ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថ្លែង​ថា​ខ្លួន​ត្រៀម​ធ្វើ​ការ​ជា​មួយ​ប្រ​ធា​នា​ធិបតី​ស្ដី​ទី​កូ​រ៉េ​ខាង​ត្បូង​

19 ម៉ោង មុន

ទី​ក្រុងសេអ៊ូល៖ បន្ទាប់​ពី​​​រដ្ឋ​សភា​​កូរ៉េ​ខាង​ត្បូង​បោះ​ឆ្នោត​ព្យួរ​តំណែង​ប្រធានា​ធិប​តី​របស់​​លោក​យូន​ស៊ុក​យូល​​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ រដ្ឋា​ភិបាល​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​ទី​ក្រុង​សេអ៊ូល​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​មួយ​ប្រ​ធា​នា​​ធិបតី​ស្ដី​ទី​ លោក​ហាន​ដុក​ស៊ូ (Han Duck-soo)។ ប្រមុខ​ការ​ទូត​អាមេរិក​ដែល​កំពុង​បំពេញ​បេសក​កម្ម​នៅ​​មជ្ឈិម​បូព៌ា​​​ចាត់​ទុ​កការ​ដក​តំណែង​នេះ​ជា​សញ្ញា​វិជ្ជ​មាន និង​ជា​ការ​បង្ហាញ​ថា​កូរ៉េ​ខាង​ត្បូង​​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ​ដ៏​រឹង​មាំ​របស់​ខ្លួន​។ លោក​​សន្យា​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋា​ភិបាល​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានា​ធិបតី​ស្ដី​ទី​។​ ​លោក​ប្លីង​ខិន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ប្រទេស​ហ្សក​ដង់​…

ទី​ក្រុងសេអ៊ូល៖ បន្ទាប់​ពី​​​រដ្ឋ​សភា​​កូរ៉េ​ខាង​ត្បូង​បោះ​ឆ្នោត​ព្យួរ​តំណែង​ប្រធានា​ធិប​តី​របស់​​លោក​យូន​ស៊ុក​យូល​​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ រដ្ឋា​ភិបាល​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​ទី​ក្រុង​សេអ៊ូល​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​មួយ​ប្រ​ធា​នា​​ធិបតី​ស្ដី​ទី​ លោក​ហាន​ដុក​ស៊ូ (Han Duck-soo)។ ប្រមុខ​ការ​ទូត​អាមេរិក​ដែល​កំពុង​បំពេញ​បេសក​កម្ម​នៅ​​មជ្ឈិម​បូព៌ា​​​ចាត់​ទុ​កការ​ដក​តំណែង​នេះ​ជា​សញ្ញា​វិជ្ជ​មាន និង​ជា​ការ​បង្ហាញ​ថា​កូរ៉េ​ខាង​ត្បូង​​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ​ដ៏​រឹង​មាំ​របស់​ខ្លួន​។

លោក​​សន្យា​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋា​ភិបាល​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានា​ធិបតី​ស្ដី​ទី​។​ ​លោក​ប្លីង​ខិន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ប្រទេស​ហ្សក​ដង់​ (Jordan) ថា​ចំណុច​សំខាន់​បំផុត​ដែល​លោក​យល់​ឃើញ​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ត្រង់​ថា​ប្រទេស​នេះ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ដ៏​រឹង​មាំ​។ យើង​អាច​សម្លឹង​ឃើញ​ថា​ប្រទេស​នេះ​អនុវត្ត​ដោយ​សន្តិ​វិធី​ទៅ​តាម​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​។

យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បីធ្វើ​ការ​ជា​មួយ​លោក​ប្រធានា​ធិបតី​ហាន​ដុក​ស៊ូ​នៅ​ពេល​លោក​ទទួល​តំណែង​ជា​ប្រធានា​ធិប​តី​ស្ដី​ទី​។ ​​ប្រមុខ​ការ​ទូត​អាមេរិក​រូប​នេះថ្លែង​បន្ត​ទៀត​ថា​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​​ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​។ យើង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សម្ព័ន្ធ​ភាព​ដែក​ថែប​រវាង​​ប្រទេស​យើង​ទាំង​២​​ អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​។

លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ដែល​ពី​មុន​ជា​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ ហើយ​ឥឡូវ​នេះ​ក្លាយ​ជា​ប្រធានា​ធិប​តី​ស្ដី​ទី

សូម​រំលឹក​ថា​អា​មេរិក​ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​លោក​យូន​ស៊ុក​យូល​ដែល​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នោះ​ទេ​។​ ​ទី​ក្រុង​វ៉ាស៊ីន​តោន​ប្រើ​ភាសា​ការ​ទូត​ថា​ខ្លួន​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ និង​សង្ឃឹម​ថា​កូរ៉េ​ខាង​ត្បូង​អាច​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​វិស័យ​នយោបាយផ្ទៃ​ក្នុង​ជាតិ​ដោយ​សន្តិ​វិធី​ និង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។

អាមេរិក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​ច្បាប់​អា​ជ្ញា​សឹក​នៅ​កូរ៉េ​ខាង​ត្បូង

ក្រោយ​ប្រតិ​កម្ម​ពី​អាមេរិក និង​ក្រោយ​ពេល​រដ្ឋ​សភា​បោះ​ឆ្នោត​ជំទាស់​នឹង​ច្បាប់​អាជ្ញា​សឹក​​​តែ​បន្តិច​​ប៉ុណ្ណោះ លោក​យូន​ស៊ុក​យូល​ប្រកាស​កាត់​រំសាយ​ច្បាប់​នោះ​ចោល​វិញ​។ ក្រោយ​មក​ លោក​ថែម​ទាំង​បាន​សូម​អភ័យ​ទោស​ចំពោះ​ការ​ធ្វើ​ឱ្យ​មហា​ជន​ជាតិ​ និង​អន្តរ​ជាតិ​ភ័យ​ស្លន់​ស្លោ​។ ប៉ុន្តែ​លោក​នៅ​តែ​គិត​ថានេះ​ជា​​ទង្វើ​​ត្រឹម​ត្រូវ​ដដែល​។ ឥឡូវ​នេះ អ្វី​ៗ​ហាក់​​ដូច​ជា​ជ្រុល​ក្បាល​ក្រពើ​អស់​ទៅ​ហើយ​។ បើ​ទុក​ជា​លោក​ចង់​បង្វិល​ពេល​វេលា​ឱ្យ​ថយ​ក្រោយ​វិញ​ក៏​មិនអាច​ទៅ​រួច​ដែរ។​

លោក​យូន​ស៊ុក​យូល​នៅ​ពេល​នេះ​ហាក់​ដូច​ជា​ស្ថិត​នៅ​មុខ​កាំបិត​ដ៏មុត​ស្រួច​។ បើ​​​លោក​ហ៊ាន​ដើរ​ខុស​តែ​បន្តិច​នឹង​មាន​បញ្ហា​ធំ​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​អ្នក​​ចូល​រួម​នៅ​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ សុទ្ធ​តែ​មន្ត្រី​គ្រាក់​ៗ​​។ ឧទាហរណ៍ អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​, អតីត​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​, អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ជា​ដើម​។​​ បើ​តុលាកា​ររក​ឃើញ​ថា​​​ពួក​គេ​ រួម​ទាំង​លោ​កយូន​ស៊ុក​យូល​​ផង មាន​ទោស​ក្បត់​ជាតិ​​ដូច​ការ​ចោទ​ប្រកាន់​មែន ពួក​គេ​​​អាច​នឹងត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​​ ឬ​យ៉ាង​ហោច​ណាស់​​ក៏​ត្រូវ​ជាប់​ពន្ធ​នា​គារ​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​

ប៉ុន្តែ​លោក​មិន​បោះ​បង់​ចោល​ការ​តស៊ូ​ជា​ដាច់​ខាត​។ លោក​ប្ដេជ្ញា​ថា​នឹង​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​តាម​ផ្លូវ​ច្បាប់​។ ជា​បន្ត​ទៅ​ទៀត​នេះ សភា​​នឹង​រុញ​សំណុំ​រឿង​នេះ​បន្ត​ទៅ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​សម្រេច​ថា​ត្រូវ​ដក​តំណែង​ជា​ស្ថា​ពរ​ ឬ​យ៉ាង​ណា​នៅ​ក្នុង​រង្វង់​៦​ខែ​ទៀត​។ បើ​ដក​តំណែង​ជា​ស្ថាពរ កូរ៉េ​ខាង​ត្បូង​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​​​ថ្មី​។ ​នៅ​សម័យ​អន្តរ​កាល​នេះ លោក​យូន​ស៊ុក​យូល​អាច​បន្ត​អង្គុយ​នៅ​ខុទ្ទ​កាល័យ​របស់​គាត់​ដដែល​។ គ្រាន់​តែ​ថា​គាត់​​គ្មាន​ភារកិច្ច និង​តួនាទី​អ្វី​ទាង​អស់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ