ទីក្រុងសេអ៊ូល៖ បន្ទាប់ពីរដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតព្យួរតំណែងប្រធានាធិបតីរបស់លោកយូនស៊ុកយូលកាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងសេអ៊ូលប្រកាសត្រៀមខ្លួនធ្វើការជាមួយប្រធានាធិបតីស្ដីទី លោកហានដុកស៊ូ (Han Duck-soo)។ ប្រមុខការទូតអាមេរិកដែលកំពុងបំពេញបេសកកម្មនៅមជ្ឈិមបូព៌ាចាត់ទុកការដកតំណែងនេះជាសញ្ញាវិជ្ជមាន និងជាការបង្ហាញថាកូរ៉េខាងត្បូងប្រកាន់យករបបប្រជាធិបតេយ្យដ៏រឹងមាំរបស់ខ្លួន។
លោកសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ប្រធានាធិបតីស្ដីទី។ លោកប្លីងខិនថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសហ្សកដង់ (Jordan) ថាចំណុចសំខាន់បំផុតដែលលោកយល់ឃើញចំពោះប្រទេសកូរ៉េខាងត្បូងនៅត្រង់ថាប្រទេសនេះនៅតែប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំ។ យើងអាចសម្លឹងឃើញថាប្រទេសនេះអនុវត្តដោយសន្តិវិធីទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។
យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយលោកប្រធានាធិបតីហានដុកស៊ូនៅពេលលោកទទួលតំណែងជាប្រធានាធិបតីស្ដីទី។ ប្រមុខការទូតអាមេរិករូបនេះថ្លែងបន្តទៀតថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រជាជនកូរ៉េខាងត្បូង។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ព័ន្ធភាពដែកថែបរវាងប្រទេសយើងទាំង២ អាមេរិក និងកូរ៉េខាងត្បូង។
សូមរំលឹកថាអាមេរិកហាក់ដូចជាមិនពេញចិត្តនឹងចំណាត់ការរបស់លោកយូនស៊ុកយូលដែលប្រកាសច្បាប់អាជ្ញាសឹកកាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍មុននោះទេ។ ទីក្រុងវ៉ាស៊ីនតោនប្រើភាសាការទូតថាខ្លួនព្រួយបារម្ភអំពីបញ្ហានេះ និងសង្ឃឹមថាកូរ៉េខាងត្បូងអាចដោះស្រាយបញ្ហាខ្វែងគំនិតគ្នានៅក្នុងវិស័យនយោបាយផ្ទៃក្នុងជាតិដោយសន្តិវិធី និងស្របទៅតាមផ្លូវច្បាប់។
អាមេរិកកំពុងព្រួយបារម្ភចំពោះការប្រើច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង
ក្រោយប្រតិកម្មពីអាមេរិក និងក្រោយពេលរដ្ឋសភាបោះឆ្នោតជំទាស់នឹងច្បាប់អាជ្ញាសឹកតែបន្តិចប៉ុណ្ណោះ លោកយូនស៊ុកយូលប្រកាសកាត់រំសាយច្បាប់នោះចោលវិញ។ ក្រោយមក លោកថែមទាំងបានសូមអភ័យទោសចំពោះការធ្វើឱ្យមហាជនជាតិ និងអន្តរជាតិភ័យស្លន់ស្លោ។ ប៉ុន្តែលោកនៅតែគិតថានេះជាទង្វើត្រឹមត្រូវដដែល។ ឥឡូវនេះ អ្វីៗហាក់ដូចជាជ្រុលក្បាលក្រពើអស់ទៅហើយ។ បើទុកជាលោកចង់បង្វិលពេលវេលាឱ្យថយក្រោយវិញក៏មិនអាចទៅរួចដែរ។
លោកយូនស៊ុកយូលនៅពេលនេះហាក់ដូចជាស្ថិតនៅមុខកាំបិតដ៏មុតស្រួច។ បើលោកហ៊ានដើរខុសតែបន្តិចនឹងមានបញ្ហាធំ។ គេមិនត្រូវភ្លេចទេថាអ្នកចូលរួមនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹកនោះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ សុទ្ធតែមន្ត្រីគ្រាក់ៗ។ ឧទាហរណ៍ អតីតរដ្ឋមន្ត្រីការពារជាតិ, អតីតរដ្ឋមន្ត្រីមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិជាដើម។ បើតុលាការរកឃើញថាពួកគេ រួមទាំងលោកយូនស៊ុកយូលផង មានទោសក្បត់ជាតិដូចការចោទប្រកាន់មែន ពួកគេអាចនឹងត្រូវកាត់ទោសប្រហារជីវិត ឬយ៉ាងហោចណាស់ក៏ត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំផងដែរ។
ប៉ុន្តែលោកមិនបោះបង់ចោលការតស៊ូជាដាច់ខាត។ លោកប្ដេជ្ញាថានឹងតស៊ូរហូតដល់ដំណាក់កាលចុងក្រោយទៅតាមផ្លូវច្បាប់។ ជាបន្តទៅទៀតនេះ សភានឹងរុញសំណុំរឿងនេះបន្តទៅតុលាការធម្មនុញ្ញដើម្បីសម្រេចថាត្រូវដកតំណែងជាស្ថាពរ ឬយ៉ាងណានៅក្នុងរង្វង់៦ខែទៀត។ បើដកតំណែងជាស្ថាពរ កូរ៉េខាងត្បូងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នៅសម័យអន្តរកាលនេះ លោកយូនស៊ុកយូលអាចបន្តអង្គុយនៅខុទ្ទកាល័យរបស់គាត់ដដែល។ គ្រាន់តែថាគាត់គ្មានភារកិច្ច និងតួនាទីអ្វីទាងអស់៕
ចែករំលែកព័តមាននេះ