ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋនៅក្នុងឃុំពាមមានជ័យបានឲ្យដឹងថា ការដ្ឋានខ្សាច់មានជ័យដែលមានទីតាំងនៅជាប់ដងទន្លេមេគង្គ ទល់មុខវត្តទួលត្រាស់ ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ បានលួចធ្វើអាជីវកម្មបូមខ្សាច់លក់ រាប់ឆ្នាំមកហើយ ប៉ុន្តែមិនដែលមានមន្ត្រីជំនាញរ៉ែនិងអាជ្ញាធរណាម្នាក់ចុះទៅត្រួតពិនិត្យមើលនោះទេ ទាំងដែលទីតាំងស្តុបខ្សាច់នេះ ពុំមានច្បាប់អាជីវកម្មឡើយ។
អាជ្ញាធរឃុំពាមមានជ័យធ្លាប់បានប្រាប់ទូរទស្សន៍មួយថា ការដ្ឋានស្តុបខ្សាច់មានជ័យនេះគឺបានសុំច្បាប់ទៅអាជ្ញាធរស្រុក និងខេត្តបង្កើតធ្វើជាទីតាំងត្រៀមសម្រាប់ផ្គត់ផ្គង់ខ្សាច់ក្នុងការធ្វើផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ប៉ុន្តែរហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿនមិនទាន់ធ្វើផង បែរជាម្ចាស់ទីតាំងមួយនេះ លួចបូមខ្សាច់ក្នុងទន្លេ ដាក់លក់យកលុយយ៉ាងរំភើយ។ ចំណែកម្ចាស់បូមខ្សាច់ម្នាក់ឈ្មោះ ធូ ដែលជាអ្នកលួចបូមខ្សាច់ពីក្នុងទន្លេ ដាក់អោយការដ្ឋានខ្សាច់មានជ័យនេះលក់រាល់ថ្ងៃនោះ បានអះអាងថា រូបគេបូមខ្សាច់នេះ គឺធ្វើតាមបញ្ជារបស់ម្ចាស់ការដ្ឋានខ្សាច់មានជ័យ ឈ្មោះឯកឧត្តម សុខ វុធ បើមានបញ្ហាអ្វីឱ្យសួរទៅឯកឧត្តមចុះ។
ប្រជាពលរដ្ឋនៅក្នុងពាមមានជ័យបានលើកឡើងជាចម្ងល់ថា ការដ្ឋានខ្សាច់មានជ័យនេះលួចបូមខ្សាច់លក់អនាធិបតេយ្យ ដោយគ្មានអាជ្ញាប័ណ្ណរាប់ខែឆ្នាំហើយ ហេតុអ្វីមន្ត្រីជំនាញរ៉ែនិងថាមពល និងអាជ្ញាធរស្រុកខេត្ត មិនចុះហាមឃាត់បែបនេះ តើហេតុអ្វីទៅ?
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញនៃមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង បានបកស្រាយថា រឿងច្បាប់អាជីវកម្មលក់ខ្សាច់ ក្រសួងបានប្រតិភូកម្មអំណាចទៅឲ្យអាជ្ញាធរស្រុកហើយ ដូច្នេះការដ្ឋាននោះមានច្បាប់អាជីវកម្មឬអត់ ? ឱ្យសួរទៅអាជ្ញាធរស្រុកវិញ មន្ទីរ៉ែនិងថាមពលមិនពាក់ព័ន្ធទេ។ ប៉ុន្តែមន្ទីរនឹងចុះត្រួតពិនិត្យមើល ចំពោះការលួចបូមខ្សាច់ពីក្នុងទន្លេ ព្រោះវាជាការទទួលខុសត្រូវរបស់មន្ទីរ។
លោក យិន សារ៉េត នាយករដ្ឋបាលសាលាស្រុកពាមរក៍ បានទទួលស្គាល់ថា ការដ្ឋានខ្សាច់មានជ័យនេះពិតជាពុំមានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មលក់ខ្សាច់មែន គឺគេមានត្រឹមតែសុំច្បាប់ស្តុបខ្សាច់ប៉ុណ្ណោះ ប៉ុន្តែលោកនឹងចាត់ឲ្យមន្ត្រីជំនាញ កោះហៅម្ចាស់ការដ្ឋានខ្សាច់មួយនេះ ឲ្យមកដាក់ឯកសារស្នើសុំច្បាប់ធ្វើអាជីវកម្ម នៅសាលាស្រុក ក្នុងពេលឆាប់ៗនេះហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ