ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

20 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

បើ​តាម​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​សន្តិសុខ​ថា មាន​ករណី​លក់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​គ្រឿងញៀន នៅ​ចំណុច​អគារ​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ក្រោយ​ទទួល​បាន​ព​ត៌​មាន​នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខាំ​ភី ចាំ​លាង ហៅ ឃី​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ថៃ ព្រមទាំង​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ រក​ឃើញ​មាន​វត្ថុ​តាង​គ្រឿងញៀន ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ក្រហម​ក្បឿង (WY) ចំនួន​១៧​ថង់​កិប ស្មើនឹង​១៧០​គ្រាប់ ទម្ងន់​២៥,០៣​ក្រាម​, ទូរ​សព្ទ ចំនួន​០៥​គ្រឿង ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​តាម​នីតិវិធី​។ និង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល​វិជ្ជមាន​(+) ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​គ្រឿងញៀន​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ