ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស មិនមែន​ជួយ​បាន​តែ​ជន​រង​គ្រោះ​ម្នាក់ តែ​ជា​ការ​ជួយសង្គ្រោះ​ជាតិ​និង​សាកលលោក

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ទប់ស្កាត់ ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មិន​ត្រឹមតែ​អាច​ជួយ​ដល់​បុគ្គល ឬ​ជន​រង​គ្រោះ​តែ​មួយ​មុខ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ទប់ស្កាត់ ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មិន​ត្រឹមតែ​អាច​ជួយ​ដល់​បុគ្គល ឬ​ជន​រង​គ្រោះ​តែ​មួយ​មុខ​នោះ​ទេ តែ​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជាតិ និង​បាន​រួមចំណែក​នៅ​ក្នុង​ការ​កាត់​បន្ថយ និង​ទប់ស្កាត់​នៃ​បណ្តាញ​ជួញដូរ​មនុស្ស​ពិភពលោក​ផង​ដែរ ។

ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ ឆ្នាំ​២០២៤ លើក​ទី​១៨ ក្រោម​ប្រធានបទ «​កម្ពុជា​ប្រឆាំង​ដាច់ខាត​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​គ្រប់​មធ្យោបាយ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​» នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា​៖ «​ការ​ជួញដូរ​មនុស្ស ទប់ស្កាត់​មិនមែន​គ្រាន់តែ​ធ្វើ ដើម្បី​បុគ្គល​ឬ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទេ ប៉ុន្តែ​ជួយ​សង្គ្រោះ​ជាតិ​របស់​យើង ហើយ​ក៏​រួមចំណែក នៅ​ក្នុង​ការ​កាត់​បន្ថយ​ទប់ស្កាត់​នៃ​បណ្តាញ​ជួញដូរ​មនុស្ស​ពិភពលោក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​លើ​សកលលោក​»​។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា កម្ពុជា​មិន​អាច​លូក​ទៅ​ធ្វើការ​ជំនួស​ប្រទេស​ណា​ផ្សេង​ទេ ប៉ុន្តែ​កម្ពុជា ធ្វើការ​គ្រប់គ្រង​នៅ​ក្នុង​ប្រទេស​របស់​យើង គឺ​នឹង​ចូលរួម​ចំណែក នៅ​ក្នុង​ការ​កាត់​បន្ថយ ព្រោះ​វា​ជា​បណ្តាញ​ពាក់ព័ន្ធ​គ្នា​ជា​បណ្តាញ​អន្តរជាតិ​» ។

ក្នុង​នោះ សម្តេច​បវរ​ធិ​បតី​ក៏​បាន​បញ្ជាក់​ថា រឿង​នេះ មិនមែន​ជា​រឿង​កម្ពុជា​ម្នាក់ឯង​នោះ​ទេ គ្រប់យ៉ាង​ត្រូវការ​កិច្ចសហការ​គ្នា​បន្ត​ទៀត ព្រោះ​ជា​កិច្ចការ​ដែល​ត្រូវការ​ឆ្លងកាត់​ព្រំដែន​។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​អំពាវនាវ​បណ្ដា​ប្រទេស​នានា បន្ដ​កិច្ចសហការ​ដោយ​ភាព​ស្មោះត្រង់ ក្នុង​ឆ​ន្ទះ​ដោះស្រាយ​ពិតប្រាកដ ដែល​ប៉ះពាល់​សុវត្ថិភាព​ប្រជាជន​នៃ​ប្រទេស​នីមួយ​ៗ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ថ្លែង​ថា ការ​យល់​ឃើញ​មិន​សម​ស្របគ្នា​រវាង​ប្រទេស​ពាក់ព័ន្ធ ទៅ​នឹង​បទល្មើស​ការ​ផ្សព្វផ្សាយ​បំ​ភ្លើ​ស​ពី​ការ​ពិត ឬ​ការ​បញ្ចេញ​ព័ត៌មាន​ដោយ​មិន​ការ​គ្រប់គ្រង​ត្រឹមត្រូវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ក​ត្តិ​យស​របស់​កម្ពុជា តែ​ក៏​ជា​ការ​បង្ក​លក្ខណៈ​ឱ្យ​ជនល្មើស និង​បណ្ដាញ​មានឱកាស​រៀបចំ​វិធីសាស្ដ្រ​គេចខ្លួន​ពី​អន្ទាក់​របស់​សមត្ថកិច្ច និង​រិះរក​វិធីសាស្ដ្រ​ថ្មី​ៗ ដើម្បី​ប្រព្រឹត្តិ​បទល្មើស​បន្ដ​ទៀត​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ដែល​មានការ​ពាក់ព័ន្ធ សូម​បន្ដ​កិច្ចសហការ​ដោយ​ភាព​ស្មោះត្រង់ ក្នុង​ឆ​ន្ទះ​ដោះស្រាយ​ពិតប្រាកដ ដែល​ប៉ះពាល់​សុវត្ថិភាព​ប្រជាជន នៃ​ប្រទេស​នីមួយ​ៗ គប្បី​ពិនិត្យ​ស្ថានភាព និង​ការ​វាយតម្លៃ​ឡើង​វិញ ឱ្យ​បាន​ត្រឹមត្រូវ ហើយ​បន្ដ​សហការ​គ្នា ក្នុង​ការ​ដោះស្រាយ​ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​មិន​គ្រាន់តែ​ផ្សព្វផ្សាយ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​គ្រឹះ​ត្រឹមត្រូវ​នោះ​ទេ​» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​បន្ដ​ថា សូមកុំ​ភ្លេច​ថា មេ​ឧក្រិដ្ឋជន មាន​កលល្បិច​ខ្ពស់ ពិតជា​មិន​មាន​បង្ហាញ​វត្តមាន ឬ​មួយ​ខ្លួន​នៅ​កម្ពុជា ដែល​ជា​កន្លែង​ធ្វើ​សកម្មភាព​បទល្មើស​នោះ​ទេ ពោល​គឺ​ឧក្រិដ្ឋជន និង​បណ្ដាញ​មេខ្យល់ គឺ​សំងំ​ខ្លួន​នៅ​តាម​បណ្ដា​ប្រទេស​នានា ។ បណ្ដាញ​ឧក្រិដ្ឋជន មេខ្យល់ ដែល​នាំ​មនុស្ស​មក​ប្រព្រឹត្តិ​បទល្មើស ឬ​រង​គ្រោះ​នៅ​កម្ពុជា និង​បណ្ដាញ​ប្រទេស​មួយ​ចំនួន​ទៀត ក៏​អាច​កំពុង​សំងំ​ខ្លួន​ផង​ដែរ​។

លើស​ពី​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​បន្ថែម​ថា ដូច្នេះ ប្រទេស​ទាំងឡាយ​ត្រូវ​បន្ដ​ជួយ​គ្នា ក្នុង​ការ​បង្ការ​ទប់ស្កាត់​ស្វែងរក​បណ្ដាញ​ឧក្រិដ្ឋជន ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ដាក់ទោស​តាម​ច្បាប់ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កលល្បិច បទល្មើស និ​តិ​វិធី​ផ្សេង​ៗ ដើម្បី​ចូលរួម​ចំណែក​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ