ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី អះអាងថារដ្ឋាភិបាលរុស្ស៊ីចាប់ផ្ដើមទទួលយកកងទ័ពកូរ៉េខាងជើងបន្ថែមទៀតដើម្បីដាក់ពង្រាយនៅលើទឹកដីរុស្ស៊ី និងដើម្បីប្រឡូកនៅក្នុងសង្គ្រាមអ៊ុយក្រែន។ នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកពូទីនដើម្បីធ្វើយ៉ាងណាវាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យអស់ពីតំបន់ខឺសមុនពេលលោកត្រាំស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
គិតទៅ រុស្ស៊ី និងកូរ៉េខាងជើងនៅមានពេលប្រហែលជាងមួយខែទៀតដែរ។ តំបន់ខឺសត្រូវកងទ័ពអ៊ុយក្រែនវាយឆ្មក់ចូលកាលពីខែសីហា និងចូលកាន់កាប់ទឹកដីនៅទីនោះជាច្រើនគីឡូម៉ែត្រការ៉េ។ ទោះបីរុស្ស៊ីវាយបណ្ដេញអ៊ុយក្រែនឱ្យថយក្រោយវិញ ប៉ុន្តែមិនទាន់ចាកចេញផុតពីទីនោះនៅឡើយទេ។ អ៊ុយក្រែនធ្វើដូច្នេះដើម្បីវាយហែកកម្លាំងរបស់រុស្ស៊ី និងដើម្បីកុំឱ្យរុស្ស៊ីវាយប្រហារខ្លាំងពេកទៅលើអ៊ុយក្រែនខាងកើត។
មុនដំបូង អ៊ុយក្រែនរំពឹងថារុស្ស៊ីអាចនឹងដកកម្លាំង១ផ្នែកចេញពីភាគខាងកើតដើម្បីទៅជួយរំដោះតំបន់ខឺស។ ប៉ុន្តែជាក់ស្ដែង រុស្ស៊ីរក្សាកម្លាំងទ័ពនៅទីនោះដដែល ហើយសុខចិត្តងាកទៅពឹងកម្លាំងទ័ពរបស់កូរ៉េខាងជើង។ លោកហ្សេឡិនស្គីថ្លែងថាថ្ងៃនេះ លោកទទួលបានរបាយការណ៍បឋមថារុស្ស៊ីចាប់ផ្ដើមប្រើប្រាស់កងទ័ពកូរ៉េខាងជើងជាបណ្ដើរៗនៅលើសមរភូមិ។
លោកថាកងទ័ពកូរ៉េខាងជើងដែលប្រឡូកនៅក្នុងសមរភូមិមានចំនួនច្រើនគួរសម។ រុស្ស៊ីដាក់បញ្ចូលពួកគេទៅក្នុងកងឯកភាពចម្រុះ និងបញ្ជូនពួកគេទៅសមរភូមិខឺស។ មេដឹកនាំអ៊ុយក្រែនរូបនេះចាត់ទុកវត្តមានរបស់កងទ័ពកូរ៉េខាងជើងទាំងនេះជាការពង្រីកសង្គ្រាមនេះឱ្យផ្ទុះឡើងកាន់តែខ្លាំង។ នៅសល់ជាង២ខែទៀត សង្គ្រាមនេះនឹងឈានដល់គម្រប់បីឆ្នាំហើយ។
លោកថ្លែងបន្តទៀតថាអ៊ុយក្រែននឹងចាត់វិធានការតាមគ្រប់មធ្យោបាយដើម្បីការពារខ្លួន។ ដូច្នេះមិនសំខាន់ថាកងទ័ពរុស្ស៊ី ឬកូរ៉េខាងជើងទេ ឱ្យតែត្រូវគីឡូគ្នាអ៊ុយក្រែនដាក់ហើយ។ មិនអាចយោគយល់គ្នានៅក្នុងបញ្ហាសង្គ្រាមនេះទេ។ កាលពីមុននេះ អ៊ុយក្រែន និងកូរ៉េខាងត្បូងប៉ាន់ស្មានថាចំនួនកងទ័ពកូរ៉េខាងជើងដែលបញ្ជូនទៅប្រទេសរុស្ស៊ីមានជាងមួយម៉ឺននាក់។
យោងតាមលោកហ្សេឡិនស្គី លោកពូទីនគ្មានបំណងបញ្ចប់សង្គ្រាមនៅក្នុងពេលឆាប់ៗនេះទេ។ លោកថាលោកពូទីនកំពុងរិះរកមធ្យោបាយពង្រីកសង្គ្រាម និងអូសបន្លាយសង្គ្រាមឱ្យបន្តឆាបឆេះកាន់តែយូរអង្វែងតទៅមុខទៀត។ ការថ្លែងដូច្នេះក៏ស្រដៀងគ្នានឹងអ្វីដែលលោកត្រាំទើបតែនិយាយកាលពីពេលថ្មីៗនេះដែរ។ លោកត្រាំថាភាគីអ៊ុយក្រែនឱ្យសញ្ញាថាខ្លួនចង់ចូលអង្គុយនៅតុចរចា។ ចំណែកខាងភាគីរុស្ស៊ីនៅរក្សាភាពស្ងៀមស្ងាត់។
ឆ្លៀតនៅក្នុងឱកាសនេះ លោកហ្សេឡិនស្គីសូមអំពាវនាវជាថ្មីម្ដងទៀតទៅសម្ព័ន្ធមិត្តបស្ចិមប្រទេសសូមជួយឧបត្ថម្ភ-គាំទ្របន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។ លោកថាលោកគ្រោងយកបញ្ហានេះទៅជជែកគ្នាជាមួយប្រទេសជាដៃគូនៅអឺរ៉ុបនៅសប្ដាហ៍ក្រោយ។ នៅថ្ងៃពុធខាងមុខនេះ លោកគ្រោងចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ប៉ូឡូញ, អង្គការណាតូ និងសហភាពអឺរ៉ុបនៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្សិក៕
ចែករំលែកព័តមាននេះ