ទីក្រុងអ៊ីស្តាន់ប៊ូល៖ តួកគីអះអាងថាខ្លួនបានជំរុញឱ្យរុស្ស៊ី និងអ៊ីរ៉ង់មិនចាំបាច់ធ្វើអន្តរាគមន៍យោធានៅស៊ីរីនៅក្នុងដំណាក់កាលចុងក្រោយនៃការដួលរលំនៃរបបលោកអាល់អាសាតទេ។ នៅពេលនោះ ពួកឧទ្ទាមកំពុងវាយសម្រុកខ្លាំងចូលទីក្រុងដាម៉ាស់។ រដ្ឋមន្ត្រីការបរទេសតួកគីថ្លែងថាចំណុចសំខាន់បំផុតគឺត្រូវតែជជែកជាមួយរុស្ស៊ី និងអ៊ីរ៉ង់ដើម្បីធានាថាពួកគេនឹងមិនលូកដៃផ្នែកយោធាចូលក្នុងបញ្ហានេះទេ។
យើងបានជួបពួកគេ ហើយពួកគេក៏យល់ស្របត្រង់ចំណុចនេះផងដែរ។ ប្រមុខការទូតតួកគីរូបនេះថ្លែងបន្តទៀតថាបើម៉ូស្គូ និងតេអេរ៉ង់បន្តលូកដៃដូចដែលពួកគេធ្លាប់ធ្វើកាលពីសង្គ្រាមស៊ីវិលស៊ីរីផ្ទុះឡើងដំបូងកាលពីឆ្នាំ២០១១នោះ ប្រហែលជាពួកឧទ្ទាមមិនអាចវាយប្រហារចូលទីក្រុងដាម៉ាស់យ៉ាងឆាប់រហ័សដោយគ្មានការប្រទាំងប្រទើសអ្វីទាំងអស់ពីកងទ័ពរដ្ឋាភិបាលស៊ីរី។
លោកចង់មានន័យថាពួកឧទ្ទាមនៅតែមានក្រឡាឈ្នះសង្គ្រាមនេះតែដដែលទេ។ គ្រាន់តែថាវានឹងក្លាយជាសង្គ្រាមដ៏បង្ហូរឈាមដែលត្រូវការពេលវេលាយូរអង្វែងតទៅមុខទៀតទម្រាំទទួលបានជ័យជម្នះទៅលើរបបអាល់អាសាត។ អ្វីដែលតួកគីចង់បានគឺព្យាយាមកាត់បន្ថយទំហំនៃការខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់មនុស្សទាំងកងទ័ព និងជនស៊ីវិល។
ដូច្នេះ តួកគីយល់ថាក្នុងនាមខ្លួនជាមេធំរបស់ពួកឧទ្ទាមត្រូវតែជជែកគ្នាជាមួយរុស្ស៊ី និងអ៊ីរ៉ង់ដែលជាមេធំរបស់លោកអាសាត។ តួកគីអះអាងថានៅពេលពួកឧទ្ទាមចាប់ផ្ដើមវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃទី២៧ ខែវិច្ឆិកានោះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ និងតេអេរ៉ង់ប្រុងជួយអាល់អាសាតផ្នែកយោធាដែរដើម្បីវាយរុញច្រានពួកឧទ្ទាមត្រឡប់ថយក្រោយវិញ។
ប៉ុន្តែចំណុចស្លាប់-រស់របស់លោកអាល់អាសាតនៅត្រង់ថា «បើចង់ឱ្យព្រះជួយទាល់តែជួយខ្លួនឯងជាមុនសិន»។ ទោះបីរុស្ស៊ី និងអ៊ីរ៉ង់មានចិត្តចង់ជួយយ៉ាងណាក្ដី បើកងទ័ពស៊ីរីមិនអាចពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងក្លាដើម្បីទប់ស្កាត់ចលនាវាយសម្រុកទៅមុខរបស់ពួកឧទ្ទាមបានទេ ធ្វើម្ដេចនឹងប្រទេសទាំង២ជួយកើត? ពួកឧទ្ទាមចូលគ្រប់គ្រងខេត្ត-ក្រុងជាច្រើនត្រឹមតែ១ប៉ប្រិចភ្នែកធ្វើឱ្យអ្នកដែលចង់ជួយក៏បាក់ទឹកចិត្ត និងអស់សង្ឃឹមផងដែរ។ នេះមិនទាន់គិតទៅដល់រុស្ស៊ីដែលកំពុងពិបាកខ្លួនឯងដែរដោយសារជាប់ដៃនៅក្នុងសង្គ្រាមអ៊ុយក្រែន។
ចំណែកអ៊ីរ៉ង់ក៏ត្រូវការការពារសន្តិសុខជាតិរបស់ខ្លួនឯងផងដែរ។ អ៊ីរ៉ង់ចង់គិតទៅដល់កូនចៅដែលជិតស្និទ្ធខ្លាំងដូចជាក្រុមហេសបូឡានៅលីបង់, ក្រុមហាម៉ាស់នៅហ្កាហ្សា និងក្រុមហ៊ូទីនៅយេម៉ែន។ នៅក្នុងស្ថានភាពនេះ អ៊ីរ៉ង់ និងរុស្ស៊ីយល់ថាពួកគេកំពុងតែទឹកលិចដល់ច្រមុះរៀងៗខ្លួនហើយ។ មិនដឹងនរណាជួយនរណាទេពេលនេះ។ ដូច្នេះមានតែបណ្ដោយលោកអាល់អាសាតរស់នៅតាមយថាកម្មទៅចុះ។ រដ្ឋមន្ត្រីការបរទេសតួកគីថ្លែងថាហ្គេមនយោបាយនេះបានឈានដល់ទីបញ្ចប់ហើយ ហើយក៏គ្មានប្រទេសណាត្រូវការរវីរវល់ជាមួយលោកអាល់អាសាតតទៅទៀតដែរ៕
ចែករំលែកព័តមាននេះ