ខេត្តព្រះសីហនុ ៖ កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីលួចសត្វក្របី ចំនួន០៣ក្បាល នៅចំណុចភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលារួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានវត្ថុតាង មានសត្វក្របី ចំនួន០៣ក្បាល និងរថយន្ត ចំនួន០៣គ្រឿង ។
ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី និងស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ ។
ក្នុងនោះដែរ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ក៏បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ ដែលបានខិតខំធ្វើការស្រាវជ្រាវធ្វើការបង្ក្រាបទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ