរជាតិនៅឆ្នាំ២០២៥ ខាងមុខនេះត្រូវបានគេប៉ាន់ប្រមាណថា វាអាចនឹងប្រែប្រួលនៅក្នុងរង្វង់ថោកបំផុត គឺ២.៩៤០ដុល្លារ ហើយបើឡើងថ្លៃខ្ពស់បំផុត គឺត្រឹមរង្វង់ប្រមាណជា ៣.៥៤០ដុល្លារនៅក្នុងមួយតម្លឹង នេះបើតាមអត្ថបទមួយដែលត្រូវបានចុះផ្សាយ នៅលើទំព័រសារព័ត៌មាន the Economic Times ។
ប្រភពដដែលបានឲ្យដឹងថា ការវា.យតម្លៃនៃការប្រែប្រួលហាងឆេងមាស នៅលើទីផ្សារអន្តរជាតិបែបនេះ គឺវាអាចនឹងពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តកាត់បន្ថយការប្រាក់ដោយធនាគារកណ្តាលនៃប្រទេសសេដ្ឋកិច្ចធំៗ និងការរំពឹងទុកនៃប្រាក់ដុល្លារដែលចុះខ្សោយ ។
ក្រៅពីនេះ ការប្រែប្រួលហាងឆេងមាស នៅឆ្នាំក្រោយនេះក៏វានឹងទទួលរងឥទ្ធិពលដំណើរការទិញ ឬមិនទិញចូលមាសដោយធនាគារកណ្តាលរបស់ប្រទេសសំខាន់ៗដូចជា ចិន និងឥណ្ឌាជាដើម ។ ដោយឡែក ហានិភ័យភូមិសាស្ត្រនយោបាយនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាក៏ជាឥទ្ធិពលមួយផងដែរ ដល់ការកំណត់ហាងឆេងមាសពិភពលោក ។
មកដល់ពេលនេះ មាសត្រូវបានប្រើប្រាស់ជាឃ្លាំងសុវត្ថិភាពនៃតម្លៃក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហិរញ្ញវត្ថុពិភពលោកហើយវាត្រូវបានគេដឹងថា គឺជាជន្ទុលមូលដ្ឋានដ៏ប្រាកដប្រជាមួយនៅក្នុងការធានាលំនឹងសេដ្ឋកិច្ចរបស់ប្រទេស ដែលមានប្រជាជនច្រើនបំផុតទាំងពីរនៅលើពិភពលោក គឺឥណ្ឌា និងចិននេះឯង ។
ទិន្នន័យផ្លូវការរបស់ធនាគារកណ្តាលចិនបានបង្ហាញកាលពីពេលថ្មីៗនេះថា ធនាគារកណ្តាលរបស់ប្រទេសចិនបានបន្តទិញមាសសម្រាប់ជាទុនបម្រុងរបស់ខ្លួនក្នុងខែវិច្ឆិកា បន្ទាប់ពីការផ្អាករយៈពេលប្រាំមួយខែ ។
លោក ស្តេហ្វេន មេតហ្ស័ ( Steffen Metzger) អ្នកជំនាញមួយរូបនៃក្រុមហ៊ុនបណ្តាក់ទុន Heaeus ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់បាននិយាយថា «ជាមួយនឹងការត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជាបង្កមានភាពមិនច្បាស់លាស់បន្ថែមទៀតទាក់ទងនឹងពាណិជ្ជកម្ម និងពន្ធគយ ដូច្នេះចិន និងឥណ្ឌាអាចនឹងរិះគិតបន្ថែមទៀតលើការប្រើប្រាស់មាសជាទុនបម្រុងសេដ្ឋកិច្ចរបស់ខ្លួន ។
ក្រុមប្រឹក្សាមាសពិភពលោកបានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះតម្លៃមាសបានកើនឡើងច្រើនជាង២៨ភាគរយនេះ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងនៅពេលបច្ចុប្បន្ន ។
នេះ គឺជាការព្យាករណ៍សម្រាប់ឆ្នាំ២០២៥ ប៉ុន្តែតាមសេចក្តីរាយការណ៍របស់រ៉យទ័រវិញ បានឲ្យដឹងថា ក្រោយពេលដែលហាងឆេងមាសឡើងខ្ពស់បំផុត នៅក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤ ហាងឆេងបានធ្លាក់ចុះប្រមាណជាជាង១ភាគរយវិញ ។ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ហាងឆេងមាសនៅក្នុងរង្វង់ប្រមាណជាជាង៣.២០០ ដុល្លារនៅក្នុងមួយតម្លឹង ។
គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ តម្លៃមាសនៅក្នុងស្រុកសម្រាប់មាសគីឡូ គឺលក់ចេញតម្លៃ៣.២៦០ ដុល្លារនៅក្នុងមួយតម្លឹង ស្របពេលដែលផ្លាទីនទឹក៧៥ គឺមានតម្លៃ២.៤៥០ ដុល្លារហើយផ្លាទីនទឹក៧០ គឺ២.២៩០ដុល្លារនៅក្នុងមួយតម្លឹង ៕
ចែករំលែកព័តមាននេះ